ភ្នំពេញ៖ ពលរដ្ឋជាង១៨ម៉ឺននាក់ ដែលរងផលប៉ះពាល់ជីវភាព ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ទទួលបានដំណោះស្រាយឥណទានជាង៨០០លានដុល្លារ ពីមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋចំនួន ១៩៦, ៣០៧ នាក់ ដែលជួបបញ្ហាធ្លាក់ចុះចំណូល អំឡុងពេលជំងឺកូវីដ១៩ រីករាលនេះ បានដាក់ពាក្យស្នើសុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យជួយរៀបចំឥណទាន (កម្ចី)ឡើងវិញ។ ក្រោយពិនិត្យលើឯកសារ និងស្ថានការណ៍ជាក់ស្ដែងនៃការស្នើសុំនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បានជួយសម្រាលបន្ទុកលំបាកពលរដ្ឋ ចំនួន ១៨០ ,៣០១ គឺជាង៩០ភាគរយ ដែលទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុប ៨១៧ ,៧២៥ ,៤៣៦ ដុល្លាសហរដ្ឋអាមេរិក។
ដោយឡែកអតិថិជនជាង១ម៉ឺននាក់ទៀត ស្មើនឹង១០ភាគរយ មិនអាចទទួលបានដំណោះស្រាយឥណទាននោះទេ ដោយសារលក្ខខណ្ឌ និងបែបបទឯកសារមិនទាន់គ្រប់គ្រាន់។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
តាមរយៈឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន,៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា ,៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
កន្លងមកលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានរំឭកថា ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវអនុវត្តវិធានការនានារបស់ធនាគារជាតិកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគតឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