សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុង Minneapolis យល់ព្រម​រំលាយ​ស្ថាប័ន​ប៉ូលិស​ចោល ដើម្បី​ធ្វើកំណែទម្រង់​ឡើងវិញ​
08, Jun 2020 , 10:59 pm        
រូបភាព
អាជ្ញាធរក្រុង Minneapolis យល់ព្រមរំលាយនាយកដ្ឋានប៉ូលិសក្រុងចោល ដើម្បីធ្វើកំណែទម្រង់ឡើងវិញ។ រូបភាព៖ Fox News
អាជ្ញាធរក្រុង Minneapolis យល់ព្រមរំលាយនាយកដ្ឋានប៉ូលិសក្រុងចោល ដើម្បីធ្វើកំណែទម្រង់ឡើងវិញ។ រូបភាព៖ Fox News
​នាយកដ្ឋាន​ប៉ូលិស​នៅក្នុង​ក្រុង Minneapolis នឹងត្រូវ​រំលាយចោល ដើម្បី​ធ្វើកំណែទម្រង់​ឡើងវិញ​។ ក្រុមប្រឹក្សា​ក្រុង Minneapolis សម្រេច​បែបនេះ​នៅ​ថ្ងៃទី​៧ ខែមិថុនា ក្រោយ​ករណី​ស្លាប់​របស់ George Floyd ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​បន្ទាប់ពី​គេ​មើលឃើញថា នាយកដ្ឋាន​ប៉ូលិស​ក្រុង​Minneapolis មិនដែល​ធ្វើកំណែទម្រង់​ណាមួយ​ឡើយ​។

 
​ករណី​ស្លាប់​របស់លោក George Floyd ដោយសារតែ​ប៉ូលិស​ស្បែ​កស សង្កត់ក នៅក្នុង​ទីក្រុង Minneapolis បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​កន្លែង​នៅក្នុង​អាមេរិក និង​បាតុកម្ម​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា អង់គ្លេស បារាំង ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​លោក Floyd និង​ជនរងគ្រោះ​ស្បែក​ខ្មៅ​ផ្សេងទៀត និង​បញ្ឈប់​សកម្មភាព​ការ​រើស​អើ​ស​ពូជសាសន៍​។ 
 
​ចំណែក​ក្រុង Minneapolis ដែល​ជាទី​ចាប់ផ្ដើម​ការតវ៉ា អាជ្ញាធរ​ក្រុង​នេះ បានចេញ​វិធានការ ជា​បន្តបន្ទាប់ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន និង​បន្ថយ​កំហឹង​របស់​ក្រុមបាតុករ​។ តាមរយៈ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៧ ខែមិថុនា ក្រុមប្រឹក្សាភិបាល បាន​បោះឆ្នោត​ក្នុង​សម្លេង​ភាគច្រើន ដើម្បី​បញ្ចប់​ប្រព័ន្ធ​ប៉ូលិស​ក្រុង Minneapolis ចោល និង​ធ្វើកំណែទម្រង់​សារ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Alondra Cano សមាជិក​ក្រុមប្រឹក្សា​ក្រុង​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​។ 
 
​ការរំលាយ​អង្គភាព​ប៉ូលិស​នៅក្នុង​ក្រុង Minneapolis មាន​គោលដៅ​រៀបចំ​គំរូ​សុវត្ថិភាព​សាធារណៈ​ថ្មី​។ ប្រាប់​សារព័ត៌មាន CNN ប្រធាន​ក្រុមប្រឹក្សា​ក្រុង Minneapolis លោកស្រី Lisa Bender បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​បាន​ប្តេជ្ញា​រំលាយ​នាយកដ្ឋាន​ប៉ូលិស​នៅក្នុង​ក្រុង​ចោល និង​ធ្វើកំណែទម្រង់​វា​ឡើងវិញ ដោយមាន​ភ្ជាប់​ជាមួយ​គំរូ​ថ្មី​នៃ​សុវត្ថិភាព​សាធារណៈ  ដែល​អាច​ការពារ​សុវត្ថិភាព​របស់​សហគម​ន៍​បាន​»​។ យ៉ាងណាក៏ដោយ លោកស្រី Cano មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ ជុំវិញ​ការរំលាយ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​នេះ និង​គំរូ​ថ្មី​នៃ​សុវត្ថិភាព​សាធារណៈ​។ 
 
​នាពេល​កន្លងមក​អាជ្ញាធរ​ក្រុង​នៃ​រដ្ឋ Minnesota ក៏​បានចេញ​សេចក្តីសម្រេច​ហាម​មិន​ឲ្យ​ប៉ូលិស​ក្រុង Minneapolis ប្រើប្រាស់​វិធានការ​រឹត​ក ឬ​សង្កត់ក ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​សេចក្តីសម្រេច​នេះ ក៏​ផ្តល់​សិទ្ធិ​ឲ្យ​មន្ត្រី​ក្រុង​រាយការណ៍​ពី​សកម្មភាព​របស់​ប៉ូលិស​ផងដែរ ប្រសិនបើ​ប៉ូលិស​ក្រុង​ធ្វើ​សកម្មភាព​រឹត​ក​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន NBC ប៉ូលិស​ក្រុង Minneapolis បាន​ប្រើប្រាស់​វិធានការ​រឹត​ក​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រហូតដល់ ២៣៧​ដង​ឯណោះ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៥​កន្លងមក​។ មនុស្ស ៤៤​នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ស្ថាន​ភាពមិនប្រក្រតី បន្ទាប់ពី​ប៉ូលិស​ប្រើប្រាស់​វិធានការ​ទាំងនោះ​៕ 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com