ជាតិ
សង្គមជាតិ
បុរស​កូ​ឡុំ​ប៊ី​ពីរ​នាក់ ត្រូវ​ជាប់ទោស​មួយជីវិត​នៅ​កម្ពុជា ពីបទ​នាំចូល​សារធាតុ​ញៀន​២០​គីឡូក្រាម​
09, Jun 2020 , 8:19 pm        
រូបភាព
​បុរស​ជនជាតិ​កូ​ឡុំ​ប៊ី​ពីរ​នាក់ ឈ្មោះ Quevedo Pinzonfelix Rodrigo អាយុ ៥៤​ឆ្នាំ និង​ឈ្មោះ Giraldo Marulandajuan Carlos អាយុ ៤៧ ត្រូវបាន​តុលាការ​កម្ពុជា ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ក្រោយ​រកឃើញថា ពួកគេ នាំចូល​សារធាតុ​ញៀន​កូ​កា​អ៊ីន (Cocaine) ២0​គីឡូក្រាម ពី​ប្រ​ទស​ប្រេ​ស៊ី​ល​។ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជនជាតិ​កូ​ឡុំ​ប៊ី​ទាំងពីរ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០។



កាសែត​ខ្មែរ​ថា​ម​ស៍ បាន​ស្រង់​សម្តី​របស់លោក សេង លាង ចៅក្រម​ជំនុំជម្រះ​ថា ក្រៅពី​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ពួកគេ ក៏ត្រូវ​បង់​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ចូលទៅ​រដ្ឋ​ផងដែរ​។  

បុរស​ជនជាតិ​កូ​ឡុំ​ប៊ី​ទាំងពីរ​នោះ ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការនាំ​សារធាតុ​ញៀន ពី​ប្រទេស​ប្រេ​ស៊ី​ល ចូលមក​កម្ពុជា តាំងពី​ចុងឆ្នាំ​២០១៧​មក​។ 
 
​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​សារព័ត៌មាន​ថ្មីៗ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ទាល់ ហើយ​លោក នឹង​ឲ្យ​មន្ត្រី​របស់លោក ផ្តល់ព័ត៌មាន​អំពី​សំណុំរឿង​របស់​បុរស​ជ​ន​ជាតិ​កូ​ឡុំ​ប៊ី​ទាំងពីរ​នាក់​នោះ​។ ចំណែក លោក សួស វិទ្យា​រ៉ា​ឌី ជា​អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ហ៊ាន​ផ្តល់ព័ត៌មាន​ឡើយ ដោយ​លោក សុំ​ទៅ​សួរ​ព័ត៌មាន​នេះ ពី​ចៅក្រម​និង​ពិនិត្យមើល​ជាមុនសិន​៕ 

Tag:
 បុរស​កូ​ឡុំ​ប៊ី​
  ទោស​មួយជីវិត​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com