COVID-19
អន្តរជាតិ
ប្រមុខ UN ព្រមាន​ថា COVID-19 អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ខ្វះ​ស្បៀង​សកល​រយៈពេល​យូរ​
10, Jun 2020 , 12:02 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Getty Image
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Getty Image
​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​អាសន្ន​ខ្វះ​ស្បៀងអាហារ​សកល នៅពេល​ខាងមុខ ខណៈ COVID-19 កំពុង​អុកឡុក​ពិភពលោក និង​បំផ្លាញ​សង្វាក់​ផលិតកម្ម​ស្បៀងអាហារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​និយាយ​បែបនេះ នៅ​ថ្ងៃទី​៩ ខែមិថុនា ដោយ​បន្ថែមថា ពិភពលោក​គួរ​ចាត់វិធានការ​ជាបន្ទាន់​។

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អង្គ​លេខាធិការ​អង្គការសហប្រជាជាតិ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រព័ន្ធ​ស្បៀងអាហារ​របស់​យើង កំពុងតែ​ធ្លាក់ចុះ ហើយ COVID-19 កំពុងតែ​ធ្វើ​ឲ្យ​រឿង​ទាំងនេះ​កាន់តែ​អាក្រក់​ឡើយ​»​។ ក្នុងន័យនេះ លោក ហ្គូ​តេ​រ៉េ​ស បាន​ពន្យល់ថា មនុស្ស​ច្រើនជាង ៨២០​លាន​នាក់ កំពុងតែ​អត់ឃ្លាន ជាពិសេស​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ ចំនួន​១៤៤​លាន កំពុងតែ​ប្រឈម​បញ្ហា​ខ្វះ​ការលូតលាស់​។ ចំនួន​នេះ គឺ​ស្មើរ​នឹង​ចំនួន ១​ភាគ​៥ នៃ​កុមារ​នៅលើ​ពិភពលោក​។ 
 
​ជាមួយគ្នានេះ លោក​ប្រមុខ​UN បាន​បន្តទៀតថា COVID-19 នឹងធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤៩​លាន​នាក់​បន្ថែមទៀត​ធ្លាក់ខ្លួន​ក្រីក្រ​ខ្លាំង​នៅក្នុង​ឆ្នាំ​២០២០​។ ការណ៍​នេះ វា​នឹងធ្វើ​ឲ្យ​មាន​ចំនួន​ប្រជាជន ដែលមាន​តម្រូវការ​អាហារ​កាន់តែ​កើន​ខ្ពស់ជាង​មុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ចាត់វិធានកា​រ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ បញ្ហា​ការខ្វះ​ស្បៀងអាហារ​ពិភពលោក នឹងមាន​រយៈពេល​យូរ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​យុវជន និង​កុមារ​ជាច្រើន​លាន​នាក់​។ 
 
​ដើម្បី​ទប់ស្កាត់​ការខ្វះ​ស្បៀងអាហារ​កាន់តែខ្លាំង​នាពេលខាងមុខ លោក ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ឲ្យ​មានការ​ការពារ​ដល់​បុគ្គលិក​ក្នុង​វិស័យ​អាហារ អ្នក​ដឹក​ជំនួយ​មនុស្សធម៌ និង​គាំទ្រ​អ្នក​ផលិត​ស្បៀងអាហារ ដើម្បី​ជៀសវាង​ការបង្អាក់​ផលិតកម្ម​។ ក្រៅពីនេះ លោក​ប្រមុខ UN ក៏បាន​លើកឡើង​ពី​លទ្ធភាព​ក្នុងការ​លុបបំបាត់ បញ្ហា​អត់ឃ្លាន តាមរយៈ​ការផ្តល់​អាហារ ដែលមាន​សារធាតុចិញ្ចឹម​ច្រើន និង​អនាម័យ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ពិភពលោក មាន​ករណី COVID-19 សរុប​ចំនួន​ជាង ៧,៣​លាន​ករណី អ្នកស្លាប់​មាន​ចំនួន​ជាង ៤១​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣,៦​លាន​នាក់​៕ 

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com