អន្តរជាតិ
ទី​ម័​រ ជំ​រុញឱ្យ​អ្នកវិនិយោគ​កម្ពុជា ទៅរក​ស៊ី​នៅ​ប្រទេស​ខ្លួន ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​
08, Jun 2020 , 9:19 pm        
រូបភាព
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ជួបសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ នាវិមានរដ្ឋសភា
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ជួបសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ នាវិមានរដ្ឋសភា
ភ្នំពេញ​៖ ទី​ម័​រ ជំ​រុញឱ្យ​អ្នកវិនិយោគ​កម្ពុជា ទៅ​បោះទុន​រកស៊ី​នៅ​ប្រទេស​ខ្លួន ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​។ លោក អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​ប្រចាំ​កម្ពុជា បានលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។​


​លោក អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស បាន​បញ្ជាក់ថា ទី​ម័​រ សម្បូរ​ធនធានធម្មជាតិ ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស​។ បើតាម​លោក អើ​ម៉ី​នី​ហ្គី​ដូ បច្ចុប្បន្ននេះ​អ្នកវិនិយោគ​នៅ​ទី​ម័​រ ភាគច្រើន​មកពី​ឥណ្ឌូណេស៊ី និង​សហរដ្ឋអាមេរិក រួមទាំង​ប្រទេស​ជាច្រើន​ទៀត ប៉ុន្តែ​មិនទាន់មាន​អ្នកវិនិយោគ​ពី​កម្ពុជា​នោះឡើយ​។​
 
​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ចង់ឃើញ​វត្តមាន​ធុរជន​កម្ពុជា​ទៅ​បណ្តាក់ទុន​នៅ​ទី​ម័​រ​ខាងកើត ក្នុងពេល​អនាគត​»​។​
 
​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​នេះ នៅមាន​ចំនួន​តិចតួច​នៅឡើយ ដែលមាន​ទំហំ​ពី​៣​ម៉ឺន ទៅ​៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើកលែង​ទិដ្ឋាការ លើ​លិខិតឆ្លងដែន ។ ចំណែក​សភាពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទាក់ទង​ទៅ​និង​ការពង្រីក​វិស័យ​ទេសចរណ៍​ផងដែរ​។​
 
​កាលពីពេល​ថ្មីៗ ទី​ម័​រ​ក៏បាន​ស្នើសុំ​ទិញ​អង្ករ​ពី​កម្ពុជា ដែល​គិត​ជាង​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​ផងដែរ​។​ប្រទេស ទី​ម័​រ​ខាងកើត មិន​ធ្លាប់​ទិញ​អង្ករ​ពី​កម្ពុជា​ទេ នាពេល​កន្លងមក​។ នេះ​បើតាម​របាយការណ៍​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​
 
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។​សម្ដេច ក៏​ជំ​រុញឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​ខ្លាំងក្លា​ថែមទៀត​លើ​វិស័យ ទេសចរណ៍ កសិកម្ម និង​ធនធានមនុស្ស ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង ។​
 
​សូមបញ្ជាក់ថា ប្រទេស​ទី​ម័​រ បានដាក់​បេក្ខភាព​ជា​សមាជិក​អាស៊ាន​តាំងពី​ឆ្នាំ​២០១១ មក ។​ថ្នាក់ដឹកនាំ​អាស៊ាន បានសម្រេច​ឲ្យ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ប្រជុំ​ពិនិត្យ​បេក្ខភាព​ប្រទេស​នេះ​។​
 
​កន្លងមក​កម្ពុជា បាន​គាំទ្រ​រដ្ឋសភា​ទី​ម័​រ​ខាងកើត ជា​ប្រទេស​សង្កេតការណ៍​របស់​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) ជាពិសេស​គាំទ្រ​រដ្ឋសភា​ទី​ម័​រ​ជា​សមាជិក​ពេញ​សិទ្ធ​ទី​១១ របស់​អាយ​ប៉ា និង អាស៊ាន នៅ​ថ្ងៃ​អនាគត ទៀតផង​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​៕
 
 

Tag:
 ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com