គ្រួសារ​បុរស​ថៃ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន ស្នើឱ្យ​មានការ​ស៊ើបអង្កេត តែ​អាជ្ញាធរ​កម្ពុជា ថា មិនដឹង​ព័ត៌មាន​
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គ្រួសារ​បុរស​ថៃ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន ស្នើឱ្យ​មានការ​ស៊ើបអង្កេត តែ​អាជ្ញាធរ​កម្ពុជា ថា មិនដឹង​ព័ត៌មាន​
08, Jun 2020 , 11:39 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ មាន​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ត្រូវបាន​មនុស្ស​មួយក្រុម​ចាប់ខ្លួន កាលពី​ថ្ងៃទី​៤ មិថុនា​។ គ្រួសារ​បុរស​ថៃ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នេះ ស្នើឱ្យ​អាជ្ញាធរ​ថៃ និង​កម្ពុជា ស៊ើបអង្កេត​ស្វែងរក​សកម្មជន​ថៃ​រូបនេះ​។​


​អ្នកនាង Sitanan Satsaksit បងស្រី​លោក Wanchalearm Satsaksit បានបញ្ជាក់​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា គ្រួសារ​នាង​មិនទាន់​ទទួលបាន​ដំណឹង​ពី​ប្អូនប្រុស ដែល​ត្រូវបាន​គេ​ចាប់ជំរិត​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នោះទេ​។ «​អស់​រយៈពេល​៦៥​ម៉ោង​ហើយ ដែល​គាត់​(Wanchalearm Satsaksit) បាន​បាត់​ខ្លួន ហើយ​វា​ជា​ផលកម្ម​អាក្រក់​របស់គាត់ ដែល​បាត់​ខ្លួន​ដោយ​គ្មាន​អ្នកណា​ដឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង Sitanan Satsaksit​។​
 
​បងស្រី​របស់​សកម្មជន​នយោបាយ​ថៃ​រូបនេះ ស្នើឱ្យ​អាជ្ញាធរ​ថៃ និង​កម្ពុជា ស៊ើបអង្កេត​ស្វែងរក​លោក Wanchalearm Satsaksit ។ សម្រាប់​អ្នកនាង  Sitanan Satsaksit ករណី​ចាប់ជំរិត​ប្អូនប្រុស​ខ្លួន​នេះ ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​
 
«​យើង​មិនមាន​ការចោទប្រកាន់​ប្រឆាំងនឹង​អ្នក​ដែល​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​នេះ​ទេ​។ យើង​គ្រាន់​អធិដ្ឋាន បួងសួង​ឱ្យ​ពួកគេ​ដោះលែង [​លោក Wanchalearm] ឆាប់ៗ​នេះ​»​។ នេះ​ជាការ​លើកឡើងរ​បស់បង​ស្រី​លោក Wanchalearm Satsaksit​។​
 
​ក្រុម​ប្រដាប់អាវុធ​មួយក្រុម បាន​ចាប់ជំរិត​លោក Wanchalearm នៅ​ម៉ោង​ប្រហែល ៥ ៖ ៥៤ ល្ងាច ព្រឹក​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ២០២០ នៅពេលដែល​សកម្មជន​នយោបាយ​ថៃ​រូបនេះ បាន​ដើរ​នៅតាម​ផ្លូវ ដើម្បី​ទិញ​ម្ហូប​នៅ​ពីមុខ​កន្លែង​ស្នាក់នៅ​ខ្លួន​។ ក្រុម​ចាប់ជំរិត​នោះ បាន​ចាប់​លោក Wanchalearm បញ្ចូល​ក្នុង​ឡាន​ខ្មៅ​មួយគ្រឿង​។ នេះ​បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទទួលបាន​ព័ត៌មាន​នេះ​។​
 
​បើ​គិត​មកដល់ពេលនេះ គឺ​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ​រូបនេះ បាត់​ខ្លួន​។ តែ​អាជ្ញាធរ​កម្ពុជា ថា មិន​ទទួលបាន​ព័ត៌មាន​នេះឡើយ​។ 
​ទាំង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​នគរបាលជាតិ សុទ្ធតែ​អះអាង​ដូចគ្នា​ថា មិនទាន់មាន​ពាក្យស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា ស៊ើបអង្កេត​លើ​ករណីនេះ ពី​ភាគី​ពាក់ព័ន្ធ​ណា​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៨ មិថុនា​នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​មហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា «​ពូ​អត់​មាន​ព័ត៌មាន​(​ចាប់ជំរិត​លោក Wanchalearm Satsaksit) នៅក្នុង​ដៃ​ទេ ហើយ​បើ​អត់​មាន​ព័ត៌មាន​ផង ឱ្យ​(​ស៊ើបអង្កេត​)​ធ្វើ​ម៉េច​»​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​សកម្ម​ជន​នយោបាយ​ថៃ លោក Wanchalearm Satsaksit ដែល​កំពុង​រស់នៅ​កម្ពុជា​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ដែល​បាន​តាមដាន​ករណីនេះ បាន​ស្នើឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​លោក Wanchalearm Satsaksit ដែលជា​សកម្មជន​នយោបាយ​ថៃ​នេះ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៥ មិថុនា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែ​ដ អាដាម បាន​សង្កត់​ដូច្នេះ​ថា​៖«​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ នៅតាម​ដងផ្លូវ​រាជធានី​ភ្នំពេញ​នេះ ទាមទារ​ឱ្យមាន​ការឆ្លើយតប​ភ្លាមៗ​ពី​អាជ្ញាធរ​កម្ពុជា​។ អាជ្ញាធរ​កម្ពុជា គួរតែមាន​វិធានការ​ជាបន្ទាន់​មួយ ដើម្បី​ធានា​សុវត្ថិភាព​ដល់​លោក Wanchalearm នៅ​កន្លែង​ដែល​គាត់​រស់នៅ​»​។​
 
​លោក Wanchalearm គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​តែងតែ​ចេញមុខ​រិះគន់​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​។ លោក Wanchalearm ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត​ត្រា​។ លោក Wanchalearm បាន​រត់គេចខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ក្រោយពី​យោធា​ថៃ តាម​ចាប់ខ្លួន​។ ដោយឡែក​អាជ្ញាធរ​ថៃ ក៏​ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៨​ថា ពួកគេ​នឹង​តាម​ចាប់ខ្លួន​លោក Wanchalearm ត្រឡប់​យកទៅ​ប្រទេស​ថៃ​វិញ​ផងដែរ​៕

Tag:
 ​សិទ្ធិមនុស្ស​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com