ពីនេះ ពីនោះ
ហេតុអ្វី​អ្នកបើក​ឡាន​ថ្លៃ​ខ្លះ ចុច «​ស៊ី​ផ្លេ​» ដេញ​គេ​ចេញពី​មុខ​ឡាន​ខ្លួនឯង ?
08, Jun 2020 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្អាក​រឿង​កូ​វីដ​-១៩ ក្លើ​សុធីរ និង​សំណាង ត្រឡប់មក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង​។ សុធីរ និយាយ​ទូល​ពិ​តទៅ​សំណាង ខឹង​រឿង​អ្នកបើក​ឡានធំៗ ថ្លៃៗ​មួយចំនួន​តូច បើកបរ​ឥត​សីលធម៌ ស៊ី​ផ្លេ​ដាក់​អ្នកធ្វើដំណើរ​ផ្សេងៗ​ទៀត​ឱ្យ​ចៀស​ចេញពី​គន្លង​ផ្លូវ​របស់ខ្លួន​។​
 
​សុធីរ​៖ មនុស្ស​ចេញ​ជិះ​ពេញ​ផ្លូវ​វិញ​ហើយ​អ្ហា​អើយ​! ដល់ពេល​ចង្អៀត​ណែន អ្នកបើកបរ​ឡាន​ថ្លៃ​ខ្លះ​ដែល​និយម ស៊ី​ផ្លេ ដេញ​គេ​ឱ្យចេញ​ឆ្ងាយ​ពី​ឡាន​ខ្លួនឯង​នោះ ចេញមក​ទៀតហើយ​។​
 
​សំណាង​៖ មិនមែន​ម្ចាស់​ឡាន​ទេ​។ ច្រើនតែ​ពួក chauffeur ទេ​។​
 
​សុធីរ​៖ ពេលខ្លះ គឺ​តៃកុង​ឡាន​មែន តែ​ម្ចាស់​ឡាន​អង្គុយ​នៅ​ពីក្រោយ​ដែរ​តើ​។ ម៉េច​មិន​ប្រាប់​តែ​កុង​ទៅ​? ព្រោះ​បើ​គេ​ជេរ គឺ​គេ​ជេរ​ម្ចាស់​ឡាន​ហើយ​។ បើ​គេ​ថត​លេខ​ឡាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក គឺ​ឡាន​របស់​អ្នក​អង្គុយ​ក្រោយ​នោះ​ហើយ​។ តែ​អញ​ថា ម្ចាស់​ឡាន​ខ្លះ បើកបរ​ផ្ទាល់​ខ្លួនឯង ក៏​អត់​សូវ​គិត​ដែរ​។ ដូច​ផ្លូវ​ហ្នឹង គាត់​បង់ពន្ធ​ជិះ​ម្នាក់ឯង​អីចឹង​។​
 
​សំណាង​៖ អញ​មិន​កាន់ជើង អ្នកបើកបរ​ឥត​សីលធម៌​ហ្នឹង​ទេ​។ ចុច​ស៊ី​ផ្លេ ឱ្យគេ​ចៀស​ពី​គន្លង​ខ្លួនឯង ពិសេស​ពេល​ស្ទះផ្លូវ​ផង គឺ​មិនត្រូវ​ទេ​។ ប៉ុន្តែ អញ​ក៏​ទើស​ចិត្តនឹង​អ្នកបើកបរ​ចុច​ទូរ​សព្ទ និយាយ​ទូរ​សព្ទ​រំភើយ ហើយ​នៅ​ពីមពើម​កណ្តាល​ថ្នល់​ហ្នឹង​ដែរ​។ មិនដឹង​អង្កាល់ណា វា​អស់ អា​ធុន​ហ្នឹង​?
 
​សុធីរ​៖ យី អានេះ​! និយាយ​ចុះ និយាយ​ឡើង ខឹង​ខ្លាំង​ជាង​អញ​ទៀត​? 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com