COVID-19
អន្តរជាតិ
លោកស្រីការី ឡាំ៖ ហុងកុង មិនអាចទ្រាំទ្រនឹងបាតុកម្មបានទៀតឡើយ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ AFP
× ប្រមុខដឹកនាំហុងកុង លោកស្រី ការី ឡាំ បានអះអាងថា ទីក្រុងហុងកុង មិនអាចទ្រាំទ្របាតុកម្មបានទៀតឡើយ។ ការលើកឡើងរបស់ប្រមុខហុងកុងនៅថ្ងៃទី៩ ខែមិថុនានេះ ធ្វើឡើងស្របពេលក្រុមបាតុករហុងកុង ប្រារព្ធធ្វើខួប ១ឆ្នាំនៃបាតុកម្មនៅក្នុងទីក្រុង។
តាមរយៈសន្និសីទកាសែតប្រចាំសប្តាហ៍ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នា អាចមើលឃើញពីផលវិបាក ដែលយើងបានឆ្លងកាត់ពីអតីតកាលរួចមកហើយ និងដោយសារស្ថានភាពអាក្រក់ទាំងនេះ យើងនៅមានបញ្ហាជាច្រើនទៀត ត្រូវដោះស្រាយ»។ ការលើកឡើងរបស់ប្រមុខហុងកុងរូបនេះ ធ្វើឡើងចំពេលខួប ១ឆ្នាំនៃបាតុកម្មក្នុងទីក្រុងហុងកុង ដោយសារតែសេចក្តីស្នើច្បាប់បត្យាប័ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងន័យនេះ លោកស្រីការី ឡាំ បានអំពាវនាវឲ្យសមាជិកសភាហុងកុងទាំងអស់ រៀនពីកំហុស ដែលហុងកុងមិនអាចទ្រាំទ្របាន។ ទាក់ទិននឹងបញ្ហាខាងលើ ប្រមុខដឹកនាំហុងកុង ទំនងជាចង់សំដៅដល់បាតុកម្មនាពេលកន្លងមក ហើយនៅពេលខាងមុខ បាតុកម្ម អាចនឹងបន្តកើតមានទៀតប្រឆាំងការបង្កើតច្បាប់សន្តិសុខជាតិ និងច្បាប់ដែលដាក់ទោសអ្នកមិនគោរពភ្លេងជាតិចិន។
កាលពីឆ្នាំមុនក្នុងខែមិថុនានេះ ប្រជាជនហុងកុងជាច្រើនម៉ឺននាក់ បានចេញមកធ្វើបាតុកម្មនៅតាមដងផ្លូវ ដើម្បីទាមទារឲ្យរដ្ឋបាលហុងកុង លុបចោលសេចក្តីស្នើច្បាប់បត្យាប័ន។ បើទោះបីជាសេចក្តីស្នើច្បាប់ត្រូវបានលុបចោលក៏ដោយ ក៏បាតុកម្មហុងកុងនៅតែបន្តកើតមានរហូតដែរ ទល់តែ COVID-19 បានអុកឡុកនៅក្នុងទីក្រុងមួយនេះ ទើបបាតុករហុងកុងផ្អាកបណ្តោះអាសន្ន។
សេចក្តីស្នើច្បាប់ភ្លេងជាតិចិន ដែលត្រូវបានសភាហុងកុង អនុម័តក្នុងពេលកន្លងមកនេះ បូករួមទាំងការអនុម័តផែនការសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង ពីសំណាក់សភាប្រជាជនចិន បានបង្កឲ្យមានបាតុកម្មមានសារជាថ្មី បើទោះបីជាស្ថិតក្នុងកាលៈទេសៈ COVID-19 ក៏ដោយ។
ក្នុងថ្ងៃខួប ១ឆ្នាំនៃបាតុកម្មក្នុងក្រុងហុងកុងនេះ ប្រជាជនជាច្រើននាក់ចេញមកជួបជុំគ្នានៅរសៀលថ្ងៃទី៩ ខែមិថុនានេះជាថ្មី ហើយនៅថ្ងៃទី១១ ខែមិថុនា ប្រជាជនហុងកុង នឹងជួបជុំ ដើម្បីប្រារព្ធខួបបាតុកម្ម ១ឆ្នាំ។ ក្រៅពីនេះប្រជាជនហុងកុង ក៏បានប្រកាសពីគម្រោងធ្វើប្រជាមតិ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខផងដែរ ដើម្បីសម្រេចពីការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com