អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស​ស្នើ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ឲ្យ​ស៊ើបអង្កេត​អំពើហិង្សា​បង្កដោយ​ប៉ូលិស​អាមេរិក​
09, Jun 2020 , 5:18 pm        
រូបភាព
ការប្រឈមមុខរវាងបាតុករ និងប៉ូលិសនៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបភាព Xinhua
ការប្រឈមមុខរវាងបាតុករ និងប៉ូលិសនៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបភាព Xinhua
​សកម្មជន​សិទ្ធិមនុស្ស និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បើក​ការស៊ើបអង្កេត​លើ​ករណី​ហិង្សា និង​ការបង្ក្រាប​បាតុករ​ពី​សំណាក់​ប៉ូលិស​អាមេរិក​។ នៅ​អាមេរិក បាតុកម្ម​បាន​ផ្ទុះឡើង​សឹង​មួយ​ប្រទេស​ក្រោយ​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ ច​ន ហ្វ្ល​យ ក្រោយ​ត្រូវ​ប៉ូលិស​ស្បែក​ស​សង្កត់ក ហើយ​ពេលខ្លះ​បាតុកម្ម​ក៏​ប្រែ​ទៅជា​ហិង្សា​ទៅទៀត​។ 

 
​ក្នុង​លិខិត​រួមគ្នា​ចុះ​ថ្ងៃទី​៨ ខែមិថុនា ក្រុម​សិទ្ធិមនុស្ស​ជាង​៦០០ បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការកើនឡើង​ការឆ្លើយតប​ហិង្សា​របស់​ប៉ូលិស​ប្រឆាំង​បាតុករ​អហិង្សា​នៅ​អាមេរិក​។ លិខិត​ដែល​គាំទ្រ​ដោយ​អង្គការសិទ្ធិមនុស្ស​ធំៗ​នៅ​អាមេរិក​ដូចជា​សហភាព​សេរីភាព​ស៊ីវិល​អាមេរិក សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស និង​អង្គការ​ពិភពលោក​ប្រឆាំង​ការធ្វើ​ទារុណកម្ម ត្រូវបាន​ផ្ញើជូន​សមាជិក​ទាំង​៤៧​ប្រទេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដើម្បី​ស្នើ​ឲ្យ​មាន​ការបើក​កិច្ចប្រជុំ​សំដៅ​ស៊ើបអង្កេត​សកម្មភាព​ហិង្សា​របស់​ប៉ូលិស​អាមេរិក​។​
 
​បើ​មាន​សំណើ​ពី​សមាជិក​មួយ​ភាគបី ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​គ្រោង​ប្រជុំ​នៅ​ថ្ងៃទី​១៥ ខែមិថុនា អាចមាន​កិច្ចប្រជុំ​លើ​ប្រធានបទ​នេះ​បាន​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា ស្ថាប័ន​នេះ​អាច​ដោះស្រាយ​បញ្ហា​បានទេ ព្រោះ​អាមេរិក​លែង​ជា​សមាជិក​ពីរ​ឆ្នាំ​មកហើយ​។​
 
​លិខិត​ខាងលើ ក៏មាន​ឈ្មោះ​សាច់ញាតិ ច​ច ហ្ល្វ​យ ដែល​ស្លាប់​ដោយសារ​ប៉ូលិស​អាមេរិក​សង្កត់ក​កាលពី​ចុងខែ​ឧសភា​។ អំពើ​ព្រៃផ្សៃ​នេះហើយ​ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​នៅ​អាមេរិក រហូត​មានការ​ប៉ះទង្គិច​រវាង​ប៉ូលិស និង​បាតុករ​ទៀតផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លិខិត​រួមគ្នា​នេះ​បាន​ហៅ​ការស្លាប់​របស់ ហ្វ្ល​យ ជា​ចំណែក​តូច​មួយ​នៃ​ការសម្លាប់​ជន​ស្បែក​ខ្មៅ​ដោយ​ខុសច្បាប់​ពី​សំណាក់​ប៉ូលិស និង​ជនជាតិ​ស្បែ​កស​។​
 
«​យើង​បារម្ភ​យ៉ាងខ្លាំង​ពី​ការកើនឡើង​ការឆ្លើយតប​ដោយ​ហិង្សា​ទៅលើ​បាតុករ​សន្តិភាព​នៅ​អាមេរិក​ដូចជា​ការប្រើ​គ្រាប់កាំភ្លើង​ជ័រ ឧស្ម័ន​បង្ហូរទឹកភ្នែក ការបាញ់​ស្ព្រៃ​យ៍​ម្រេច ហើយ​ពេលខ្លះ​គ្រាប់កាំភ្លើង​ពិត ដែលជា​ការបំពាន​ស្តង់ដារ​អន្តរជាតិ​ស្ដីពី​ការប្រើប្រាស់​កម្លាំង និង​ការគ្រប់គ្រង​ការជួបជុំ​។​» នេះ​ជា​សំណេរ​ក្នុង​លិខិត​ដដែល​។ 
 
​ក្រុម​អង្គការសិទ្ធិមនុស្ស និង​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ទង្វើ​ប៉ូលិស​អាមេរិក ក៏​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​មិន​ជួយ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការបង្រួបបង្រួម បែរជាយក​បញ្ហា​នេះ​ជា​អាវុធ​ក្នុង​វោហារសាស្ត្រ​របស់ខ្លួន​ទៅវិញ​។ ពួកគេ ក៏​បន្ត​រិះគន់​ការពង្រាយ​កង​ឆ្មាំ​ការពារជាតិ​ជាង​៦​ម៉ឺន​នាក់​ក្នុង​តាម​បណ្ដា​រដ្ឋ​ដើម្បី​ទប់ទល់​បាតុករ ដែល​ប្រៀប​ដូចនឹង​ការ​តទល់​រវាង​យោធា និង​សត្រូវ​អាមេរិក​ដូច្នោះ​ដែរ​៕

Tag:
 អាមេរិក​
  UN)
© រក្សាសិទ្ធិដោយ thmeythmey.com