ជាតិ
សេដ្ឋកិច្ច
ឱកាសជិតអស់ អឺរ៉ុប ឆ្លៀតប្រាប់កម្ពុជាថា អាចបាន EBA ទាំងស្រុងវិញ បើពង្រឹងសិទ្ធិស៊ីវិលនិងនយោបាយ
08, Jun 2020 , 11:40 am        
រូបភាព
ទីស្នាក់ការគណៈកម្មការអឺរ៉ុប ក្នុងទីក្រុងព្រុច​សែ​ល ប្រទេស​បែ​លហ្ស៊ិក (រូបពី AFP)
ទីស្នាក់ការគណៈកម្មការអឺរ៉ុប ក្នុងទីក្រុងព្រុច​សែ​ល ប្រទេស​បែ​លហ្ស៊ិក (រូបពី AFP)
គណៈកម្មការអឺរ៉ុប នៅតែបង្ហាញចេតនាមិនចង់ឲ្យកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ១ភាគ៣ ឬ២០ភាគរយ ខណៈពេលវេលាកាន់តែខើចមែនទែនទៅហើយ សម្រាប់កម្ពុជា ដែលនឹងត្រូវបាត់បង់វា



សារព័ត៌មាន Nikkei Asian Review របស់ជប៉ុន បានស្រង់សម្តីរបស់មន្រ្តីគណៈកម្មការអឺរ៉ុប តាមអ៊ីមែល ទៅចុះផ្សាយនៅពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«ផ្លូវរបស់កម្ពុជា ដើម្បីរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញ គឺការបង្ហាញឲ្យឃើញនូវដំណើរការគួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល (សិទ្ធិពលរដ្ឋ)»។

មន្រ្តីគណៈកម្មការអឺរ៉ុប ប្រាប់សារព័ត៌មាននេះទៀតថា៖«បើកម្ពុជា ធ្វើតាមការទាមទារនេះ  គណៈកម្មការអឺរ៉ុប អាចនឹងពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ខ្លួនកន្លងមក ហើយនឹងផ្តល់ការអនុគ្រោះពន្ធដូចដើម ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA»។

សារព័ត៌មានខាងលើ ពុំបានបញ្ចេញអត្តសញ្ញាណនៃមន្រ្តីគណៈកម្មការអឺរ៉ុប ដែលឆ្លើយឆ្លងជាមួយស្ថាប័នខ្លួន តាមអ៊ីមែលនោះ ថាជាអ្នកណានិងមានឋានៈអ្វីឡើយ។

សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជា តាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និង លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ ដោយសារលោកទាំង២ មិនលើកទូរស័ព្ទ។

យ៉ាងណា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ប្រកាសជំហរជាច្រើនដងរួចមកហើយថា នឹងមិនលន់តួ ទៅសុំ EBA ២០ភាគរយនោះ ពីគណៈកម្មការអឺរ៉ុបវិញឡើយ។ មេដឹកនាំកម្ពុជា បង្ហាញជំហររឹងមាំថា កម្ពុជា នឹងប្រឹងរស់ដោយខ្លួនឯង។ 

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចដក EBA ២០ភាគរយ ពីកម្ពុជា។ បើគ្មានអ្វីប្រែប្រួល សល់តែជាង២ខែទៀតប៉ុណ្ណោះ គឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សេចក្តីសម្រេចនេះ នឹងចូលជាធរមាន ហើយកម្ពុជា ត្រូវចាប់ផ្តើមបង់ពន្ធ លើមុខទំនិញ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។

គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ ឬ​ចំនួន​២០​ភាគរយ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់ខ្លាំង​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​។ 

កាលពីថ្ងៃទី២ ខែមិថុនា ស្ថាប័ន្ធក្រៅរដ្ឋាភិបាល៣ បានសរសេរលិខិតរួមគ្នា ដាក់ទៅភាគីអឺរ៉ុប ដើម្បីបង្ហាញក្តីបារម្ភថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរ អាចឈានដល់ចំណុចមួយ គឺក្បែរនឹងការដួលរលំ បើសេចក្តីសម្រេចស្តីពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ចេញពីកម្ពុជា ចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០ ស្របពេលវិស័យទាំងនេះ បានរងគ្រោះយ៉ាងដំណំ ដោយសារការរាលដាលជំងឺកូវីដ-១៩ស្រាប់ទៅហើយនោះ។

លិខិតនោះ ធ្វើឡើង ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ហើយផ្ញើជូនទៅបុគ្គលសំខាន់៣នាក់ គឺ អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប លោក David Maria Sassoli ប្រធានសភាសហភាពអឺរ៉ុប និង លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប។

ដោយក្តីបារម្ភបែបនេះ ស្ថាប័នក្រៅក្រៅរដ្ឋាភិបាលទាំង៣ ស្នើឲ្យគណៈកម្មការអឺរ៉ុប កុំអាលអនុវត្តការយកពន្ធលើទំនិញកម្ពុជា នៅខែសីហា ឆ្នាំ២០២០ ដោយសុំឲ្យពន្យារពេលអនុវត្តនៅខែសីហា ឆ្នាំ២០២១វិញ។ ការសុំឲ្យទុករយៈពេល១ឆ្នាំនេះ គឺដើម្បីឲ្យកម្ពុជា អាចស្តារ​វិស័យទាំងនេះឡើងវិញ។

មកដល់ចុងខែមិថុនា ឆ្នាំ២០២០នេះ ឥទ្ធិពលនៃជំងឺកូវីដ-១៩ ធ្វើឲ្យរោងចក្រ-សហគ្រាសជាង២៥០ហើយ នៅកម្ពុជា បានផ្អាកដំណើរការ និងធ្វើឲ្យកម្មករនិយោជិតជាង១៣ម៉ឺនាក់ ដែលភាគច្រើនជាស្ត្រី បាត់បង់ការងារ ហើយចំនួននៃការបាត់បង់ការងារនេះ ត្រូវគេសន្និដ្ឋានថា អាចបន្តកើនឡើងទៀត៕

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com