COVID-19
អន្តរជាតិ
ទើប​បើក​១​សប្តាហ៍ ឆ្នេរសមុទ្រ​ថៃ​ល្បីឈ្មោះ Bang Saen ប្រឈម​បិទ​ជាថ្មី​
08, Jun 2020 , 3:45 pm        
រូបភាព
ឆ្នេរសមុទ្រ Bang Saen នៃខេត្ត​ឈុនបុរី ថៃ (កាសែតបាកកប៉ុស្តិ៍)
ឆ្នេរសមុទ្រ Bang Saen នៃខេត្ត​ឈុនបុរី ថៃ (កាសែតបាកកប៉ុស្តិ៍)
ដោយ:
អភិបាលស្រុក​មួយ​នៃ​ខេត្ត​ឈុន​បូរី បាន​ព្រមាន​ថា ឆ្នេរសមុទ្រ Bang Saen អាច​ប្រឈម​ការបិទ​ដំណើរការ​ម្ដងទៀត ប្រសិនបើ​អ្នកទេសចរ​បរាជ័យ​ក្នុងការ​គោរព​តាម​ចំណាត់ការ​សុវត្ថិភាព​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។

 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក​អភិបាលស្រុក Muang Saen Suk  Narongchai Khunplome បាន​ព្រមាន​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៧ ខែមិថុនា ថា បើ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ហើយ​មិនសូវ​យកចិត្តទុកដាក់​គោរព​គម្លាត​សុវត្ថិភាព រដ្ឋាភិបាល​ប្រហែល​ចេញ​បញ្ជា​បិទ​ឆ្នេរសមុទ្រ​នេះ​ម្ដងទៀត​។​
 
​ឆ្នេរសមុទ្រ​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ​មួយ​នេះ បានទទួល​បញ្ជា​ឲ្យ​បើកទទួល​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ជាថ្មី កាលពី​ថ្ងៃទី​១ ខែមិថុនា​។ យ៉ាងណាមិញ រដ្ឋាភិបាល​ថៃ​បានបង្ហាញ​ក្តីកង្វល់​ខ្លាំង​ជុំវិញ​លទ្ធភាព​រលក​ច​ម្ល​ង COVID-19 លើក​ទី​២ បើ​ពលរដ្ឋ​ពុំ​គោរព​វិធានការ​ការពារ​ខ្ជាប់ខ្ជួន​ទេនោះ​។ 
 
​លោក​អភិបាលស្រុក​នៃ​ខេត្ត​ឈុន​បុរី រូបនេះ បាន​ព្រមាន​បែបនេះ ក្រោយ​ឃើញ​មនុស្ស​កុះករ​សម្រុក​ទៅលេង​កម្សាន្ត​ឆ្នេះ​សមុទ្រ​នេះ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍ ដោយ​មនុស្ស​ច្រើន​ពុំ​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ​។ «​ប្រសិនបើ​អ្នកទេសចរ បន្ត​បំពាន​វិធាន​សុខភាព​បែបនេះ ការបិទ​ឆ្នេរសមុទ្រ​អាច​ត្រូវអនុវត្ត​ម្ដងទៀត​»​។ លោក​អះអាង​ដូច្នេះ​។​
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល នៅ​ថ្ងៃទី​៨ ខែមិថុនា បាន​រាយការណ៍​ករណី​ឆ្លង​COVID-19​ថ្មី ចំនួន​៧​នាក់ តែ​គ្មាន​អ្នកស្លាប់ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ៣១១៩​នាក់ ខណៈ​អ្នក​ស្លាប់មាន ៥៨​នាក់​។ ថៃ​មាន​ករណី COVID-19 ដំបូង​កាលពី​ខែមករា​។ ករណី​ឆ្លង​ថ្មី​គឺជា​ករណី​នាំចូល​។ យ៉ាងណា ថៃ​គ្មាន​ករណី​ឆ្លង COVID-19 ជា​សហគមន៍​២​សប្តាហ៍​មកហើយ​៕
 
 

Tag:
 ថៃ​
  COVID-19
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com