ម្ចាស់​ក្រុមហ៊ុន និង​អ្នកជំនួញ​យានយន្ត​ជាង​៥០​នាក់ ស្ថិតក្នុង​បញ្ជី Billionaires
រថយន្ត
អន្តរជាតិ
ម្ចាស់​ក្រុមហ៊ុន និង​អ្នកជំនួញ​យានយន្ត​ជាង​៥០​នាក់ ស្ថិតក្នុង​បញ្ជី Billionaires
08, Jun 2020 , 7:39 pm        
រូបភាព
លោក Elon Musk ស្ថាបនិក និងជាអគ្គនាយក Tesla Motors, SpaceX ជាមហាសេដ្ឋីផ្នែកយានយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ រូបថត AP
លោក Elon Musk ស្ថាបនិក និងជាអគ្គនាយក Tesla Motors, SpaceX ជាមហាសេដ្ឋីផ្នែកយានយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ រូបថត AP
ដោយ: ធីតា
​ក្នុង​បញ្ជី World’s Billionaires List របស់​ទស្សនា​វ​ដ្តី Forbes ប្រចាំឆ្នាំ​២០២០ ម្ចាស់​ក្រុមហ៊ុន​យានយន្ត និង​អ្នកជំនួញ​ពាក់ព័ន្ធ​នឹង​វិស័យ​យានយន្ត​ដល់​ទៅ​ជាង​៥០​នាក់់ ស្ថិត​ក្នុងចំណោម​មហាសេដ្ឋី​ពាន់​លាន (Billionaires) សរុប​២០៩៥​នាក់​។ ខណៈ​មហាសេដ្ឋី​បច្ចេកវិទ្យា លោក Jeff Bezos ម្ចាស់​ក្រុមហ៊ុន Amazon ឈរ​លំដាប់​ខ្ពស់​ជាងគេ​លើ​លោក​ជាមួយនឹង​ទ្រព្យសម្បត្តិ ១១៣​ពាន់​លាន​ដុល្លារ​អាមេរិក រីឯ​លោក Bill Gates ម្ចាស់​ក្រុមហ៊ុន Microsoft ស្ថិតនៅ​លេខ​២ ជាមួយនឹង​ទ្រព្យសម្បត្តិ​៩៨​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ លោក Elon Musk ស្ថាបនិក និង​ជា​អគ្គនាយក Tesla Motors, SpaceX ជា​មហាសេដ្ឋី​ផ្នែក​យានយន្ត​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​។​

 
​អាយុ​៤៩​ឆ្នាំ លោក Elon Musk ដែលជា​វិស្វករ និង​អ្នក​បច្ចេកវិទ្យា ជាពិសេស​ផ្នែក​យានយន្ត​នោះ មានទ្រព្យ​សម្បត្តិ ៣៨.៨​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ឈរ​ក្នុង​ចំណាត់ថ្នាក់​ទី​៣១​លើ​ពិភពលោក​។ មហាសេដ្ឋី​ដែល​កើត​នៅ​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង​រូបនេះ ក៏មាន​សញ្ជាតិ​កាណាដា និង​អាមេរិក ផងដែរ​។ អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​បន្ទាប់ពី​លោក Musk នោះ​គឺ លោកស្រី Susanne Klatten (​អាល្លឺម៉ង់​) អាយុ​៥៨​ឆ្នាំ ក្រុមហ៊ុន BMW, ឱសថ​សាស្ត្រ ទ្រព្យ​២១.៩​ពាន់​លាន​ដុល្លារ និង​លោក Stefan Quandt (​អាល្លឺម៉ង់​) អាយុ​៥៤​ឆ្នាំ ក្រុមហ៊ុន BMW ទ្រព្យ​១៦.៥​ពាន់​លាន​ដុល្លារ​។​
 
​លេខ​រៀង​បន្តបន្ទាប់​រួមមាន លោក Li Shufu (​ចិន​) អាយុ​៥៧​ឆ្នាំ ក្រុមហ៊ុន Zhejiang Geely Holding Group Co. Ltd. និង Volvo ទ្រព្យ​១៣​ពាន់​ដុល្លារ​, លោក Shahid Khan (​អាមេរិក​ដើមកំណើត​ប៉ា​គី​ស្ថាន​) អាយុ​៧០​ឆ្នាំ ក្រុមហ៊ុន Flex-N-Gate ទ្រព្យ​១១.៨​ពាន់​លាន​ដុល្លារ​, លោក Georg Schaeffler (​អាល្លឺម៉ង់​) អាយុ​៥៦​ឆ្នាំ ក្រុមហ៊ុន INA Holding Schaeffler GmbH & Co. KG ទ្រព្យ​១១.២​ពាន់​លាន​ដុល្លារ​, លោក Lu Zhongfang (​ចិន​) អាយុ​៧៨​ឆ្នាំ ក្រុមហ៊ុន Offcn Education Technology Co., Ltd., អតីត Yaxia Automobile Corporation ទ្រព្យ ៩.៨​ពាន់​លាន​ដុល្លារ​, លោក Ernest Garcia II (​អាមេរិក​) អាយុ​៦៣​ឆ្នាំ ក្រុមហ៊ុន DriveTime ទ្រព្យសម្បត្តិ ៧.៦​ពាន់​លាន​ដុល្លារ និង លោក Wang Chuanfu (​ចិន​) អាយុ​៥៤​ឆ្នាំ ក្រុមហ៊ុន BYD Company ទ្រព្យ​៥.២​ពាន់​លាន​ដុល្លារ​។​
 
​ក្រៅពីនេះ មាន​ជាង​៤០​នាក់​ទៀត ដែលមាន​ទ្រព្យសម្បត្តិ​ចន្លោះ​ពី​ជាង​១​ពាន់​លាន ដល់​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ថៃ មាន​លោកស្រី Somporn Juangroomgruangkit អាយុ​៦៩​ឆ្នាំ និង​លោក Phornthep Phornprapha អាយុ​៧២​ឆ្នាំ (​និង​ក្រុមគ្រួសារ​) ដែលមាន​ទ្រព្យសម្បត្តិ​១.២​ពាន់​លាន​ដុល្លារ​ដូចគ្នា​។ វៀតណាម មាន​លោក Tran Ba Duong អាយុ​៦០​ឆ្នាំ និង​គ្រួសារ ដែលមាន​ទ្រព្យ​១.៥​ពាន់​លាន​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com