COVID-19
អន្តរជាតិ
នៅពេល​បិទ​សាលារៀន​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្មេងស្រី​ពេញវ័យ​ពិចារណា​រៀបការ​ដោយ​សង្ឃឹមថា ចេញ​ផុតពី​ភាពក្រីក្រ​
10, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ក្មេងស្រីសិស្សសាលាមួយក្រុមឈរខាងក្រៅហាងមួយនៅក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ក្មេងស្រីសិស្សសាលាមួយក្រុមឈរខាងក្រៅហាងមួយនៅក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
​សេចក្តីរាយការណ៍​ព័ត៌មាន​ឲ្យ​ដឹងថា ក្មេងស្រី​ពេញវ័យ​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ខ្លាច​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កំពុង​ពិចារណា​រៀបការ ហើយ​មានកូន​ឱ្យបាន​រហ័ស​។​

 
​អង្គការ CAMFED ជា​អង្គការ​មួយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការសិក្សាអប់រំ​របស់​ក្រុម​ក្មេងស្រី​នៅក្នុង​តំបន់​ខាងត្បូង​សមុទ្រ​ខ្សាច់​សាហា​រ៉ា​។ អង្គការ​នេះ​និយាយថា ដោយសារតែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​បានធ្វើឱ្យ​ភាពក្រីក្រ​និង​អសន្តិសុខ​ម្ហូបអាហារ​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ ហើយ​សាលារៀន​ភាគច្រើន​បាន​បិទទ្វារ​ផង​នោះ  ក្មេងស្រី​ខ្លះ​ផ្តល់​អាទិភាព​ដល់​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌​ច្រើនជាង​ការសិក្សាអប់រំ​។​
 
​អ្នកស្រី Rose Alexander ជា​សមាជិកា​នៃ​អង្គការ CAMFED ដែល​ធ្វើការ​ដើម្បី​បញ្ចៀស​និង​បំបាត់​ការរៀប​ការ​ពី​ក្មេង​នៅក្នុង​ប្រទេស​ម៉ាឡាវី​។ អ្នកស្រី Alexander ឲ្យ​ដឹងថា មាន​មនុស្ស​ខ្លះ​និយាយថា «​សាលារៀន​មិន​បើក​វិញ​ទេ ដូច្នេះ​រៀបការ​ទៅ​»​។​
 
​ជាការ​ឆ្លើយតប​នឹង​គំនិត​បែបនេះ  ពួក​សមាជិក​នៃ​អង្គការ CAMFED ដូចជា​អ្នកស្រី Alexander បាន​ទាក់ទង​នឹង​ពួក​ក្មេងស្រី​ហើយ​បាន​ពណ៌នា​អំពី​ហានិភ័យ​នៃ​ការ​រៀបការ​ពី​ក្មេង​និង​ការ​មាន​ផ្ទៃពោះ​ឆាប់​ពេក នៅពេល​អង្គការ​នេះ​គាំទ្រ​ពួកក្មេង​ស្រី​ក្នុងការ​សិក្សា​របស់​ពួកគេ​។​
 
​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​សាកល Center for Global Development ហៅ​កាត់​ថា CGD ជា​ក្រុម​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ ពួក​អ្នក​ឆ្លើយតប​នឹង​ការស្ទង់មតិ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​សាកល​ចំនួន​៧៨​ភាគរយ​បាន​សម្តែង​កង្វល់​ថា ការបិទ​សាលារៀន​បាន​បង្កើន​អំពើហិង្សា​ទាក់ទង​នឹង​យ៉ែ​ន​ឌ័​រ​។​
 
​លោក Faith NKala ជានា​យកជាតិ​នៃ​អង្គការ CAMFED ប្រចាំ​ប្រទេស​ស៊ីម​បា​វ៉េ​។​លោក​បាន​និយាយថា​៖« សាលារៀន​ដែលមាន​ការគាំទ្រ​ខាង​សង្គម​ដែល​គេ​បានផ្តល់​ឲ្យ​នោះ អាចជា​កន្លែង​មាន​សុវត្ថិភាព​មួយ​សម្រាប់​ពួក​កុមារ ជាពិសេស​ពួកក្មេង​ស្រី ដែល​នៅ​ទីនោះ​ពួកគេ​អាច​ទទួល​ការគាំទ្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​ប្រឈម​នៅក្នុង​សាលារៀន​និង​នៅផ្ទះ​»​។​
 
