COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ សហព័ន្ធបាល់ទាត់ប្រេស៊ីលបញ្ចេញលុយជិត៣០លានដុល្លារ ជួយក្លិបដោះទាល់
× សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានបង្កើតមូលនិធិសង្គ្រោះមួយដែលមានចំនួនទឹកប្រាក់ជិត ២១លានដុល្លារអាមេរិក ដើម្បីជួយក្លិបក្នុងលីគកំពូលប្រេស៊ីលក្នុងកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺ COVID-19។
លីគកីឡាបាល់ទាត់ភាគច្រើន រួមទាំងនៅប្រេស៊ីលផងបានផ្អាកការប្រកួតលីគគ្រប់កម្រិតតាំងពីខែមីនាមកម្លេះ ដោយសារការភ័យខ្លាចការរាតត្បាតជំងឺ COVID-19 ។ ដោយសារការផ្អាកនេះ ក្លិបនានាបានព្យាយាមដោះស្រាយការចំណាយរបស់ពួកគេ ក្រោយបាត់បង់ចំណូលពីការប្រកួត និងការលក់សំបុត្រចូលទស្សនាផង។
ដោយមើលឃើញពីការលំបាកផ្នែកហិរញ្ញវត្ថុនេះ CBF បានបញ្ចេញប្រាក់ចំណាយរបស់ខ្លួន ដើម្បីសម្រួលដល់ក្លិបក្នុងប្រទេស។ ប្រាក់២១លានដុល្លារនឹងត្រូវបញ្ជូនទៅឲ្យក្លិបទាំង២០ នៃលីគកំពូលប្រេស៊ី Serie A ខណៈប្រាក់៣លានដុល្លារត្រូវផ្តល់ជូនក្លិបក្នុងលីគកម្រិតទី២។
កន្លងទៅ CBF ក៏ធ្លាប់បានផ្តល់ប្រាក់ចំនួន ៤លានដុល្លារដល់ក្លិបក្នុងក្របខណ្ឌលំដាប់ទី៣ និងទី៤ របស់ប្រេស៊ីលរួចហើយ រួមទាំងលីគលំដាប់កំពូលផ្នែកនារីផងដែរ។
មកទល់ពេលនេះ ប្រេស៊ីលមានករណីអ្នកស្លាប់ដោយសារ COVID-19 ចំនួនជាង ៣៧០០០នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណាមប្រទេសនៅតំបន់អាមេរិកឡាទីន។ ដោយឡែកអ្នកឆ្លងមានចំនួនជាង ៧១០០០០ ករណី ខណៈអ្នកសះស្បើយមានជាង៣២៥០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com