លោក ហ៊ុន ម៉ាណែត ទទួលបានតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនបក្សកាន់អំណាច
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ទទួលបានតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនបក្សកាន់អំណាច
08, Jun 2020 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានតំណែងថ្មីមួយទៀត ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ តំណែងនេះ គឺគ្រប់គ្រងនិងមើលការខុសត្រូវលើយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស។



សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេច ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ស្តីពីការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជំនួសលោក កែ ប៊ុនខៀង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។ មុនឡើងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល  លោក ហ៊ុន ម៉ាណែត ជាអនុប្រធាន។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាំងពីររូប គឺលោក សុខ ឥសាន និង លោក ឈឹម ផលវរុណ ពន្យល់ដូចគ្នាថា តំណែងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងរចនាសម្ព័ន្ធយុវជននៃគណបក្សប្រជាជនកម្ពុជា។

បើតាមលោក សុខ ឥសាន រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា មិនខុសពីរចនាសម្ពន្ធគណបក្សទាំងមូលនោះទេ ពោលគឺរចនាសម្ពន្ធគណបក្ស មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយរចនាសម្ព័ន្ធយុវជនគណបក្ស ក៏ដូចគ្នាដែរ។ លោក លើកឡើងថា រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា គឺចាប់ពីថ្នាក់កណ្តាល (ថ្នាក់ជាតិ) ទៅដល់ថ្នាក់រាជធានី-ខេត្ត ថ្នាក់ក្រុង-ស្រុក-ខណ្ឌ និង ថ្នាក់ឃុំ-សង្កាត់ (ក្រោមជាតិ)។

លោក បញ្ជាក់ដូច្នេះថា៖«អាហ្នឹង វា បន្តបន្ទាប់អ៊ីចឹង មានខ្សែរយៈតាំងពីថ្នាក់កណ្តាល រហូត ដល់ថ្នាក់មូលដ្ឋាន»។

លោក មិនចាំឡើយថា បច្ចុប្បន្ន យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស មានប៉ុន្មាននាក់។ ចំណែក អ្នកណា ដែលត្រូវឡើងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលជាតំណែងចាស់របស់លោក ហ៊ុន ម៉ាណែត ក៏លោក មិនអាចដឹងដែរ ដោយលោក ប្រាប់ឲ្យរង់ចាំមើលសេចក្តីសម្រេចស្តីពីការតែងតាំងនេះទាំងអស់គ្នា។

លោក កែ ប៊ុនខៀង ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ហើយក៏ជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែរ។

លោក ឈឹម ផលវរុណ ថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែពង្រឹងគោលនយោបាយយុវជន ដែលជាគោលនយោបាយធំមួយរបស់គណបក្ស។ លោក បន្តថា ការផ្តាស់ប្តូរប្រធានយុវជនគណបក្សថ្នាក់កណ្តាលនាពេលនេះ គឺអាស្រ័យលើវ័យ ដោយលោក ចង់មានន័យថា អ្នកដឹកនាំយុវជន គួរតែនៅវ័យក្មេង ដូចលោក ហ៊ុន ម៉ាណែត។

លោក មានប្រសាសន៍ថា៖«យើង ដឹងហើយ ការងារយុវជន អាច [រស់] រវើកជាង អ៊ីចឹងហើយ វ័យដែលយើង បោះជំហានទៅនេះ ត្រូវមានការផ្លាស់ប្តូរ ទៅតាមវ័យ គឺធម្មតាទេ»។ លោក បន្ថែមថា៖«ឥឡូវ សូម្បីតែភាគរយនៃយុវជនជាអ្នកជំនាន់ក្រោយ គឺ [មាន] ច្រើន ដូច្នេះ រៀបចំគោលនយោបាយរបស់គណបក្ស ឲ្យឆ្លុះបញ្ចាំងពីថតភាពរបស់សង្គម និងការវិវត្តរបស់មនុស្សដែរ អ៊ីចឹងគឺជាការធ្វើមួយ ដោយត្រឹមត្រូវទៅតាមពេលវេលានៃការវិវត្តរបស់ប្រទេស»។

