អ្នក​ធ្លាប់​កើត​ជំងឺ​កូ​វីដ​១៩ បង្ហាញ​ផលវិបាក​នៃ​ការកើត​ជំងឺ​នេះ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ធ្លាប់​កើត​ជំងឺ​កូ​វីដ​១៩ បង្ហាញ​ផលវិបាក​នៃ​ការកើត​ជំងឺ​នេះ​
09, Jun 2020 , 7:59 pm        
រូបភាព
លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរស​​មាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)
លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរស​​មាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ លោក ដា អ៊ី មាន​វ័យ​៤៧​ឆ្នាំ​ជា​បុរស​មាន​មាឌ​មាំ​និង​ដៃជើង​មាំមួន​។ កាលពី​ចុងខែ​កុម្ភៈ លោក​បាន​ចូលរួម​ជាមួយ​អ្នក​កាន់​សា​សា​នា​រាប់ពាន់នាក់​ទៀត ដើម្បី​ទៅ​ប្រារព្ធ​ពិធី​សាសនា​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ លោក​ថា នៅក្នុង​ពិធី​នេះ ប្រជាពលរដ្ឋ​ដែល​កាន់​សា​សា​នា​ជួបជុំគ្នា ដើម្បី​ថ្វាយបង្គំ​ព្រះ ហូប​អាហារ​រួមគ្នា និង​ជជែក​គ្នា​ពីនេះ​ពី​នោះ​។​

 
​នៅពេល​ត្រឡប់មកវិញ លោក ដា អ៊ី ដែលជា​អ្នក​កាន់សាសនា​ខ្ជាប់ខ្ជួន​ម្នាក់ បាន​ក្លាយជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩​ជាង​៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​តាំងពី​ជំងឺ​នេះ​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​។​
 
​លោក​ត្រូវបាន​មន្ត្រី​សុខាភិបាល​ខេត្ត​ទាក់ទង​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​នេះ កាលពី​ពាក់កណ្តាល​ខែមីនា​។  នៅពេលនោះ​លោក​ថា លោក​គ្រាន់​តែមាន​អាកា​រៈ «​អស់កម្លាំង​ខ្លាំង​» តែប៉ុណ្ណោះ​។  តេស្ត​បង្ហាញថា លោក​មាន​ជំងឺ​កូ​វីដ​១៩​។​
 
​លោក ដា អ៊ី ត្រូវបាន​មន្ត្រី​សុខាភិបាល​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ជាមួយ​អ្នកជំងឺ​ផ្សេងៗ​ទៀត​។ លោក ដា​អ៊ី​ត្រូវ​ទទួលទាន​ថ្នាំ​ពីរ​ទៅ​បី​ដង​ជា​រៀងរាល់ថ្ងៃ​។​
 
​ក្រោយ​ការព្យាបាល​ជាង​មួយ​សប្តាហ៍​មក លោក​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​
 
«​គេ​សួរ​យើង​ថា តើ​បង​ឯង​ក្នុង​ខ្លួន​ម៉េច​ដែរ​មាន​ល្ហិតល្ហៃ​មាន​យ៉ាប់យឺន​?  ខ្ញុំ​ថា អត់​ផង​។​គេ​មើល​តាមដាន​ជំងឺ​ហើយ​គេ​ឲ្យ​ថ្នាំលេប​»​។​
 
​លោក​បន្ថែមថា​៖ «​ដល់ពេល​យើង​លេប​ទៅ​...​គេ​ធ្វើតេស្ត​ទៅ​វា​អវិជ្ជមាន អ៊ីចឹង​គេ​ឲ្យ​យើង​ចេញ​[​ទៅផ្ទះ​]»​។​
 
