COVID-19
អន្តរជាតិ
COVID-19 ទូទាំង​ពិភពលោក​មាន​ជាង​៧​លាន​ករណី ដោយ​ជាង​២​លាន​ករណី​នៅ​អាមេរិក​
08, Jun 2020 , 11:07 am        
រូបភាព
ផែនទីពិភពលោក ដែលកំណត់ពីករណី COVID-19។ រូបភាព៖Bing
ផែនទីពិភពលោក ដែលកំណត់ពីករណី COVID-19។ រូបភាព៖Bing
​ពិភពលោក បាន​កើន​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ដល់​ជាង ៧​លាន​ករណី​ហើយ ខណៈពេល​អាមេរិក ដែល​ឈរ​នៅ​តារាង​ទីមួយ នៃ​ប្រទេស​មាន​ករណី​COVID-19 ច្រើនជាងគេ​នោះ បាន​កើន​ដល់​ជាង ២​លាន​ករណី​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer ថ្ងៃទី​៨ ខែមិថុនា​។

 
​ករណី​ឆ្លង​COVID-19 សរុប​នៅលើ​ពិភពលោក បាន​កើន​ដល់ ៧០៨៦០០៨​ករណី អ្នកស្លាប់​មាន​ចំនួន ៤០៦១០៧​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៤៥៩៩៧២​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា​។​
 
​ជាង​រយៈពេល ៦​ខែ​ហើយ​ក្រោយ​ការ​ផ្ទុះឡើង​នៅ​ចិន ស្ថានភាព COVID-19 ហាក់​មាន​ភាព​ធូរស្រាល ឬ​ករណី​ឆ្លង​តិច​នៅ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប អាស៊ីអាគ្នេយ៍​។ ប៉ុន្តែ​តំបន់​ផ្សេងទៀត ដូចជា​អាមេរិក អាមេរិក​ខាងត្បូង គឺមាន​ការកើនឡើង​ខ្ពស់​។ ប្រទេស​ដែល​កើនឡើង​ច្រើនជាងគេ ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ប្រេ​ស៊ី​ល ដែលមាន​អ្នក​ឆ្លង​ក្នុង​មួយថ្ងៃ​រហូតដល់ ជាង ២​ម៉ឺន​ករណី ហើយ​ថ្ងៃ​ខ្លះ​មាន​ដល់ ៣​ម៉ឺន​ករណី ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែមិថុនា ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជិត ២​ម៉ឺន​ករណី​។ 
 
​ក្នុងពេល​ជាមួយគ្នា នៅ​អាមេរិក​ឯណោះ​វិញ អាជ្ញាធរ​សុខាភិបាល​របស់ខ្លួន បាន​រាយការណ៍​ថា ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប គឺ​បាន​កើនឡើង​ដល់​ជាង ២​លាន​ករណី​ហើយ​។ រដ្ឋ​ញូវយ៉ក នៅតែមាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ចំនួន​ជាង ៣០​ម៉ឺន​ករណី បន្ទាប់មក​គឺ​រដ្ឋ New Jersey និង California មាន​ចំនួន​ជាង ១០​ម៉ឺន​ករណី​។ 
 
​ដោយឡែក​នៅ​តំបន់​អាស៊ី​វិញ ឥណ្ឌា ក៏បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ច្រើន​ដែរ​។ ដោយនៅ​ថ្ងៃទី​៧ ខែមិថុនា ឥណ្ឌា មាន​ចំនួន​អ្នក​ឆ្លង​រហូតដល់ ជាង​១​ម៉ឺន​ករណី​។ ចំនួន​ឆ្លង​ដ៏​ច្រើន ក្នុង​មួយថ្ងៃៗ​បែបនេះ បានធ្វើ​ឲ្យ ឥណ្ឌា ឈរ​នៅ​លំដាប់​ទី​៦ នៃ​ប្រទេស​មាន COVID-19 ច្រើនជាងគេ​។ តួលេខ​ឆ្លង​របស់​ឥណ្ឌា​មាន​ចំនួន ជាង ២៥​ម៉ឺន​ករណី​។ 
 
​ចំណែក​នៅ​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​វិញ អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ បារាំង គឺមាន​ករណី​ឆ្លង​ថយចុះ​យ៉ាងខ្លាំង ពោលគឺ​មាន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​តិចជាង ៤០០​ករណី​។ ចំណែក​អង់គ្លេស​វិញ មាន​ចំនួន​ករណី​ឆ្លង ជាង ១០០០​ករណី​ក្នុង​មួយថ្ងៃ​។ 
 
​ដោយឡែក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ ចំនួន​ឆ្លង​ក្នុងប្រទេស​នីមួយៗ គឺមាន​ការធ្លាក់ចុះ​ជា​លំដាប់​។ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី បាន​រាយការណ៍​ករណី​ឆ្លង​ច្រើនជាងគេ​ក្នុង​មួយថ្ងៃៗ​។ ប្រទេស​ទាំង​៣ មាន​ចំនួន អ្នក​ឆ្លង​លើសពី​៣០០​ករណី​ក្នុង​មួយថ្ងៃ​៕ 
 
 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com