COVID-19
អន្តរជាតិ
ធនាគារពិភពលោក​៖ កំណើនសេដ្ឋកិច្ច​សកល​នឹង​ធ្លាក់ចុះ​៥,២​ភាគរយ​ក្នុង​ឆ្នាំ​២០២០
09, Jun 2020 , 2:40 pm        
រូបភាព
ប្រធានធនាគារពិភពលោក លោក David Malpass (AFP)
ប្រធានធនាគារពិភពលោក លោក David Malpass (AFP)
ដោយ:
​ជំងឺ​រាតត្បាត​សកល COVID-19 នឹង​ទម្លាក់​កំណើនសេដ្ឋកិច្ច​សកលរ​ហូត​ដល់​៥,២​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ ដែលជា​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត ចាប់ពី​សង្គ្រាមលោកលើកទី​២​មក​។ ធនាគារពិភពលោក បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​នៅ​ថ្ងៃទី​៨ ខែមិថុនា ដោយ​សង្កត់ធ្ងន់ថា ក្រោម​សេណា​រី​យ៉ូ​អាក្រក់​ផុត​លេខ កំណើនសេដ្ឋកិច្ច​សកល​អាច​ដាំ​ក្បាល​ចុះ​រហូតដល់​៨​ភាគរយ​។ ទន្ទឹមនេះ វិបត្តិ​នេះ ក៏​នឹង​រុញច្រាន​មនុស្ស​រាប់សិប​លាន​នាក់​ធ្លាក់​ចូលក្នុង​បន្ទាត់​ភាពក្រីក្រ​ខ្លាំង​ផងដែរ​។​

 
​ក្នុង​បណ្ដា​ប្រទេស​អ្នកមាន សកម្មភាព​សេដ្ឋកិច្ច រំពឹង​នឹង​ធ្លាក់ចុះ ៧​ភាគរយ ដ្បិត​ការ​រាលដាល​COVID-19 បន្ត​បង្អាក់​ខ្លាំង​លើ​តម្រូវការ​និង​ការផ្គត់ផ្គង់​ក្នុងស្រុក ព្រមទាំង​សកម្មភាព​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​។ របាយការណ៍ WB លើកឡើង​បែបនេះ​។ 
 
​ដោយឡែក សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​និង​មាន​ទីផ្សារ​លេចឡើង រំពឹង​នឹង​ដាំ​ក្បាល​ចុះ ២,៥​ភាគរយ ដែល​ការធ្លាក់ចុះ​លើកដំបូង​ក្នុងពេល​៦០​ឆ្នាំ​ចុងក្រោយ​។ ទន្ទឹមនេះ ចំណូល​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ (per capita income) ត្រូវបាន​ព្យាករ​ថា​ធ្លាក់ចុះ ៣,៦​ភាគរយ ដែល​នឹងធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​ខ្លាំង​។ 
 
​របាយការណ៍​ធនាគារ​ពិភពលោក​កម្រាស់​ជាង​២០០​ទំព័រ​ដដែល គូសបញ្ជាក់​ទៀតថា ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត គឺជា​ប្រទេស​ដែល​ជំងឺ​រាតត្បាត​សកល COVID-19 នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​សេដ្ឋកិច្ច​ពួកគេ​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​សកល វិស័យ​ទេសចរណ៍ និង​ការនាំចេញ​វត្ថុធាតុដើម​។ 
 
«​នេះ​គឺជា​របាយការណ៍​ទស្សន​វិស័យសេដ្ឋកិច្ច​អាក្រក់​មួយ ដោយ​វិបត្តិ​នេះ ទំនង​បន្សល់ទុក​ស្នាក​ស្នាម​រយៈពេល​វែង​ទៀត ហើយ​បង្កបញ្ហា​ប្រឈម​សកល​ធ្ងន់ធ្ងរ​»​។ អនុប្រធាន​ធនាគារពិភពលោក អ្នកស្រី Ceyla Pazarbasioglu បញ្ជាក់ប្រាប់​អ្នកព័ត៌មាន​បែបនេះ​នៅ​ថ្ងៃទី​៨ ខែមិថុនា ដោយ​ព្រមាន​ទៀតថា ជម្រៅ​នៃ​វិបត្តិ​នេះ នឹង​រុញច្រាន​មនុស្ស​៧០-១០០​លាន​នាក់​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​ខ្លាំង​។ ការ​ព្យាករ​ថ្មី​នេះ​គឺ​អាក្រក់​ជាង​លើក​មុន ៦០​លាន​នាក់​។ នេះ​បើតាម AFP ។ 
 
​របាយការណ៍​ក្រោម​ចំណងជើង «Global Economic Propects» ដែលមាន​៤​ជំពូក​ធំៗ​នេះ សង្កត់ធ្ងន់ថា​៖«​ការបិទទ្វារ​រោងចក្រ និង​បង្អាក់​ផលិតកម្ម​ទំនិញ​ពាក់កណ្ដាល​សម្រេច ជះឥទ្ធិពល​អវិជ្ជមាន​លើ​សង្វាក់​ផ្គត់ផ្គង់​ក្នុងប្រទេស កម្ពុជា ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ថៃ​។ ការ​រឹតត្បិត​ក្នុងស្រុក និង​ផលប៉ះពាល់​ពី​ខាងក្រៅ បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​ក្នុងការ​ប្រើប្រាស់ ការវិនិយោគ ផលិតកម្ម និង​លំហូរ​ពាណិជ្ជកម្ម ដែល​ឈានដល់​ការដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​»​។ 
 
​សូម​បញ្ជាក់ដែរថា កាលពី​សប្តាហ៍​មុន ធនាគារពិភពលោក ក៏បាន​បញ្ចេញ​របាយការណ៍​មួយ ដោយ​អះអាងថា ប្រទេស​កំពុង​អភិវឌ្ឍ និង​សហគមន៍​អន្តរជាតិ អាច​ចាត់វិធានការ​ចាំបាច់​ដើម្បី​ព​ន្លឿ​ន​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ពួកគេ ក្រោយ​វិបត្តិ​សុខាភិបាល​ដ៏​អាក្រក់​បំផុត​នេះ​ឆ្លង​ផុត ហើយ​នេះ​គឺ​ដើម្បី​បន្ថយ​ផលប៉ះពាល់​រយៈពេល​វែង​។ 
 
​ត្រង់ចំណុច​នេះ ប្រធាន​ធនាគារពិភពលោក លោក David Malpass លើកឡើង​ដូច្នេះ​ថា​៖«​ជម្រើស​គោលនយោបាយ​នាពេល​បច្ចុប្បន្ន រួមមាន តម្លាភាព​ផ្នែក​បំណុល​ច្រើនជាង​មុន​ដើម្បី​ទាក់ទាញ​វិនិយោគ​ថ្មី ព​ន្លឿ​ន​ទំនើបកម្ម​ផ្នែក​ការតភ្ជាប់​ឌី​ចី​ថ​ល និង​ពង្រីក​កម្មវិធី​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​ក្រីក្រ នឹង​ជួយ​កម្រិត​ការបំផ្លិចបំផ្លាញ និង​កសាង​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន​»៕
 
 

Tag:
 ធនាគារពិភពលោក​
  COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com