​លោក​ត្រូវ​បានដាក់​ឲ្យ​នៅ​ដោយឡែក​ពី​សមាជិកគ្រួសារ​របស់​លោក​អស់​រយៈពេល​១៤​ថ្ងៃ​។ មន្ត្រី​សុខាភិបាល ធ្វើតេស្ត​លោក​ម្តងទៀត ក្រោយ​ផុត​រយៈ​ពេលនោះ​។ លទ្ធផល​របស់លោក​អវិជ្ជមាន​។ មន្ត្រី​សុខាភិបាល​ប្រាប់​លោក​ថា​លោក​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ មនុស្ស​ចំនួន​១២៦​នាក់ បាន​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា​។ លោក ដា អ៊ី ជា​អ្នកជា​សះស្បើយ​ម្នាក់​ក្នុងចំណោម​អ្នកជា​សះស្បើយ​១២៤​នាក់​នៅ​កម្ពុជា​។​
 
 
​លោក ដា អ៊ី  ដែលជា​សះស្បើយ​ពី​ជំងឺ​នេះ អស់​រយៈពេល​ប្រហែល​ពីរ​ខែ​មកហើយ​នោះ បាន​ប្រាប់ VOA នៅផ្ទះ​របស់លោក​ក្នុង​ក្រុង​បាត់ដំបង​កាលពី​ខែឧសភា អំពី​បទពិសោធ​របស់​លោក ដែល​ធ្លាប់​កើត​ជំងឺ​នេះ​និង​បានជា​សះស្បើយ​ឡើងវិញ​។​លោក​ប្រាប់​វី​អូ​អេ​អំពី​ប្រវត្តិ​ធ្វើដំណើរ​របស់លោក​ការទទួល​ការព្យាបាល ផលវិបាក​ដែល​ក្រុមគ្រួសារ​របស់លោក​ត្រូវ​ឆ្លងកាត់​នៅពេល​លោក​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ជីវិត​ក្រោយពេល​ជាសះស្បើយ​។​នៅ​មន្ទីរពេទ្យ​លោក​ថ្វាយបង្គំ និង​ចំណាយពេល​តាមដាន​ព័ត៌មាន​និង​មើល​រឿង​កំប្លែង​តាម​អ៊ីនធឺណិត​ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅក្នុង​ចិត្ត​។​
 
​លោក​ថា ប្រជាពលរដ្ឋ​ដែល​ទៅ​ចូលរួម​ប្រារព្ធ​ពិធី​សាសនា​នោះ រង​ការរិះគន់​ខ្លាំង​បន្ទាប់ពី​មាន​របាយការណ៍​នៃ​ការឆ្លង​ជំងឺ​នេះ​នៅក្នុង​សហគមន៍​របស់​អ្នក​ដែល​បាន​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
 
«​អូ​! ប៉ះពាល់​ខ្លាំងណាស់ រវាង​ជនជាតិ​…​គ្រាន់តែ​ទៅ គេ​បិទទ្វារ​អី​។  នៅ​ភូមិ​ខ្ញុំ ភូមិ​សុ​ភី អត់​មាន​គេ​ហ៊ាន​ជិះ​កាត់​។ ដោយសារ​អា​ភូមិ​ខាង​មុន​នោះ មាន​បី បួន​នាក់​ទៀត​។  គេ​គ្រាន់តែ​ឮ ភូមិ​សុ​ភី​គេ​អត់​លក់​ឲ្យ គេ​រត់ចេញ​។ ទើបតែ​ឥឡូវ​ទេ គេ​ប្រកាសថា ជា​អស់ហើយ បាន​សភាព​ស្ងប់ស្ងាត់​ម​ក​វិញ​»​។​
 
​ក្រៅពី​មានការ​រិះគន់​ទៅលើ​សហគមន៍​របស់លោក​លោ​កថា​ប្រពន្ធ​និង​កូន​របស់លោក​ក៏​រង​ការប៉ះទង្គិច​ផ្លូវចិត្ត​ផងដែរ​។  លោក ដា​អ៊ី ដែលមាន​កូន​អាយុ​១០​និង​១២​ឆ្នាំ និយាយថា លោក​ផ្តាំ​គ្រួសារ​លោក​កុំ​ឲ្យ​ទៅសួរសុខទុក្ខ​លោក​នៅ​មន្ទីរពេទ្យ នៅពេលដែល​លោក​ទទួល​ការព្យាបាល​។​


លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរសមាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)
 
«​ក្មេងៗ វា​ប៉ះពាល់​អារម្មណ៍​វា​។  ពេលខ្លះ​គ្នា​វា​ក្មេង​។ គេ សម្លឹង​មើលមុខ​គ្នា​ទៅ ធ្វើ​ឲ្យ​គ្នា​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​ខូចការ​គិត​គ្នា​ដែរ​»​។​
 
​លោក វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ប្រាប់ VOA ថា មន្ត្រី​សុខាភិបាល​និង​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ទទួល​ការអប់រំ​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​នេះ​ទាំង​អាកា​រៈ​ជំងឺ​ការឆ្លង និង​ការមិន​មើលងាយ​អ្នកជំងឺ​ជាដើម​។​លោ​កថា​លោក​និង​លោក​អភិបាលខេត្ត​នេះ​បាន​ជូន​ដំណើរ​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​នេះ​ទៅផ្ទះ​វិញ​។  ពួកគេ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​រើសអើង​ទៅលើ​ក្រុមគ្រួសារ​និង​អ្នក​ដែលជា​ពី​ជំងឺ​នេះ​វិញ​។​
 
«​យើង​ជជែក​គ្នា​សព្វគ្រប់​ហើយ​យើង​ចុះ​។ ជាពិសេស​ខ្ញុំ​ចុះ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ហើយ​តាម​មណ្ឌល​មួយចំនួន​ដើម្បី​អប់រំ​ពន្យល់​ណែនាំ​អំពី​ជំងឺ​នេះ​។​កុំ​ឲ្យ​គាត់​ខ្លាច​… ឲ្យ​កម្លាំង​ពេទ្យ​នឹង​វា​ក្លាហាន​សិន​ពូកែ​សិន​បាន​អាច​ទៅ​អប់រំ​ប្រជាពលរដ្ឋ​បាន​។​បន្ទាប់មក​យើង​ចាប់ផ្តើម​អប់រំ​ទៅតាម​សហគមន៍​មានន័យថា​ទៅតាម​សាលារៀន ...​អប់រំ​បន្ត​នៅពេលដែល​កូ​វីដ​មកដល់​ស្រុក​យើង​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់ថា លោក​មិន​អាចធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​មិន​រើសអើង​តាម​ការចង់បាន​របស់​លោក​នោះទេ​។ លោក​និយាយថា​៖
 
«​ខ្ញុំ​មិនអាច​ឃាត់​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ឬក៏​បង្រៀន​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូច​យើង​ចង់​បានទេ​។​វា​តែងតែ​ជួប​ហើយ​ធម្មតា​ទេ​អាហ្នឹង​។​ចង់​និយាយថា យើង​ពន្យល់​យើង​អប់​រំហើយ​តែ​ត្រង់​ថា​បុគ្គល​ម្នាក់​ហ្នឹង​គាត់​មិនបាន​ស្តាប់​មិន បាន​ពន្យល់​ហើយ​ចៃដន្យ​អី​ក្រុមគ្រួសារ​ហ្នឹង​ក៏​ជួប​អ៊ីចឹង ឧទាហរណ៍​។ អ៊ីចឹង​អាហ្នឹង​វា​មាន​ហើយ កុំ​ឲ្យ​អា​រឿង​តូចតាច​ហ្នឹង​ជា​បញ្ហា​ក្នុង​ជីវិត​»​។​


អ្នកស្រី​ យឹម សុធារី​ អ្នកឯកទេសព្យាបាល​ផ្លូវចិត្ត​ ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​ អំពី​សុខភាព​ផ្លូវចិត្ត​ក្នុងអំឡុងពេលនៃការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)
 
​អ្នកស្រី យឹម សុធា​រី អ្នកជំនាញ​ចិត្តសាស្ត្រ​បាន​ប្រាប់​វី​អូ​អេ​ថា​ក្រៅពី​ទទួលរង​ការឈឺចាប់​ផ្លូវកាយ​ដែល​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា អ្នក​កើត​ជំងឺ​នេះ​ក៏​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ផងដែរ​។​
 
