ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីសង្ឃឹមថា ការនាំស្វាយទៅចិន នឹងផ្តល់ចំណូលកាន់តែច្រើនដល់ពលរដ្ឋខ្មែរ ដែលកំពុងលំបាកនឹងកូវីដ រូបពីសមាគមស្វាយខេត្តកំពង់ស្ពឺ
× នៅថ្ងៃទី៩ ខែមិថុនា ២០២០នេះ កម្ពុជា-ចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ចិន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកថា៖«តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ [ខ្មែរ] ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩»។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាកសិករ និងពាណិជ្ជករ ពង្រឹងបច្ចេកទេសដាំដុះ ឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវដើម្បីកម្ពុជា អាចមានលទ្ធភាពកែច្នៃផ្លែស្វាយ ឲ្យទទួលបានផលប្រយោជន៍កាន់តែច្រើន។ សម្តេចនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលសំខាន់បំផុត ក្នុងការនាំផ្លែស្វាយកម្ពុជា ទៅកាន់ចិន គឺត្រូវមានអនាម័យ។
ប្រមុខរដ្ឋាភិបាល បានសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ប្រមុខរដ្ឋាភិបាល ក៏បានអរគុណឯកអគ្គរដ្ឋទូតចិន និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលបានចូលរួមជំរុញការងារនេះ រហូតឈានដល់មានកិច្ចព្រមព្រៀងជាផ្លូវការ។
មេដឹកនាំកម្ពុជា សរសេរដូច្នេះថា៖«នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចម្ការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចម្ការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន»។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រងព្រងជាមួយភាគីចិន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា កម្ពុជាអាចនាំចេញផ្លែស្វាយ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ៕
Tag:
ហ៊ុន សែន
កម្ពុជា-ចិន
ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com