Hamilton គាំទ្រ​ឲ្យ​រំលំ​រូបសំណាក​អ្នកមាន​ចរិត​រើសអើង​ពូជសាសន៍​ជុំវិញ​ពិភពលោក​
កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton គាំទ្រ​ឲ្យ​រំលំ​រូបសំណាក​អ្នកមាន​ចរិត​រើសអើង​ពូជសាសន៍​ជុំវិញ​ពិភពលោក​
09, Jun 2020 , 7:39 pm        
រូបភាព
Lewis Hamilton កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One ទទូច​ឲ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដក «​និមិត្តសញ្ញា​ប្រកាន់ពូជសាសន៍​» បន្ទាប់ពី​ក្រុមបាតុករ​ទាញ​ទម្លាក់​រូបសំណាក​របស់​ពាណិជ្ជករ​ទាសករ​មួយ​ក្នុង​ទីក្រុង Bristol ប្រទេស​អង់គ្លេស​។​


​ម្ចាស់​ជើងឯក F1 ពិភពលោក ៦​ជំនាន់​រូបនេះ​គាំទ្រ​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​ដែល​បាន​ទម្លាក់​រូបសំណាក​ពាណិជ្ជករ​ទាសក​រនាស​ត​វត្សរ៍​ទី​១៧ លោក Edward Colston នៅក្នុង​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ឲ្យ George Floyd នៅ​ថ្ងៃទី​៧ ខែមិថុនា​។​
 

 
 
​ការផ្ទុះ​ការតវ៉ា​កើតឡើង ចាប់តាំងពី Floyd វ័យ​៤៦​ឆ្នាំ បាន​ស្លាប់​ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​នឹង​ដី​អស់​រយៈពេល​ជិត​៩​នាទី​។ ករណី​ខាងលើ កើតឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា George បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។ 
 
Hamilton និយាយថា រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​គួរតែ​អនុវត្ត​ការដកចេញ​និមិត្តសញ្ញា​ប្រកាន់​ជាតិ​សាសន៍​ទាំងនេះ​ដើម្បី​សន្តិភាព​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​បន្ថែមថា រូបសំណាក់​របស់ Colston ដែល​បាតុករ​ទាញ​ទម្លាក់​ចូល​ទឹក​នេះ​មិនគួរ​ស្រង់​ឡើងមក​លើគោក​វិញ​ទេ​។ នេះ​មិនមែនជា​លើក​ទី​១​ឡើយ​ដែល​អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​អង់គ្លេស បង្ហាញ​ការ​ឈឺឆ្អាល​ជុំវិញ​ការ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ទូទាំង​ពិភពលោក ក្រោយ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd​។​
 
​លោក Edward Colston ជា​អតីត​ពាណិជ្ជករ​អង់គ្លេស​ម្នាក់ ដែល​បាន​ស្លាប់​តាំងពី​ឆ្នាំ​១៧២១ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ដែលមាន​ចរិត​រើស​អាង​ពូជសាសន៍​។ Hamilton បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram ថា​៖«​ប្រសិនបើ​បាតុករ​ទាំងនោះ​មិនបាន​ដក​រូបសំណាក​នោះ​ចេញ​ទេនោះ ការផ្តល់​កិត្តិយស​ដល់​ពាណិជ្ជករ​ទាសករ​ដែល​ប្រកាន់​ជាតិ​សាសន៍​នៅតែមាន​»៕
 

Tag:
 Formula One
  Lewis Hamilton
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com