​នៅក្នុង​សេចក្តី​សង្ខេប​ព័ត៌មាន​ចេញផ្សាយ​នៅ​ខែមីនា​ឈ្មោះ​ឯកសារ COVID-19 Preparedness and Response Interim Technical Brief របស់ខ្លួន អង្គការ​មូលនិធិ​ពលរដ្ឋ​អ​.​ស​.​ប​.​បានចង្អុលបង្ហាញ​អំពី​គ្រោះថ្នាក់​ដែល​ពួកក្មេង​ស្រី​អាច​ប្រឈម នៅពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ឯកសារ​នេះ​បាន​និយាយថា​៖ «​ពួក​ស្ត្រី​និង​ពួក​ក្មេងស្រី​មាន​ហានិភ័យ​ខ្លាំង​ដោយសារ​អំពើហិង្សា​ខាង​យ៉ែ​ន​ឌ័​រ​និង​ការគំរាមកំហែង​នៃ​ការអនុវត្ត​ដែល​នាំឱ្យមាន​គ្រោះថ្នាក់ ដោយមាន​រួមបញ្ចូល​ការ​ច្រិ​ប​យោនី​និង​ការបង្ខំ​ឱ្យ​រៀបការ​ពី​ក្មេង  ជាពិសេស​សម្រាប់​ក្រុម​ក្មេងស្រី​នៅក្នុង​តំបន់​ក្រីក្រ​និង​ពិបាក​ធ្វើដំណើរ​ទៅដល់​»​។​
 
​អ​.​ស​.​ប​. បាន​ហៅ​ការកើនឡើង​នៃ​អំពើហិង្សា​ផ្អែកលើ​យ៉ែ​ន​ឌ័​រ​នេះ​ថា ជាការ​រាតត្បាត​ដោយ​លាក់កំបាំង​។​
 
​ឯកសារ​មជ្ឈមណ្ឌល​ស​ម្រា​ប់​ការអភិវឌ្ឍ​សាកល​បង្ហាញថា ពួកក្មេង​ស្រី​មាន​ផលប៉ះពាល់​ច្រើនជាង​ក្មេងប្រុស​ដោយសារ​ការបិទ​សាលារៀន​បណ្តាលមកពី​ការ​រា​ត្បា​ត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ចំនួន​៦៩​ភាគរយ​នៃ​ពួក​អ្នក​ឆ្លើយតប​ការស្ទង់មតិ​បាន​និយាយថា ពួកគេ​មានជំនឿថា កុមារី​ទំនង​រង​ផលប៉ះពាល់​ច្រើនជាង​កុមារា​ដោយសារ​ការបិទ​សាលារៀន​បណ្តាលមកពី​ការ​រា​ត្បា​ត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ក្នុង​បណ្តា​ចំនួន​៦៩​ភាគរយ​នេះ ជាង​ពាក់កណ្តាល​នៃ​ពួក​អ្នកឆ្លើយ​ការស្ទង់មតិ​នេះ​បាន​និយាយ​យោង​ដល់​កំណើន​ការងារ​ក្នុងផ្ទះ​នៅពេល​មានការ​រាតត្បាត​នៃ​ជំងឺ​នេះ​ដោយ​និយាយថា វា​បាន​បង្អាក់​ការសិក្សា​តទៅទៀត​របស់​ក្មេងស្រី ហើយ​៤០​ភាគរយ​បាន​ថ្លែងថា  ការរៀប​ការ​ពី​ក្មេង​និង​ការ​មាន​ផ្ទៃពោះ​បណ្តាលមកពី​ការបិទ​សាលារៀន​ក៏​ជាការ​នាំឱ្យមាន​កង្វល់​ផងដែរ​។​
 
​ការស្ទង់មតិ​នេះ​មាន​រួមបញ្ចូល​ការឆ្លើយតប​ពី​អង្គការ​ចំនួន​៨២ ដែល​ផ្តល់​សេវា​សិក្សាអប់រំ​នៅក្នុង​ប្រទេស​យ៉ាងតិចណាស់​ចំនួន​៣២​។ ពាក់កណ្តាល​នៃ​អង្គការ​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ​គឺជា អង្គការ​មកពី​តំបន់​ខាងត្បូង​សមុទ្រ​ខ្សាច់​សាហា​រ៉ា​។  អង្គការ​ក្រៅពីនេះ​គឺ​មកពី​តំបន់​នានា​ក្នុង​តំបន់​អាស៊ី​ខាងត្បូង តំបន់​ម​ជ្ឈឹ​ម​បូព៌ា ប៉ែក​ខាងជើង​នៃ​ទ្វីបអាហ្វ្រិក និង​អាមេរិក​ឡាទីន​។​
 
​អង្គការ​ឯទៀតៗ​ក៏បាន​និយាយ​ល្អិតល្អន់​អំពី​បញ្ហា​ទាំងអស់​នេះដែរ​។​
 
​វិទ្យាស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន​ខាង​ការសិក្សា The Afghan Institute of Learning ហៅ​កាត់​ថា AIL បាន​ថ្លែង​បន្ទរ​កង្វល់​អំពី​ការមិន​ឲ្យ​តម្លៃ​ការសិក្សា​របស់​ពួកក្មេង​ស្រី​នៅពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​។​
 
