កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើង​តុលាការ ដោយ​សង្ឃឹម​ឈ្នះក្តី UEFA ជុំវិញ​ការហាម​មិន​ឲ្យ​លេង UCL
09, Jun 2020 , 8:59 am        
រូបភាព
​ក្រុម Manchester City នឹងចូលរួម​សវនាការ​រយៈពេល ៣ ថ្ងៃ ជុំវិញ​ការហាម​មិន​ឲ្យ​លេង Champions League ២​រដូវ​កាល​នៅឯ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្នុងប្រទេស​ស្វ៊ី​ស​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨​ខែមិថុនា​។ ក្រោម​បទ​ចោទ​រំលោភច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ (Financial Fair Play) មេឃ​ខៀវ ប្តេជ្ញា​តវ៉ា​ការដាក់ទណ្ឌកម្ម​នេះ​ឲ្យ​បាន​។​


​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បានដាក់​ពិន័យ Man City មិន​ឲ្យ​លេង Champions League ២​រដូវ​កាល ពោល​រហូតដល់​ឆ្នាំ​២០២០ ក្រោយ​រកឃើញថា​ក្លិប​អង់គ្លេស​មួយ​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់ «FFP» ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ដើម្បី​ទិញដូរ​កីឡាករ​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ​។​
 
​លើសពី​ការ​ល្មើសច្បាប់ FFP ស្ថាប័ន UEFA ក៏បាន​ចោទ​ក្លិប​ដែលមាន​ម្ចាស់​ជា​សេដ្ឋី​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមួយ​នេះ​ថា មិនបាន​សហការ​ជាមួយ​ការស៊ើបអង្កេត​របស់ខ្លួន​ដោយបាន​ដាក់​បំរាម និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣០ លាន​អឺរ៉ូ (៣១,៦០ លាន​ដុល្លារ​) ផងដែរ​។​
 
​ការខកខាន​មិនបាន​បង្ហាញមុខ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នឹងធ្វើ​ឲ្យ Man City ដែល​បាន​បដិសេធ​ការចោទប្រកាន់​ខា​លើ ខាតបង់​ប្រាក់​ចំនួន ១០០ លាន​ផោន (១២៧ លាន​ដុល្លារ​) ដែលជា​ប្រាក់ចំណូល​នៃ​ការផ្សាយ​ការប្រកួត និង​ចំណូល​ពី​ការប្រកួត​មួយចំនួនទៀត​។​
 
​ច្បាប់ FFP បង្កើតឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ក្លិប​កីឡាបាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​លើ​ការចំណាយ​ហួសកំណត់​លើស​ប្រាក់ចំណូល​។ ច្បាប់​នេះដែរ​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ដើម្បី​គេច​ផុតពី​ការ​ជំពាក់​បំណុល​ទៀតផង​។​
 
UEFA បាន​បើក​ការស៊ើបអង្កេត​លើ​ក្លិប Man City កាលពី​ខែមីនា បន្ទាប់ពី​ការផ្សព្វផ្សាយ​ឯកសារ​បាល់ទាត់​លេច​ធ្លាយ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់ថា​ម្ចាស់​លោក Sheikh Mansour បាន​បំប៉ោង​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ដើម្បី​ឲ្យ​សមាមាត្រ​គ្នា​ជាមួយនឹង FFP​។​
 
​យោងតាម​ឯកសារ​បែកធ្លាយ​ដែល​បានចេញ​ផ្សាយ​តាមរយៈ​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Der Spiegel បង្ហាញថា​ក្លិប Man City បាន​លាក់​ប្រាក់​យ៉ាងហោចណាស់ ៧០​លាន​ផោន (៩០​លាន​ដុល្លារ​អាមេរិក​) ដោយ​អះអាងថា​ជា​ប្រាក់​ដែល​បានមកពី​ការឧបត្ថម្ភ​លើ​ការផ្សាយពាណិជ្ជកម្ម​។ តាមរយៈ​ឯកសារ​ខាងលើនេះ គេ​ជឿជាក់ថា UEFA នឹង​ចោទប្រកាន់​ម្ចាស់​ជើងឯក Premier League នេះ​ពីបទ​ផ្តល់​ការពន្យល់​មិន​សម​ហេតុផល​ទៅលើ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​
 
​បើទោះជា​មានការ​ចោទប្រកាន់​យ៉ាងនេះ​ក្តី ប៉ុន្តែ Man City បាន​អះអាងថា ពួកគេ​នឹង​តវ៉ា​ការសម្រេចចិត្ត​របស់ UEFA ឲ្យ​ខាងតែបាន ដ្បិត​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែល​ធ្ងន់ធ្ងរ​នោះ មិនទាន់​ត្រូវបាន​រកឃើញ​អំឡុងពេល​ស៊ើបអង្កេត​នោះទេ​៕
 

Tag:
 Manchester City
  UEFA
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com