អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំផ្តាច់ការប៊ូរុនឌី Pierre Nkurunziza ស្លាប់ក្នុងវ័យ ៥៥ឆ្នាំដោយគាំងបេះដូង
× មេដឹកនាំផ្តាច់ការប៊ូរុនឌី ប្រធានាធិបតី ព្យែរ គុរុនស៊ីសា(Pierre Nkurunziza) បានស្លាប់ដោយសារបញ្ហាគាំងបេះដូងក្នុងវ័យ ៥៥ ឆ្នាំ នៅថ្ងៃអង្គារទី ៩ ខែមិថុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ប្រភពរដ្ឋាភិបាលប៊ូរុនឌី។
ប្រភពរដ្ឋាភិបាលប៊ូរុនឌី បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតី ព្យែរ គុរុនស៊ីសា បានស្លាប់នៅថ្ងៃអង្គារទី ៩មិថុនានេះដោយសារជំងឺគាំងបេះដូង។ «រដ្ឋាភិបាលសាធារណរដ្ឋប៊ូរុនឌីសូមប្រកាសដំណឹងដ៏ក្រៀមក្រំបំផុតមួយគឺ ការស្លាប់របស់ប្រធានាធិបតី ព្យែរ គុរុនស៊ីសា ក្រោយមានបញ្ហាគាំងបេះដូង»។ រដ្ឋាភិបាលរដ្ឋអាហ្វ្រិកនេះប្រកាសដូច្នេះ។
តាមពិតទៅ លោកគ្រងនឹងចុះចេញពីតំណែងនៅខែសីហាខាងមុខ បន្ទាប់ពីសម្ព័នមិត្តរបស់ខ្លួនឈ្នះការបោះឆ្នោតកាលពីថ្ងៃ ២០ខែឧសភាកន្លងទៅ។
សូមទាញការចាប់អារម្មណ៍បន្តិចថា មេដឹកនាំអាហ្វ្រិករូបនេះឡើងកាន់តំណែងតាំងពីឆ្នាំ ២០១៥ និងស្ថិក្នុងគណបក្សកាន់អំណាចក្រុមប្រឹក្សាជាតិដើម្បីការពារប្រជាធិបតេយ្យ និងកម្លាំងដើម្បីការពារប្រជាធិបតេយ្យ (NCDD-FDD) ហើយលោកត្រូវបានគេចាត់ទុកជាមេដឹកនាំផ្តាច់ការមូយរូបនៅអាហ្វ្រិក។ លោកមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងឆ្នាំ ២០១៥ ពេលដែលវិបត្តិនយោបាយ រួមជាមួយរដ្ឋប្រហារបរាជ័យមួយផ្ទុះឡើងដោយសារមហិច្ឆតាបន្តក្តោបក្តាប់អំណាចរបស់ខ្លួន។
ក្នុងពេលនោះ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល លោក គុរុនស៊ីសា ត្រូវចុះចេញពីអំណាចក្រោយពេលដែលខ្លួនគ្រប់គ្រងប្រទេសអស់ពីរអាណត្តិហើយ។ យ៉ាងណាមិញ មេដឹកនាំរូបនេះជំទាសដោយឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ ២០១៥ រួមទាំងទាមទារឲ្យមានការកែរដ្ឋធម្មនុញ្ញផង។ ទាំងនេះហើយ ជាដើមហេតុបញ្ឆេះចលនាប្រជាជន និងការអន្តរាគមន៍ពីក្រុមយោធាដូចគ្នា។ បើតាមស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រជាជនប៊ូរុនឌីរាប់រយនាក់បានស្លាប់បាត់បង់ជីវិតក្នុងចលនាតវ៉ាអំឡុងពេលវិបត្តិនយោបាយនេះដែរ។
ប៉ុន្តែសំណាងមិនល្អ រដ្ឋប្រហារបរាជ័យ ហើយមេដឹកនាំរូបនេះមានលទ្ធភាពប្រមូលផ្តុំអំណាចវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាឲ្យខ្លួនអាចបន្តកាន់អំណាចពីរអាណត្តិទៅមុខទៀតផង ក៏ដូចជាបង្កើនរយៈពេលក្នុងមួយអាណត្តិពីប្រាំឆ្នាំដល់ប្រាំពីរឆ្នាំដែរ ក្នុងការបោះឆ្នោតប្រជាមតិមួយកាលពីឆ្នាំ ២០១៨។ ក្នុងពេលនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ លោក គុរុនស៊ីសា បានសន្យាមិនបន្តឈរឈ្មោះជាថ្មីទៀតទេ នៅពេលដែលអាណត្តិនយោបាយរបស់លោកបញ្ចប់ក្នុងឆ្នាំ ២០២០។
ដូចការរំពឹងទុក មកដល់ឆ្នាំ ២០២០ លោកបានព្រមព្រៀងចាកចេញពីកៅអីរបស់ខ្លួន បន្ទាប់ពីត្រួសត្រាយផ្លូវសម្រាប់សម្ព័ន្ធមិត្តខ្លួនឧត្តមសេនីយ៍ Évariste Ndayishimiye ឈានទៅឈ្នះឆ្នោត និងកាន់តំណែងបន្តក្នុងការបោះឆ្នោតថ្ងៃ ២០ ឧសភាកន្លងទៅ។ Ndayishimiye ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងសន្តិសាធារណៈ ហើយលោកក៏ជាមនុស្សស្និទ្ធបំផុតរបស់ប្រធានាធិបតី គុរុនស៊ីសាដែរ។
តាមពិតទៅ ដើម្បីតបស្នងការព្រមពៀងចាកចេញពីតំណែងរបស់មេដឹកនាំរូបនេះ ដែលអាចជួយបញ្ចៀសការផ្ទុះឡើងនៃវិបត្តិនយោបាយជាថ្មីផងនោះ សភាប៊ូរុនឌីបានសម្រេចបោះឆ្នោតអនុម័តច្បាប់មួយកាលពីចុងខែមករាដើម្បីផ្តល់កញ្ចប់ថវិកាចូលនិវត្តប្រហែល ៥៣ ម៉ឺនដុល្លារ និងវីឡាប្រណិតមួយកន្លែងផង ហើយបរមងារ «មេដឹកនាំកំពូល»ក៏ត្រូវបានគេស្នើឡើងដើម្បីផ្តល់ជូនលោកដូចគ្នា។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC៕
© រក្សាសិទ្ធិដោយ thmeythmey.com