កីឡាជាតិ
ជាតិ
FFC គ្រោងបញ្ជូនក្រុមបាល់ទាត់នារីទៅហាត់នៅក្រៅប្រទេស ដើម្បីត្រៀមស៊ីហ្គេម
10, Jun 2020 , 1:15 pm        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (រូបភាពពី FFC)
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (រូបភាពពី FFC)
ដោយ:
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ សហព័ន្ធនឹងរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជ្រើសរើសកីឡាការិនីមានសមត្ថភាព ឲ្យប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។



លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញពីគម្រោង និងផែនការមួយចំនួនក្នុងការអភិវឌ្ឍន៍ក្រុមបាល់ទាត់ជម្រើសជាតិនារីដើម្បីឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ ក្នុងនោះសហព័ន្ធមានគម្រោងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារី ឲ្យទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្រៅប្រទេស ជាពិសេសប្រទេសចិន។

«ខាងភាគីមិត្ត ជាពិសេសប្រទេសចិនតែម្តង គឺគាត់ទទូចហើយទទូចទៀត សូមឲ្យយើងបញ្ជូនក្រុមកីឡាការិនីទៅហ្វឹកហាត់នៅចិន ដើម្បីឲ្យពួកគេបានជួយក្នុងការបណ្តុះបណ្តាលសម្រាប់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ FFC ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួននឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់នារី ដើម្បីជ្រើសរើសកីឡាការិនីមានសក្តានុពល ដើម្បីបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស»។ នេះជាការលើកឡើងរបស់លោក សៅ សុខា។

សម្រាប់ក្រុមបាល់ទាត់នារីនេះ លោក សៅ សុខា កាលពីពេលកន្លងទៅបានបង្ហាញជំនឿចិត្តខ្ពស់ក្នុងការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ដ្បិតលោកសង្កេតឃើញថា វិស័យកីឡាបាល់ទាត់នារីក្នុងតំបន់អាស៊ានពុំទាន់មានប្រទេសណាលេចធ្លោខ្លាំងនោះទេ ដែលនេះជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមប្រជែងដណ្តើមមេដាយ។

លោកបានបង្ហាញជំនឿយ៉ាងដូច្នេះថា៖«បើយើងគិតថា យើងមានសក្តានុពលផ្នែកបាល់ទាត់នារី គឺយើងមិនចេះតែនិយាយនោះទេ មានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម កីឡានារីក៏មិនសូវខ្លាំងខ្លាប៉ុន្មានដែរ។ យើងមានពេលវេលាគ្រប់គ្រាន់ បើយើងមានការតាំងចិត្ត និងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ គឺយើងអាចធ្វើបានដូចអ្វីដែលយើងរំពឹងទុក(ដណ្តើមមេដាយពីស៊ីហ្គេម)»។

បច្ចុប្បន្នមានតែក្លិបបាល់ទាត់ភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះដែលមានក្រុមបាល់ទាត់នារី។ ប៉ុន្តែប្រភពធនធានកីឡាការិនីបាល់ទាត់ដ៏សំខាន់សម្រាប់កម្ពុជាផ្សេងទៀត គឺសាលាតម្រង់ទិសអភិវឌ្ឍន៍បាល់ទាត់២៥រាជធានីខេត្ត ដែលបច្ចុប្បន្នមានទីលានមួយចំនួនបានបញ្ចប់ការសាងសង់ និងមួយចំនួនទៀតកំពុងសាងសង់។

នៅក្នុងឆ្នាំ២០២០នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រោងចំណាយថវិកាជាង២៦ម៉ឺនដុល្លារក្នុងការអភិវឌ្ឍបាល់ទាត់នារី តាមរយៈការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារីលក្ខណៈលីគ ដែលរំពឹងមាន១០ក្រុមចូលរួម និងពានរង្វាន់បាល់ទាត់នារីអាយុក្រោម១៦ឆ្នាំ៕

Tag:
 បាល់ទាត់
  សៅ សុខា
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com