អន្តរជាតិ
ការសិក្សា​៖ មហាកំពែង​ចិន​កំណាត់​ខាងជើង ពុំ​កសាង​ដើម្បី​រារាំង​ទ័ព​ម៉ុង​ហ្គោ​លី​ឡើយ​
10, Jun 2020 , 7:59 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​កំណាត់​ភាគ​ខាងជើង​នៃ​មហាកំពែង​ចិន ពុំ​ត្រូវ​សាងសង់ឡើង​ក្នុង​គោលដៅ​រារាំង​កងទ័ព​ឈ្លានពាន​ឡើយ ប៉ុន្តែ​ដើម្បី​តាមដាន​សកម្មភាព​ប្រជាជន​។ បុរាណវត្ថុវិទូ​អ៊ីស្រាអែល បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៩ ខែមិថុនា​។​

 
​នៅពេល​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល​បានកំណត់​ផែនទី​ទាំងស្រុង​នៃ​ផ្នែក​ខាងជើង​ប្រវែង ៧៤០​គីឡូម៉ែត្រ​របស់​មហាកំពែង​ចិន​ជា​លើកដំបូង ការរកឃើញ​ពួកគេ គឺ​ផ្ទុយ​នឹង​ការ​សន្មត​របស់​ការសិក្សា​មុនៗ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​នៅ​មុនពេល​ការស្រាវជ្រាវ​យើង មនុស្ស​ភាគច្រើន​បានគិត​ថា គោលបំណង​នៃ​ការកសាង​មហាកំពែង​គឺ​ដើម្បី​បញ្ឈប់​កងទ័ព​របស់​ស​ង់​ស៊ី​ខាន់ (Genghis Khan)»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Gideon Shelach-Lavi មកពី​សាកលវិទ្យាល័យ Hebrew ប្រចាំ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែល​ដឹកនាំ​ការសិក្សា​រយៈពេល​២​ឆ្នាំនេះ​។ 
 



​ក៏ប៉ុន្តែ កំណាត់​ភាគ​ខាងជើង​ដែល​លាតសន្ធឹង​ភាគច្រើន​ក្នុងប្រទេស​ម៉ុង​ហ្គោ​លី គឺមាន​កម្ពស់​ទាប និង​ជិត​ផ្លូវ​ដើរ ដែល​បង្ហាញថា វា​ពុំ​អាច​បម្រើ​គោលដៅ​យោធា​បានឡើយ​។ ត្រង់ចំណុច​នេះ លោក​សាស្ត្រាចារ្យ​សង្កត់ធ្ងន់ថា​៖«​សេចក្តីសន្និដ្ឋាន​យើង គឺថា វា​មាន​គោលដៅ​តាមដាន ឬ​រារាំង​ចលនា​ប្រជាជន និង​ការដឹកជញ្ជូន​ទំនិញ ហើយ​នោះ​គឺ​ទំនងជា​ទារពន្ធ​ដារ​ពួកគេ​»​។​
 
​ការសាងសង់​មហាកំពែង​ចិន ដែល​ត្រូវ​បែងចែក​ជាច្រើន​ផ្នែក ហើយ​លាតសន្ធឹង​សរុប​រាប់ពាន់​គីឡូម៉ែត្រ បានចាប់ផ្ដើម​ដំបូង​កាលពី​៣​សតវត្សរ៍​ដំបូង​មុន​គ្រឹ​ស្ត​សករាជ (BC) ហើយ​បាន​បន្ត​រាប់​សតវត្សរ៍​។ នេះ​បើតាម AFP ។ ផ្នែក​ភាគ​ខាងជើង​នៃ​កំពែង​ចិន (Northern Line) ដែល​ក៏​ស្គាល់​ថា «​ជញ្ជាំង​របស់​សង់​ស៊ី​ខាន​» ដោយ​យកតាម​ឈ្មោះ​មេដឹកនាំ​ម៉ុង​ហ្គោល ត្រូវបាន​សាងសង់​ចន្លោះ​សតវត្សរ៍​ទី​១១ និង​ទី​១៣​។ 
 
​សូមបញ្ជាក់ថា លោក Shelach-Lavi និង​ក្រុម​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល​លោក​, អ្នកស្រាវជ្រាវ​អាមេរិក និង​ម៉ុង​ហ្គោ​លី បាន​ប្រើ​ដ្រូ​ន រូបភាព​ថត​ពី​ផ្កាយរណប​កម្រិត​ខ្ពស់ (High-resolution) និង​ឧបករណ៍​បុរាណវិទ្យា​បែប​ប្រពៃណី ដើម្បី​កំណត់​ផែនទី​ជញ្ជាំង និង​ស្វែងរក​ត្ថុ​សល់​ពី​សម័យបុរាណ​ដែល​ជួយ​ពួកគេ​កំណត់​កាលបរិច្ឆេទ​សាងសង់​៕
 
 

Tag:
 អ៊ីស្រាអែល​
  ម៉ុង​ហ្គោ​លី​
  មហាកំពែង
© រក្សាសិទ្ធិដោយ thmeythmey.com