«​ប៉ុន្តែ បើ​និយាយ​ពី​ផ្លូវចិត្ត សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ប៉ះពាល់​ខ្លាំង​។ ទីមួយ [​កូ​វីដ​] ជា​ព្រឹត្តិការណ៍​គំរាមកំហែង​ដល់​ជីវិត​សម្រាប់​គាត់​។​អ៊ីចឹង​វា​ជាការ​ប៉ះទង្គិច​ផ្លូវចិត្ត​មួយ​។​ដោយសារ​វា ថ្មី អត់​ដែល​ឮ ជាពិសេស វា​ជា​ជំងឺ​រាតត្បាត ជា​ជំងឺ​ដែល​អ្នកណាៗ ក៏​និយាយ​ពី​វា ហើយ​ឮដំណឹង​ពី​រឿង​ស្លាប់​ច្រើន​។ ដូច្នេះ​ការភ័យខ្លាច​ស្លាប់ ជា​សម្ពាធ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ផ្លូវចិត្ត​គាត់​នៅពេល​ហ្នឹង​»​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​ហើយ​ហេតុអ្វី​បានជា​វា​ជា​សម្ពាធ​ធ្ងន់ធ្ងរ​ទៀត គឺ​ព្រោះថា នៅពេលដែល​យើង​ឈឺ អ្នកណា​ក៏ដោយ យើង​ត្រូវការ អ្នក​ជិតស្និទ្ធ​យើង​នៅក្បែរ​។​ហើយ​ជំងឺ​នេះ ជា​ជំងឺ​ដែល​មិន​ឲ្យ​មាន​អ្នក​នៅក្បែរ​យើង​ជិតស្និទ្ធ​ទេ​។ អ៊ីចឹង វា​ផ្ទុយ​ពីអ្វី ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​»​។​
 
​អ្នកស្រី​បន្ថែមថា ប្រជាពលរដ្ឋ​គួរតែ​អនុវត្ត​ការរក្សា​គម្លាត​ពីគ្នា ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​នេះ​ប៉ុន្តែ​អ្នកស្រី​ថា​មុននឹង​អនុវត្ត​ការរក្សា​គម្លាត​ពីគ្នា ប្រជាពលរដ្ឋ​គួរតែ​«​ពន្យល់​»​ទៅ​អ្នក​ដែល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​កុំ​ឲ្យ​យល់​ខុស​ថា ការធ្វើ​ដូច្នេះ​ថា​ជាការ​រើសអើង​។​
 
«​ធ្វើបាន ប៉ុន្តែ​សូម​ពន្យល់​ហេតុផល ជាជាង​បែប​ទ្រគោះបោះបោក ឬក៏​បង្ហាញ​ទឹកមុខ​រើសអើង​អី​អ៊ីចឹងទៅ​»​។​
 
​ក្រោយពី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ លោក ដា អ៊ី ក៏ត្រូវ​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ដូច​ពលរដ្ឋ​ដទៃទៀត​នៅក្នុង​ប្រទេស​ដែរ​។​
 
«​គ្រាន់តែ​ថា នៅពេលដែល​យើង​កើត​កូ​វីដ​ហើយ វា​ភាពស្ងប់ស្ងាត់​។ ដូចជា​រកស៊ី​អី វា​អត់​ដូច​មុន​។  ប៉ុន្តែ​សុខភាព​អី​ធម្មតា អត់​អី​ទេ​។ [​កាល​មុន​] អតិថិជន​ច្រើន  ឥឡូវនេះ​ស្ងប់ស្ងាត់​។ ដូច​ថា ពីមុន​ធ្លាប់​រកបាន​ដប់​ម៉ឺន​ឥឡូវ​រកបាន​ពីរ​បី​ម៉ឺន​។ ភាគច្រើន ធ្លាក់​សេដ្ឋកិច្ច​»​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​កោតសរសើ​រ​ប្រទេស​កម្ពុជា​អំពី​ចំណាត់ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com