​អ្នកស្រី Sakena Yacoobi ជា​នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អា​ហ្វ​ហ្គា​នី​ស្ថាន ខាង​ការសិក្សា​និង​ជា​អ្នកបង្កើត​វិទ្យាល័យ​ឯកជន​បួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​និ​ស្ថាន​។ អ្នកស្រី​បាន​និយាយថា​៖ «​យើង​ត្រូវ​ចំណាយពេល​និង​ត្រូវ​ធ្វើការ​ច្រើន​ដើម្បីឱ្យ​មានការ​ទទួលស្គាល់​អំពី​តម្លៃ​នៃ​ការសិក្សា​សម្រាប់​ក្រុម​ក្មេងស្រី​នៅក្នុង​តំបន់​ដាច់ស្រយាល​ជាច្រើន ហើយ​ខ្ញុំ​បារម្ភ​ថា យើង​នឹង​បាត់បង់​សមិទ្ធផល​ជាច្រើន​ដែល​យើង​បានធ្វើ​សម្រាប់​ក្រុម​ក្មេងស្រី​ជំនាន់​បច្ចុប្បន្ននេះ​»​។​
 
​ការ​ខ្វល់ខ្វាយ​អំពី​ការសិក្សា​និង​អំពី​សុខមាលភាព​របស់​ក្រុម​ក្មេងស្រី​នៅពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​នៅពេល​បច្ចុប្បន្ននេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​កង្វល់​ដូចគ្នា​នៅពេល​មានការ​រាតត្បាត​ជំងឺ Ebola ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥​។​
 
​របាយការណ៍​មួយ​ដោយ​មូលនិធិ Malala បាន​រកឃើញថា នៅពេល​ការ​រាតត្បាត​នៃ​ជំងឺ Ebola កើន​ឡើងដល់​កំពូល ប្រទេស​ហ្គី​នេ លី​បេ​រី​យ៉ា និង​សៀ​រ៉ា​ឡេ​អូន​បាន​បិទ​សាលារៀន​ជាង​មួយ​ម៉ឺន ហើយ​នាំឱ្យមាន​ផលប៉ះពាល់​ដល់​ការសិក្សាអប់រំ​របស់​កុមារ​ប្រមាណ​៥​លាន​នាក់​។​
 
​តួលេខ​ចុះឈ្មោះ​ចូលរៀន​របស់​ក្មេងស្រី​នៅក្នុង​ប្រទេស​ទាំងបី​នេះ ដែលមាន​តិចជាង​ចំនួន​ក្មេងប្រុស​ស្រេច​ទៅហើយនោះ​មិនបាន​វិលត្រឡប់​មកដល់​តួលេខ​មុន​មាន​វិបត្តិ​ជំងឺ Ebola ទេ​។​
 
​ការសិក្សា​ស្រាវជ្រាវ​មួយទៀត​បង្ហាញថា អង្គការ UNESCO បាន​រាយការណ៍​ថា មាន​កំណើន​ក្មេងស្រី​ជំទង់​មាន​ផ្ទៃពោះ​រហូតដល់ ៦៥​ភាគរយ​នៅក្នុង​សហគមន៍​ខ្លះ​នៃ​ប្រទេស​សៀ​រ៉ា​ឡេ​អូន នៅពេល​មានការ​រាតត្បាត​ជំងឺ Ebola ជា​ស្ថានភាព​មួយ​ដែល​ក្មេងស្រី​ភាគច្រើន​យល់ថា ជា​ផលវិបាក​ដោយផ្ទាល់​បណ្តា​ល​មកពី​ការ​ឋិត​នៅក្រៅ​បរិយាកាស​ការពារ​ដែល​សាលារៀន​ផ្តល់ឱ្យ​ពួកគេ​។​
 
​ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​ផលប៉ះពាល់​ស្រដៀង​គ្នា​នេះ នៅពេល​មានការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា អង្គការ UNESCO បាន​សុំ​ឲ្យ​រដ្ឋាភិបាល «​ការពារ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វិស័យ​សិក្សា​របស់​ក្រុម​ក្មេងស្រី​»​។​
 
​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សេវា​សិក្សាអប់រំ​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​កាលពីពេល​ថ្មីៗ​នេះ​របស់​មជ្ឈមណ្ឌល​ស​ម្រា​ប់​ការអភិវឌ្ឍ​សាកល​ឲ្យ​ដឹងថា ការបន្ថយ​ថវិកា​និង​ការ​ចុះថយ​ប្រាក់​ជំនួយ​ពី​ពួក​អ្នកផ្តល់ជំនួយ​ឯកជន​និង​ពួក​សប្បុរសជន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​បានធ្វើឱ្យ​បេសកកម្ម​របស់​ពួកគេ​មានការ​ពិបាក​។​
 
​ទោះណាជា​មាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ក៏​អ្នក​ឆ្លើយតប​នឹង​ការស្ទង់មតិ​នេះ​ភាគច្រើន​រាយការណ៍​ថា ចាំបាច់​ត្រូវមាន​ផែន​ការធ្វើអន្តរាគមន៍​បន្ថែមទៀត​នៅពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com