COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Sterling៖ បាតុកម្ម​រក​យុត្តិធម៌​ឲ្យ George Floyd ដូច​រក​វ៉ាក់សាំង COVID-19 ដែរ​
08, Jun 2020 , 11:52 am        
រូបភាព
Raheem Sterling ខ្សែបម្រើ​ក្រុម Manchester City គាំទ្រ​ពេញទំហឹង​ជុំវិញ​ការតវ៉ា​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ ក្រោយ​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ George Floyd​។ សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ចាត់ទុកថា​ការរើសអើង​ជាតិ​សាសន៍​ជា​«​ជំងឺ​»​ដ៏​សាហាវ​នាពេល​បច្ចុប្បន្ន ដូចគ្នា​នឹង COVID-19 ដែរ​។​


​បាតុកម្មហិង្សា បាន​កើតឡើង​ទូទាំង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី Floyd បាន​ស្លាប់​ដោយសារ​ស្នាដៃ​ប៉ូលិស​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា​កាលពី​ចុងខែ​ឧសភា​។ បាតុកម្ម រហូត​បង្ក​ទៅជា​កុបកម្ម​ដែល​បណ្តាល​ឲ្យ​ខូចខាត​សម្បត្តិ​រដ្ឋ និង​ឯកជន ដើម្បី​រក​យុត្តិធម៌​ឲ្យ​បុរស​វ័យ​៤៦​ឆ្នាំ ក៏មាន​ការចូលរួម​ពី​សំណាក់​កីឡាករ​បាល់ទាត់​ល្បីៗ​ផងដែរ​។​
 
Sterling បានចាត់ទុក​ការស្លាប់​របស់ Floyd ជាការ​រើសអើង​ជាតិ​សាសន៍ និង​គាំទ្រ​ឲ្យ​មាន​បាតុកម្ម​ដើម្បី​កម្ចាត់​ជំងឺ​សង្គម​មួយ​នេះ​។ Sterling បាន​ប្រាប់ BBC ក្នុង​បទ​សម្ភាស​មួយ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែមិថុនា​នេះ​ថា​៖«​ជំងឺ​តែមួយគត់​នៅពេលនេះ​គឺ​ការរើសអើង​ជាតិ​សាសន៍​ដែល​យើង​កំពុង​ប្រយុទ្ធ​ជាមួយ​។ ហើយ​ជំងឺ​រើសអើង​នេះ ដូចគ្នា​នឹង​ជំងឺ​រាតត្បាត COVID-19 ដែរ ដែល​យើង​ចង់រក​ដំណោះស្រាយ (​វ៉ាក់សាំង​) ដើម្បី​បញ្ឈប់​វា​»​។​
 
​ខ្សែបម្រើ​ឆ្មើ​ម​សញ្ជាតិ​អង់គ្លេស វ័យ​២៥​ឆ្នាំ​បន្ថែមថា អ្នក​បាតុកម្ម​កំពុង​តវ៉ា​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ពួកគេ​កំពុង​ព្យាយាម​រក​ដំណោះស្រាយ និង​មធ្យោបាយ​ដើម្បី​បញ្ឈប់​ភាពអយុត្តិធម៌​ដែល​ពួកគេ​កំពុង​ឃើញ​ហើយ​ពួកគេ​កំពុង​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ជាតិ​សាសន៍​របស់​ពួកគេ​។ ប៉ុន្តែ​យ៉ាងណា អតីត​សមាជិក​ក្រុម Liverpool រូបនេះ ចង់​ឲ្យ​មានការ​តវ៉ា​ដោយ​សន្តិវិធី និង​ដោយ​សុវត្ថិភាព​ដោយ​មិន​ធ្វើ​ឲ្យ​នរណាម្នាក់​ឈឺចាប់ និង​ខូចខាត​ទ្រព្យ​ឡើយ​។​
 
​ក្រៅពី​នៅ​អាមេរិក មនុស្ស​រាប់ពាន់នាក់​ក៏បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ក្រុង​ឡុង​ដ៍ និង​ក្រុង​នានា​នៅ​អង់គ្លេស​ជុំវិញ​ការស្លាប់​របស់ George Floyd ដែរ​។ Sterling ពិតជា​យល់​អារម្មណ៍​នៃ​ការឈឺចាប់​តាមរយៈ​ការរើសអើង​ពី​អ្នកដទៃ ដ្បិត​រូបគេ​ធ្លាប់​ទទួលរង​អំពើ​នេះ​ជា​ញឹកញាប់ ពិសេស​អំឡុងពេល​ប្រកួត​ក្នុង​ទីលាន​បាល់ទាត់​។​
 
​ក្នុង​បទ​សម្ភាស​នោះ Sterling ត្រូវបាន​អ្នកសម្របសម្រួល​សួរថា តើ​ការនិយាយ​ចេញមក​បែបនេះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​បាល់ទាត់​របស់គេ​ឬទេ​? Sterling ឆ្លើយថា​អ្វីដែល​សំខាន់បំផុត​ដំបូង​គេ គឺ​រូបគេ​លែង​គិតពី​ការងារ​ទៀតហើយ​នៅពេល​មានរឿង​បែបនេះ​កើតឡើង​។ Sterling បន្ថែមថា​៖«​ខ្ញុំ​គិត​អំពី​អ្វីដែល​ត្រូវ​ប៉ុណ្ណោះ​»៕

Tag:
 Raheem Sterling
  COVID-19
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com