នៅ​ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់ បាន​ចំណូល​ជាង​៩,១​លាន​ដុល្លារ​
កីឡាជាតិ
ជាតិ
នៅ​ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់ បាន​ចំណូល​ជាង​៩,១​លាន​ដុល្លារ​
09, Jun 2020 , 10:22 am        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងដាក់ផែនការអនុវត្តសម្រាប់ឆ្នាំ២០២០
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងដាក់ផែនការអនុវត្តសម្រាប់ឆ្នាំ២០២០
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រក​ចំណូល​បាន​ជាង​៩,១​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ដោយ​ចំណូល​ទាំងនេះ​ទទួលបាន​ពី​ប្រភព​ចំណូល​ធំៗ​ចំនួន​១១​។ ក្រោយ​ទូទាត់​ចំណាយ​ចំណូល សហព័ន្ធ​នេះ នៅសល់​ថវិកាជាង​១,៦​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​បន្ត​នៅ​ឆ្នាំ​២០២០​។​

 
​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាន​ដោយ​លោក អ៊ុក សិទ្ធិ​ជាតិ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​រកចំណូលបាន​ចំនួន​៩,១១៦,៤៩៥.១៥​ដុល្លារ​។ ចំណូល​ទាំងនេះ​ទទួល​ពី​ថវិកា​នៅសល់​ឆ្នាំ​២០១៨​ចំនួន​៨០៧,៩៥៨.០៧​ដុល្លារ​, ថវិកា​លើក​ការ​ជំពាក់​ពី​ឆ្នាំ​២០១៨​ចំនួន​៨៤៩,១០០​ដុល្លារ​, ថិ​វ​កា​មិនទាន់​ទទួលបាន​ក្នុង​ឆ្នាំ​២០១៩​ចំនួន​១២០,០០០​ដុល្លារ​។ 
 
​ចំណែក​ចំណូល​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​មាន​ចំនួន​៣,៥៦៦,៣០៧.១១​ដុល្លារ​, សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​១,១៤១,០៨៦​ដុល្លារ​, ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​២៣០,៣៤៧.២៩​ដុល្លារ​, សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​១៧៨,២២០​ដុល្លារ​, សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​២៤,៩៥០​ដុល្លារ​, ចំណូល​ពី​សប្បុរសជន​១៣,០០០​ដុល្លារ​, ចំណូល​ពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន​១,១៥៩,៧១៣.៣៣​ដុល្លារ និង​ចំណូល​ក្រៅ​ផែនការ​១,០២៥,៨១៣,៣៥​ដុល្លារ​។​
 
​នៅក្នុង​ឆ្នាំ​២០១៩​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចំណាយ​ថវិកា​អស់​ចំនួន​៧,៤២៣,៤៧១.១២​ដុល្លារ​។ ថវិកា​ទាំងនេះ​ត្រូវបាន​ចំណាយ​លើ​គម្រោង​ធំៗ​ចំនួន​១២​រួមមាន​ការអភិវឌ្ឍ​ក្លិប​/​រចនាសម្ព័ន្ធ​សមាគម​បាល់ទាត់​រាជធានី​ខេត្ត​, រៀបចំ​ការប្រកួត​ថ្នាក់ជាតិ​(៦០១,៣០៩.៨២​ដុល្លារ​), ការអភិវឌ្ឍ​បាល់ទាត់​ថ្នាល​និង​យុវជន​(៦៨៩,៥៥២.៨២​ដុល្លារ​), អភិវឌ្ឍន៍​គ្រូបង្ហាត់​(៤៧,៨៥៣.៥១​ដុល្លារ​) និង​អភិវឌ្ឍន៍​អាជ្ញាកណ្តាល​(៩៥,៥៧៨.០១​ដុល្លារ​)​។​
 
​ដោយឡែក​ចំណាយ​លើ​ការអភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​និង​យុវជន​(៦២៥,៣៥២.៦២​ដុល្លារ​), ការអភិវឌ្ឍន៍​បាល់ទាត់​នារី​(២៩៣,៦៣៨.៤៨​ដុល្លារ​), អភិវឌ្ឍន៍​បាល់ទាត់​ក្នុង​សាល​(៤៥,៤៩៧.៤០​ដុល្លារ​), រៀបចំ​ការប្រកួត​លក្ខ​ណៈ​អន្តរជាតិ​(១,៥០៦,៧២៥.៨៣​ដុល្លារ​), ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាល់ទាត់​(២,០២៣,៥៥០.៧២​ដុល្លារ​), ចំណាយ​លើ​រដ្ឋបាល​និង​ប្រាក់បៀវត្សរ៍​(១,៤៩៤,៤១១.៩១​ដុល្លារ​) និង​ការអភិវឌ្ឍ​ផ្នែក​ទីផ្សារ ទំនាក់ទំនង និង​អ្នកគាំទ្រ​។ 
 
​ក្រោយ​ទូទាត់​ចំណាយ​ចំណូល​ក្នុង​ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅសល់​ថវិកា​ចំនួន​១,៦៩៣,០២៤.០៣​ដុល្លារ សម្រាប់​ប្រើប្រាស់​បន្ត​នៅ​ឆ្នាំ​២០២០​។ ចំនួន​នេះ​មានការ​កើនឡើង​ជាង​១០​ម៉ឹ​ន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​១,៥៣៧,០៥៨.០៧​ដុល្លា​។ នៅ​ឆ្នាំ​២០១៧ សហព័ន្ធ​នៅសល់​ថវិកា​ចំនួន​១,៤៧៧,៣២៧.៨៤​ដុល្លារ​៕  
 
 

Tag:
 បាល់ទាត់​
  ស សុខា​
  អ៊ុក សិទ្ធិ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com