លោក អ៊ូ វីរៈ អ្នកតាមដានស្ថានការណ៍នយោបាយនិងបញ្ហាសង្គម មើលឃើញថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល គឺជាការគិតគូរបស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងការរៀបចំអ្នកបន្តវេន។ លោក និយាយជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«ខ្ញុំ មើលទៅ រឿងទាំងអស់នេះ មិនមែនចៃដន្យទេ ជាការព្រាងទុក ជាការគិតទុកជាយុទ្ធសាស្រ្តរួចមកហើយ។ មួយទៀត ខ្ញុំ មើលទៅ ការតែងតាំងហ្នឹង គឺបញ្ជាក់ថា គណបក្សប្រជាជន ប្រហែលជាមានការរៀបចំ ដើម្បីរុញឲ្យមានការបន្តវេន ទៅកូនៗ សម្រាប់ការដឹកនាំ»។

សំឡេងរបស់លោក អ៊ូ  វីរៈ



កាលពីចុងឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជូលទៅក្នុងសមាជិកគណៈអចិន្ត្រៃយ៍ ដែលជាអង្គការចាត់តាំងខ្ពស់បំផុត ក្នុងគណបក្សប្រជាជនកម្ពុជា។ មុនក្លាយជាសមាជិកគណៈអចិន្រ្តៃយ៍ លោក ហ៊ុន ម៉ាណែត បានឆ្លងកាត់ធ្វើជាសមាជិកគណៈកម្មាធិការកណ្តាល ដែលជាអង្គការចាត់តាំងលំដាប់ទីពីរ។

នៅក្នុងគណៈអចិន្តៃ្រយ៍ មានសមាជិកជាង៣០នាក់។ ចំណែកនៅក្នុងគណៈកម្មាធិការកណ្តាល មានសមាជិកជាង៨០០នាក់។ សមាជិកអចិន្រ្តៃយ៍ទាំង៣០នោះ គឺជ្រើសរើសចេញពីសមាជិកគណៈកម្មាធិការកណ្តាល។

មិនមែនមានតំណែងខ្ពស់តែនៅក្នុងគណបក្សទេ លោក ហ៊ុន ម៉ាណែត ក៏មានតំណែងខ្ពស់ជាច្រើន នៅក្នុងជួរកងទ័ពដែរ។ បច្បុប្បន្ន លោក គឺជាអគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្ស។ 

លោក ហ៊ុន ម៉ាណែត ដែលរៀនចប់ថ្នាក់បណ្ឌិតយោធាពីអាមេរិក ត្រូវមជ្ឈដ្ឋានទូទៅ គិតថា នឹងក្លាយជាអ្នកស្នងតំណែងពីឪពុក។ យ៉ាងណា សម្តេច ហ៊ុន សែន ប្រកាសកាលពីក្នុងអំឡុងខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំជាមួយអ្នកកាសែត នៅមជ្ឈមណ្ឌលកោះពេជ្រថា កម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការបោះឆ្នោត ក្នុងការជ្រើសរើសមេដឹកនាំ។

សម្តីរបស់សម្តេច ដែលគេនៅចាំពេលនោះ គឺ៖«ប្រទេសយើង ជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេស ដែលផ្ទេរអំណាចពីឪពុក ទៅកូន ដូចជានៅប្រទេសខ្លះនោះទេ។ ត្រូវឆ្លងកាត់ការបោះឆ្នោត»។

លើសពីនេះ សម្តេច ប្រាប់មហាជនថា ខ្លួននឹងកាន់តំណែងជានាយករដ្ឋមន្រ្តី យ៉ាងហោចណាស់១០ឆ្នាំទៀត ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំរហូតដល់ក្រោយឆ្នាំ២០២៨ ឬក៏ក្រោយឆ្នាំ២០២៩ ឯណោះ ទើបអាចមានឱកាសចូលរួមប្រជែងយកតំណែងនាយករដ្ឋមន្រ្តីនេះ៕

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com