សង្គមអន្តរជាតិ
អន្តរជាតិ
បេក្ខជនប្រធានាធិបតីអាមេរិក បៃឌិន ទៅជួបគ្រួសារ Floyd ដល់ស្រុកកំណើត លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ (AFP)
× បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន នឹងធ្វើដំណើរកាន់ទីក្រុង Houston រដ្ឋ Texas នៅថ្ងៃទី៨ ខែមិថុនា និងជួបជាមួយគ្រួសារ George Floyd ។ ដំណើររបស់លោក បៃឌិន ធ្វើឡើង២សប្តាហ៍ក្រោយករណីស្លាប់លោក Floyd ក្រោមដៃប៉ូលិស ដែលបង្ករលកហិង្សាទូទាំងប្រទេសទាមទារយុត្តិធម៌ពណ៌សម្បុរ។ ទីប្រឹក្សាជាន់ខ្ពស់លោក២នាក់ បញ្ជាក់ប្រាប់ Reuters បែបនេះ។
លោក បៃឌិន រំពឹងផ្ដល់ការអាណិតអាសូរនិងរំលែកទុក្ខដល់សាច់ញាតិសពលោក Floyd ហើយថតសារវីដេអូទុកសម្រាប់ថ្ងៃបញ្ចុះសពបុរសស្បែកខ្មៅនេះផងដែរ ដែលនឹងរៀបចំឡើងក្នុងថ្ងៃជាមួយគ្នានេះដែរ។
បើតាមទីប្រឹក្សារបស់លោក អតីតអនុប្រធានាធិបតី បៃឌិន នឹងពុំមានវត្តមាននៅពិធីបញ្ចុះសព Floyd ឡើយ។ នោះគឺដើម្បីចៀសវាងការរំខានដល់អ្នកចូលរួម ដែលអាចបង្កឡើងដោយអង្គរក្សការពារសុវត្ថិភាពលោក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Floyd ដែលជាបុរសស្បែកខ្មៅគ្មានអាវុធជាប់ខ្លួន បានបាត់បង់ជីវិតក្រោយមន្ត្រីប៉ូលិសស្បែកសសង្កត់កច្រើននាទី ទោះជាលោកស្រែកថាលោកមិនអាចដកដង្ហើមបាន ហើយសន្លប់។ ហេតុការណ៍នេះ ត្រូវបានគេថតវីដេអូទុក ដែលបង្កជាព្យុះតវ៉ាតាមដងផ្លូវនៅជុំវិញសហរដ្ឋអាមេរិក និងបណ្ដាប្រទេសខ្លះនៅអឺរ៉ុប។
លោក បៃឌិន កាលពីថ្មីៗនេះ បានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធវិធានការឆ្លើយតបរបស់រដ្ឋបាលលោកប្រឆាំងបាតុកម្ម ដែលពេលខ្លះសន្តិភាព ហើយពេលខ្លះឈានដល់ហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ លោក ត្រាំ មកពីបក្សសាធារណរដ្ឋ បានបញ្ជាអាជ្ញាធរបង្ក្រាបលើក្រុមបាតុករ៕
Tag:
សហរដ្ឋអាមេរិក
ចូ បៃឌិន
George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com