សង្គមអន្តរជាតិ​
អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​អាមេរិក បៃ​ឌិន ទៅ​ជួប​គ្រួសារ Floyd ដល់​ស្រុកកំណើត​
08, Jun 2020 , 5:27 pm        
រូបភាព
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ (AFP)
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ (AFP)
ដោយ:
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន នឹងធ្វើ​ដំណើរ​កាន់​ទីក្រុង Houston រដ្ឋ Texas នៅ​ថ្ងៃទី​៨ ខែមិថុនា និង​ជួប​ជាមួយ​គ្រួសារ George Floyd ។ ដំណើរ​របស់លោក បៃ​ឌិន ធ្វើឡើង​២​សប្តាហ៍​ក្រោយ​ករណី​ស្លា​ប់លោក Floyd ក្រោម​ដៃ​ប៉ូលិស ដែល​បង្ក​រលក​ហិង្សា​ទូទាំងប្រទេស​ទាមទារ​យុត្តិធម៌​ពណ៌​សម្បុរ​។ ទីប្រឹក្សា​ជាន់ខ្ពស់​លោក​២​នាក់ បញ្ជាក់ប្រាប់ Reuters បែបនេះ​។

 
​លោក បៃ​ឌិន រំពឹង​ផ្ដល់​ការអាណិតអាសូរ​និង​រំលែក​ទុក្ខ​ដល់​សាច់ញាតិ​សព​លោក Floyd ហើយ​ថត​សារ​វីដេអូ​ទុក​សម្រាប់​ថ្ងៃ​បញ្ចុះសព​បុរស​ស្បែក​ខ្មៅ​នេះ​ផងដែរ ដែល​នឹង​រៀបចំឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ​។ 
 
​បើតាម​ទីប្រឹក្សា​របស់លោក អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន នឹង​ពុំមាន​វត្ត​មាននៅ​ពិធី​បញ្ចុះសព Floyd ឡើយ​។ នោះ​គឺ​ដើម្បី​ចៀសវាង​ការរំខាន​ដល់​អ្នកចូលរួម ដែល​អាច​បង្កឡើង​ដោយ​អង្គរក្ស​ការពារ​សុវត្ថិភាព​លោក​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លោក Floyd ដែលជា​បុរស​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ជាប់​ខ្លួន បាន​បាត់​បង់ជីវិត​ក្រោយ​មន្ត្រីប៉ូលិស​ស្បែក​ស​សង្កត់ក​ច្រើន​នាទី ទោះជា​លោក​ស្រែកថា​លោក​មិនអាច​ដកដង្ហើម​បាន ហើយ​សន្លប់​។ ហេតុការណ៍​នេះ ត្រូវបាន​គេ​ថត​វីដេអូ​ទុក ដែល​បង្ក​ជា​ព្យុះ​តវ៉ា​តាម​ដងផ្លូវ​នៅ​ជុំវិញ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​។​
 
​លោក បៃ​ឌិន កាលពី​ថ្មីៗ​នេះ បាន​រិះគន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​វិធានការ​ឆ្លើយតប​របស់​រដ្ឋបាល​លោក​ប្រឆាំង​បាតុកម្ម ដែល​ពេលខ្លះ​សន្តិភាព ហើយ​ពេលខ្លះ​ឈានដល់​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​។ លោក ត្រាំ មកពី​បក្ស​សាធារណរដ្ឋ បាន​បញ្ជា​អាជ្ញាធរ​បង្ក្រាប​លើ​ក្រុមបាតុករ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com