ជាតិ
បញ្ហា​កូ​វីដ ធ្វើឱ្យ​ខេត្តបន្ទាយមានជ័យ មាន​ផ្សារ​បន្លែ​សុវត្ថិភាព​នៅ​កណ្តាល​ក្រុង​សេរី​សោភ័ណ​
08, Jun 2020 , 11:19 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២០
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២០
ភ្នំពេញ​៖  អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កំពុង​រៀបចំ​បង្កើត​ផ្សារ​កសិផល​សុវត្ថិភាព នៅ​ចំ​កណ្តាល​ក្រុង​សេរី​ភ័ណ​។ ផ្សារ​នេះ នឹងដាក់​ឱ្យ​ដំណើរការ​យ៉ាងយូរបំផុត​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ។​

 
​បើតាម លោក អ៊ុំ រាត្រី គោលបំណង​បង្កើត​ផ្សារ​កសិផល​សុវត្ថិភាព​នេះ​ឡើង​ដើម្បី​ជំរុញ និង​លើ​កម្ពស់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ក្នុងស្រុក  តាមរយៈ​ការ​ដាំំ​បន្លែ និង​ការ​ចិញ្ចឹមសត្វ​ប្រភេទ​ណា ដែល​ទទួលបាន​ទិន្នផល រយៈពេល​ខ្លី សម្រាប់​លក់​នៅលើ​ទីផ្សារ​។ ជាពិសេស​ជួយ​ដល់​ពលរដ្ឋ​ដែល​ត្រលប់​មកពី​ប្រទេស​ថៃ​វិញ ហើយ​អត់​ការងារ​ធ្វើ ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ អភិបាលខេត្ត​បន្ទាយមានជ័យ​រូបនេះ បាន​អះអាងថា  បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ  មិន​ត្រឹមតែ​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន នៅក្រៅ​ប្រទេស​អត់​ការងារ​ធ្វើ​ទេ សូម្បីតែ​ពលរដ្ឋ​ក្នុងស្រុក​ជាច្រើន​ក៏​បាត់បង់​ការងារ​ផងដែរ​។​
 
​លោក អ៊ុំ រាត្រី និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៨​មិថុនា​នេះ ដូច្នេះ​៖ «​កន្លងមក​យើង​ជួប​បញ្ហា​កូ​វីដ​-១៩ ធ្វើឱ្យ​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន​អត់​កា​ងារ​ធ្វើ ហើយ​បងប្អូន​ដែល​ត្រលប់​មកពី​ថៃ​វិញ​ក៏​អត់​ការងារ​ធ្វើ​ផង​នោះ  យើង​ក៏បាន​បង្កើត​ក្រុមការងារ​ដើម្បី​ជំរុញ​ពួកគាត់​ឱ្យដាំ​បន្លែ ចិញ្ចឹម​មាន់ ចិញ្ចឹម​ទា ចិញ្ចឹម​ត្រី ដើម្បី​បាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ក្រៅពី​ជំរុញ​ឱ្យ​ពួកគាត់​ដាំ​បន្លែ​និង​ចិញ្ចឹមសត្វ​ហើយ​នោះ យើង​ក៏បាន​បង្កើត​ក្រុម​កា​ងារ​មួយទៀត សម្រាប់​ជួយ​រក​ទីផ្សារ​ឱ្យ​ពួកគាត់ គឺ​តាមរយៈ​ការបង្កើត​ផ្សារ​កសិផល​សុវត្ថិភាព​នេះ​ឡើង  និង​ទីផ្សារ​នាំចេញ​ផ្សេៗ​ទៀត​»​។​
 
​ក្រៅពី​ជំរុញ​ពលរដ្ឋ​ឱ្យដាំ​បន្លែ ចិញ្ចឹមសត្វ និង​ជួយ​រក​ទីផ្សារ​ឱ្យ​នោះ អាជ្ញាធរខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ​ជួយ​សម្របសម្រួល​ផ្នែក​ដើមទុន​ដល់​ពលរដ្ឋ​ផងដែរ​។ ចំណុច​ទាំងនេះ នឹង​អាច​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឱ្យបាន​ល្អប្រសើរ បានល្អ​មួយកម្រិត​ទៀត​។ នេះ​បើតាម​លោក អ៊ុំ រាត្រី ។ 
 
​ខេត្តបន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​៨៥​ភាគរយ ប្រកប​រប​ក្នុង​វិស័យ​កសិកម្ម​។ ក្នុងនោះ មាន​ដំណាំ​៦​ប្រភេទ​បម្រើ​ដល់​ការនាំចេញ​របស់​កម្ពុជា រួមមាន ស្រូវ  គ្រាប់​ឈូក​គ្រៀប  ស្វាយកែវ​រមៀត ពោតក្រហម  គ្រាប់ស្វាយចន្ទី និង​ម្ទេស​ក្រៀម​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​របស់​ខេត្តបន្ទាយមានជ័យ​កន្ល​ង​មក​៕ 
 
 

Tag:
 បន្លែ​សុវត្ថិភាព​
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com