សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំពិភាក្សាផែនការពង្រឹងសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាជន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយគណៈមជ្ឈិមបក្សពលករកូរ៉េដែលបញ្ចប់នៅថ្ងៃទី៧ ខែមិថុនា។ រូបភាព KCNA
× មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយគណៈមជ្ឈិមបក្សពលករ ដែលបានលើកយកផែនការសេដ្ឋកិច្ចមកពិភាក្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី៨ ខែមិថុនា។ ប្រធានបទពីរសំខាន់មានការពង្រឹងសេដ្ឋកិច្ចដោយផ្តោតលើពង្រីករោងចក្រផលិតជីកសិកម្មរបស់ប្រទេស និងការលើកស្ទួយជីវភាពពលរដ្ឋ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចុះផ្សាយថា ជំនួបរយៈពេលពីរថ្ងៃដែលចាប់ផ្ដើមនៅថ្ងៃទី៦ និងបញ្ចប់វិញនៅថ្ងៃទី៧ ខែមិថុនា បានពិភាក្សាបញ្ហាចម្បងស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដែលអាចរស់ដោយខ្លួនឯង (self-sufficient economy) និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកូរ៉េខាងជើង។
ជំនួបការិយាល័យនយោបាយដ៏មានឥទ្ធិពលនៃបក្សកម្មុយនីស្តនេះ កើតឡើងចំពេលភាពមិនច្បាស់លាស់សេដ្ឋកិច្ចក្នុងបរិយាកាសជំងឺរាតត្បាតសកល COVID-19 ដែលដាក់គំនាបបន្ថែមលើសេដ្ឋកិច្ចកូរ៉េខាងជើង។ សេដ្ឋកិច្ចកូរ៉េខាងជើង ក៏កំពុងរងគ្រោះស្រាប់ហើយពីទណ្ឌកម្មអន្តរជាតិជុំវិញរឿងអាវុធនុយក្លេអ៊ែរ។
ប្រភពព័ត៌មានដដែល បញ្ជាក់ទៀតថា ជំនួបនេះ បានសង្កត់ធ្ងន់ម្ដងទៀតថា ឧស្សាហកម្មគីមី គឺជាស្នូលដ៏សំខាន់ជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន សង្កត់ធ្ងន់ពីតម្រូវក្នុងការផ្ដល់អាទិភាពខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិតថ្នាំជីកសិកម្ម (fertilizer) ។
ម្យ៉ាងវិញទៀត លោក គីម ក៏បានលើកឡើងពីការសាងសង់លំនៅដ្ឋានប្រជាជន ដែលលោកចាត់ទុកជាវិធីសាស្ត្រមួយក្នុងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ «លើកឡើងលម្អិតជុំវិញបញ្ហាដែលត្រូវដោះស្រាយបន្ទាន់ដើម្បីធានាលក្ខខណ្ឌរស់នៅរបស់ប្រជាជនក្នុងទីក្រុង មេដឹកនាំកំពូល បានសង្កត់ធ្ងន់ឲ្យដាក់ចេញវិធានការរដ្ឋចាំាបាច់ដើម្បីជំរុញជីវភាពពលរដ្ឋ រួមមាន ការសាងសង់ផ្ទះសម្បែងជាដើម»។ KCNA រាយការណ៍បែបនេះ។
សូមរំឭកដែរថា ជាច្រើនសប្តាហ៍ក្រោយលេចធ្លាយព័ត៌មានពាក់ព័ន្ធបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំរូបនេះបានមានវត្តមាននៅពិធីសម្ពាធរោងចក្រផលិតជីកសិកម្មមួយកន្លែង កាលពីថ្ងៃទី១ ឧសភា៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com