ជាតិ
ត្រី​ប្រា​ធំៗ​ជាង​១០​ក្បាល​ងាប់​បន្តបន្ទាប់​គ្នា នៅ​ក​សិន្ធុ​ប្រាសាទបាគង​ដែល​រីង​ទឹក​ជិត​អស់​
10, Jun 2020 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ត្រី​ប្រា​ធំៗ​ដែលមាន​ទម្ងន់​ចាប់ពី​២០ ទៅ​៣០​គីឡូក្រាម ជាង​១០​ក្បាល នៅក្នុង​ទឹក​ក​សិន្ធុ​ប្រាសាទបាគង បាន​ងាប់​បន្តបន្ទាប់​គ្នា ដោយសារ​ក​សិន្ធុ​រីង​ទឹក​ស្ទើរ​គ្មាន​សល់​។ ព្រះអង្គ អ៊ូ សូត្រ ចៅអធិការ​វត្ត​ប្រាសាទបាគង មាន​សង្ឃដីការ​ប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ទឹក​ក​សិន្ធុ​ប្រាសាទបាគង​រីង​ទឹក ដោយសារ​អាកាស​ក្តៅ​ហួតហែង​។

 
​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទបាគង បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​យក ត្រី​ដែល​គេ​ជឿថា ជា​ត្រី​មាន​បារមី​ឬ​ត្រី​អ្នកតា ទៅ​កប់​ចោល​។ មិនមែន​មានតែ​ត្រី​ប្រា​ជាង​១០​ក្បាល​នេះ​ទេ ដែល​បាន​ងាប់ កន្លងមក​មាន​ក៏មាន​ប្រភេទ​ត្រី​ក្រហម ត្រី​ទី​ឡាប​យ៉ា និង​ត្រី​គល់រាំង​ដែល​ពលរដ្ឋ​យកមក​លែង​ក្នុង​ក​សិន្ធុ​នេះ បាន​ងាប់​ដែរ ដោយសារ​អាកាស​ហួតហែង​នេះ​។​
 
​ព្រះអង្គ​បន្ថែមថា ប្រសិនបើ​ស្ថានភាព​នៅតែ​បែបនេះ​ទៀត (​គ្មាន​ទឹកភ្លៀង ឬ​បូមទឹក​បន្ថែម​) ត្រី​ទាំងអស់​នឹង​ងាប់​។ បច្ចុប្បន្ន គណៈកម្មការ​វត្ត​កំពុង​រក​ជំនួយ​បច្ចេកទេស ដើម្បី​សង្គ្រោះ​ប្រភេទ​ត្រី​ប្រា​ធំៗ​ដែល​នៅ​សេសសល់​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង​នេះ ប្រមាណ​ពី​៣០​ទៅ​៤០​ក្បាល​ទៀត​៕
 







Tag:
 ​ប្រាសាទបាគង​
 ​ក​សិន្ធុ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com