COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Stoke City ឆ្លង COVID-19 មុនជំនួបមិត្តភាពជាមួយMan Utd
10, Jun 2020 , 2:05 pm        
រូបភាព
ជំនួបមិត្តភាពរបស់ក្រុម Manchester United ទល់នឹង Stoke City ត្រូវបានលុបចោលវិញនៅនាទីចុងក្រោយយប់ថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីលោក Michael O'Neill អ្នកចាត់ការទូទៅរបស់ Stoke ធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 ។



Stoke ក្រុមនៃលីគទី២អង់គ្លេស Championship បានទៅដល់ទីលានហ្វឹកហាត់របស់ Man Utd រួចទៅហើយដើម្បីត្រៀមប្រកួតគ្នា ខណៈដំណឹងអំពីលទ្ធផលតេស្តវិជ្ជមានលើលោក O'Neill ត្រូវបានប្រកាសឲ្យដឹង មុនពេលចាប់ផ្តើមប្រកួតតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ 
 
បើតាមការបញ្ជាក់របស់ក្លិប Stoke អ្នកចាត់ការទូទៅសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានធ្វើតេស្តចេញលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តជុំទី៥ ហើយរកឃើញថាឆ្លង COVID-19 ក្នុងការធ្វើតេស្តជុំទី៦។
 
ក្លិបក្នុងក្របខណ្ឌលីគកម្រិតទី២អង់គ្លេសនិយាយថា៖ « Stoke អាចបញ្ជាក់បានថា អ្នកចាត់ការទូទៅលោក O'Neill បានធ្វើតេស្តវិជ្ជមាន COVID-19 នៅក្នុងការធ្វើតេស្តចុងក្រោយបំផុតកាលពីថ្ងៃ៨ មិថុនា។ ឥឡូវនេះ លោកនឹងធ្វើតាមការណែនាំដែលពាក់ព័ន្ធ និងត្រូវដាក់ចត្តាឡីស័ក ប៉ុន្តែគាត់នៅតែបន្តទំនាក់ទំនងជាទៀងទាត់ជាមួយបុគ្គលិកគ្រូបង្វឹក និងកីឡាកររបស់គាត់ដដែល»។
 
លីគកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសបានផ្អាកចាប់តាំងពីពាក់កណ្តាលខែមីនាដោយសារជំងឺរាតត្បាតសកល។ ក្រោយសម្រាកជិត៣ខែ ក្របខណ្ឌ Premier League គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ស្របពេល Championship នឹងចាប់ផ្តើមដំណើរការផងដែរនៅ៣ថ្ងៃបន្ទាប់។
 
មុនពេលចាប់ផ្តើមការប្រកួតផ្លូវការឡើងវិញ ក្រុមទាំងអស់តម្រូវឲ្យមានការប្រកួតគ្នាជាលក្ខណៈមិត្តភាពកំដៅសាច់ដុំ។ ក្រុមបិសាចក្រហមដែលត្រូវជួប Stoke ត្រូវរំសាយវិញដោយសារភ័យខ្លាចជំងឺ COVID-19 ។
 
Man Utd ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær ឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាង Premier League ដោយតាមពីក្រោយ Chelsea ដែលឈរលេខ៤ ចំនួន៣ពិន្ទុ។ Man Utd នឹងចាប់ផ្តើមប្រកួតឡើងវិញដោយត្រូវប៉ះ Tottenham Hotspur នៅថ្ងៃទី១៩ ខែមិថុនា៕
 

Tag:
 Manchester United
  Stoke City
  Michael O\'Neill
© រក្សាសិទ្ធិដោយ thmeythmey.com