ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ធ្វើការ​លើស ១០ ម៉ោង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​គួរឱ្យ​បារម្ភ​ទាំងនេះ​
24, Oct 2021 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​ចំណាយពេល​ធ្វើការ​លើសពី ១០ ម៉ោង​ក្នុង​មួយថ្ងៃៗ​មែន​ទេ​?​នោះ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​ហើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​នៃ​ការធ្វើការ​ច្រើន​ម៉ោង​ពេក​ក្នុង​មួយថ្ងៃៗ ៖

 
១. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)
 
​ការធ្វើការ​ច្រើនជាង​ពី ៧ ឬ ៨ ម៉ោង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ហាន​ភ័យ​នៃ​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត​គួរឱ្យ​បារម្ភ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​បញ្ហា​នេះ​អាច​កើតឡើង​ដោយសារ​ការបាត់បង់​ពេលវេលា​ដើម្បី​ចំណាយ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ក៏ដូចជា​មិនបាន​ការធ្វើ​លំ​ហាត់ប្រាណ​ផងដែរ​។​
 
២. ជំងឺ​គេង​មិន​លក់​
 
​ការស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ National Sleep Foundation បាន​បង្ហាញថា​ច្រើនជាង ២០ ភាគរយ​នៃ​អ្នក​ដែល​ចំណាយពេល​ច្រើនជាង ៥០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅ​កន្លែងធ្វើការ​ពិបាក​គេង​បាន​ដល់ ៦ ម៉ោង​ណាស់​នៅពេល​យប់​។ អ្វីដែល​គួរឱ្យ​បារម្ភ​នោះ គឺ​ការ​គេង​មិន​គ្រប់​អាច​បង្កបញ្ហា​សុខភាព​ផ្សេងៗ​ចាប់ពី​ភាពប្រែប្រួល​នៃ​អារម្មណ៍ ធាត់​ជ្រុល​ដល់​ជំងឺ​បេះដូង​។​
 
៣. ស្ត្រេ​ស​
 
​ការងារ​ច្រើន រួមផ្សំ​នឹង​កត្តា​ផ្សេងទៀត​ដូចជា​គូប្រជែង​នៅ​កន្លែងធ្វើការ ព្រមទាំង​ការកកស្ទះ​ចរាចរណ៍​សឹង​រាល់ថ្ងៃ​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​។ ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​រ៉ាំរ៉ៃ​អាច​បណ្ដាលឱ្យ​រាងកាយ​មាន​ផ្ទុក​ពោរពេញ​ទៅដោយ​អ័រម៉ូន​ដែល​ជះ​ផលប៉ះពាល់​ដល់​ទម្ងន់ សម្ពាធ​ឈាម អារម្មណ៍ រូបរាង និង​សុខភាព​បេះដូង​។​
 
៤. បញ្ហា​ភ្នែក​
 
​ភ្នែក​របស់​អ្នក​ប្រាកដជា​ងាយ​នឹង​អស់កម្លាំង​ណាស់​ក្រោយពេល​សម្លឹងមើល​អេក្រង់​កុំព្យូទ័រ​រាប់​ម៉ោង​ក្នុង​មួយថ្ងៃៗ​។ ការអាន​របាយការណ៍ ការទទួល​និង​ផ្ញើ​សារ ឬ​អ៊ី​ម៉ែ​ល​ឆ្លើយឆ្លង​តាមរយៈ​ទូរ​សព្ទ​ក៏​ដាក់​សម្ពាធ​ខ្លាំង​ដល់​ភ្នែក​របស់​អ្នក​ផងដែរ​។​
 
៥. បញ្ហា​សុខភាព​ច្រើន​ផ្សេងទៀត​ដែល​ផ្សារភ្ជាប់​នឹង​ការ​អង្គុយ​ច្រើនពេក​
 
​ការចំណាយ​ពេល​ច្រើន​រាប់​ម៉ោង​ជាប្រចាំ​ក្នុង​ការិយាល័យ ឬ​កន្លែងធ្វើការ​អាច​បណ្ដាល​ឱ្យ​អ្នក​អង្គុយ​ច្រើនជាង​ធ្វើ​លំ​ហាត់ប្រាណ​។ ហើយ​នេះ​ជា​មូល​ហេតុដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com