សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការ កំណត់​ឲ្យ​ប៉ូលិស​សម្លាប់ Floyd តម្កល់​ប្រាក់​នៅក្រៅ​ឃុំ​យ៉ាងតិច ១​លាន​ដុល្លារ​
09, Jun 2020 , 11:02 am        
រូបភាព
អតីតប៉ូលិស លោក Derek Chauvin។ រូបភាព៖ AFP
អតីតប៉ូលិស លោក Derek Chauvin។ រូបភាព៖ AFP
​តុលាការ​អាមេរិក នៅ​ថ្ងៃទី​៨ ខែមិថុនា បានកំណត់​ឲ្យ​លោក Derek Chauvin អតីត​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis ដាក់​ប្រាក់​តម្កល់​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ចំនួន​១​លាន​ដុល្លារ ដើម្បី​រង់ចាំ​ការកាត់ទោស​។ ប៉ូលិស​រូបនេះ ត្រូវបាន​ចោទ​ពីបទ​ឃាតកម្ម​កម្រិត​ពីរ ជុំវិញ​ករណី​ស្លាប់​របស់លោក George Floyd ដែល​បង្ក​ឲ្យ​មាន​បាតុកម្មហិង្សា​ពេញ​អាមេរិក​។

 
​ក្នុង​សវនាការ​នៅ​តុលាការ​ស្រុក Hennepin ក្នុង​ថ្ងៃទី​៨ ខែមិថុនា លោក​ចៅក្រម Jeannice Reding បានកំណត់​ឲ្យ​លោក Derek Chauvin អតីតមន្ត្រី​ប៉ូលិស​ដែល​សង្កត់ក George Floyd តម្កល់​ប្រាក់​ជាច្រើន ដើម្បី​ស្ថិត​នៅក្រៅ​ឃុំ និង​រង់ចាំ​ការកាត់ទោស​។ 
 
​ការតម្កល់​ប្រាក់​នេះ លោក George Floyd អាចធ្វើ​ឡើង​តាម​វិធី​ពីរ​យ៉ាង​។ បើតាម​លោក​ចៅក្រម លោក Chauvin អាច​ប្រាក់​តម្កល់​ចំនួន ១​លាន​ដុល្លារ ដោយមាន​ភ្ជាប់​លក្ខខណ្ឌ និង​១,២៥​លាន​ដុល្លារ ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​។ លក្ខខណ្ឌ​នេះ ទាមទារ​ឲ្យ​អតីត​ប៉ូលិស មិន​កាន់​កាំភ្លើង ហាម​ធ្វើការ​នៅក្នុង​កងសន្តិសុខ ឬ​កងការពារ​ផ្សេងៗ ហាម​ចាក​ចេញពី​ទីក្រុង Minneapolis និង​ហាម​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​របស់​លោក Floyd ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សវនាការ​បន្ទាប់ ត្រូវបាន​លោក Reding កំណត់​នៅ​ថ្ងៃទី​២៩ ខែមិថុនា ដើម្បី​ជំនុំ​ជម្រះក្តី​លើ​រឿង George Floyd ម្តងទៀត​។ នាពេល​កន្លងមក លោក Chauvin ត្រូវបាន​គេ​ចោទ​ពីបទ​ឃាតកម្ម​កម្រិត​ពីរ ចំណែក​អតីត​ប៉ូលិស ៣​នាក់​ទៀត ដែលមាន​ពាក់ព័ន្ធ​ជាមួយ​ករណី​នេះដែរ ត្រូវគេ​ចោទ​ពីបទ ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ឲ្យ​ប្រព្រឹត្ត​បទ​ឃាតកម្ម​កម្រិត​ពីរ​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ករណី​ស្លាប់​របស់លោក Floyd បាតុកម្ម​ទ្រង់ទ្រាយ​ធំ បានកើត​ឡើងជា​ច្រើន​ក​ន្លែ​ង​នៅក្នុង​ទឹកដី​អាមេរិក ហើយ​បញ្ហា​ការស្លាប់​នេះ ក៏បាន​បង្ក​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន ធ្វើបាតុកម្ម​នៅ​ទីនោះ​ផងដែរ​៕ 
 
 

Tag:
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com