អន្តរជាតិ
ជាលើកដំបូងបង្អស់ អាមេរិកមានមេបញ្ជាការកងទ័ពអាកាសដើមកំណើតអាហ្វ្រិក លោក Charles Q. Brown នាយឧត្តមសេនីយ៍ផ្កាយ៤ និងជានាយសេនាធិការកងទ័ពអាកាសអាមេរិក។ រូបភាព AP
× នាយឧត្តមសេនីយ៍ផ្កាយ៤ Charles Q. Brown ត្រូវបានព្រឹទ្ធសភាអាមេរិកយល់ព្រមជាឯកច្ឆន្ទលើការតែងតាំងជាមេបញ្ជាការកងទ័ពអាកាសអាមេរិកនាកិច្ចប្រជុំនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ នាយឧត្តមសេនីយ៍ Brown ក្លាយជាជនជាតិអាមេរិកស្បែកខ្មៅដើមកំណើតអាហ្វ្រិកដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលកាន់តួនាទីកំពូលក្នុងការដឹកនាំកងទ័ពអាកាសដែលជាផ្នែកមួយនៃកងទ័ពអាមេរិក ក្នុងបរិបទដែលអាមេរិកកំពុងអុកឡុកដោយបាតុកម្មក្រោយការស្លាប់របស់ ចច ហ្វ្លយ ។
បើតាមសារព័ត៌មាន Politico នៅក្នុងការបោះឆ្នោតលើតែងតាំងលោក Charles Q. Brown ជានាយសេនាធិការទ័ពអាកាស សមាជិកព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដោយសំឡេងយល់ព្រម៩៨ និងគ្មានសំឡេងបដិសេធ។ ទន្ទឹមនឹងក្លាយជាជនស្បែកខ្មៅទីមួយដែលដឹកនាំទ័ពអាកាស នាយឧត្តមសេនីយ៍ Brown ក៏ក្លាយទៅជាបុគ្គលទី២ ផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិកដែលមានតួនាទីក្នុងអគ្គសេនាធិការចម្រុះ ដែលជាអង្គភាពយោធាកំពូលមានតួនាទីក្នុងការផ្តល់ទីប្រឹក្សាដល់ប្រធានាធិបតី។
បច្ចុប្បន្ននេះ នាយឧត្តមសេនីយ៍ Brown មានតួនាទីជាមេបញ្ជាការកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក។ លោកជាអាកាសយានិកប្រយុទ្ធ ដែលធ្លាប់ហោះហើរច្រើនជាង២,៩០០ ម៉ោង និងប្រយុទ្ធជាង១៣០ ម៉ោង។ មុននឹងទទួលតួនាទីជាមេបញ្ជាការកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក លោកធ្លាប់ដឹកនាំកងទ័ពអាកាសអាមេរិកប្រចាំមជ្ឈឹមបូពា៍ និងជាបញ្ជាការរងនៃទីបញ្ជាការយោធាប្រចាំភូមិភាគនេះដែរ។
ការតែងតាំង នាយឧត្តមសេនីយ៍ Brown នេះធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ផ្ទាល់។ នៅពេលព្រឹទ្ធសភាយល់ព្រមទៅនឹងការតែងតាំង លោកប្រធានាធិបតី ត្រាំបានសសេរលើសារ លើបណ្តាញសង្គម Twitter ថា៖« នេះជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់អាមេរិក!រំភើប។ នឹងធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយនាយឧត្តមសេនីយ៍ Brown ដែលជាអ្នកស្នេហាជាតិ និងអ្នកដឹកនាំដ៏អស្ចារ្យ។»
តាមពិតទៅ នីតិវិធីក្នុងការតែងតាំងនាយឧត្តមសេនីយ៍ Brown ត្រូវបានធ្វើឡើងជាច្រើនខែមក ហើយ ប៉ុន្តែការបោះឆ្នោតយល់ព្រមដោយព្រឹទ្ធសភា ធ្វើឡើងចំពេលដែលអាមេរិកកំពុងស្ថិតក្នុងភាពចលាចលដោយសារបាតុកម្ម និងកុបកម្មប្រឆាំងការរើសអើងពូជសាសន៍ ក្រោយការសម្លាប់បុរសស្បែកខ្មៅ ចច ហ្វ្លយ កាលពីចុងខែឧសភា។
កន្លងមក ឧត្តមសេនីយ៍ Brown ក៏ធ្លាប់បាននិយាយផងដែរពីបញ្ហាពូជសាសន៍នៅអាមេរិក។ ឧត្តមសេនីយ៍រូបនេះលើកឡើងថា៖« ខ្ញុំមានអារម្មណ៍ក្តុកក្តួល មិនមែនសម្រាប់ តែលោក ចច ហ្វ្លយ ទេ ប៉ុន្តែសម្រាប់ជនអាហ្វ្រិក-អាមេរិកជាច្រើនរូប ដែលទទួលជោគវាសនាដូច ហ្វ្លយ។ ខ្ញុំកំពុងគិត ពីប្រវត្តិនៃបញ្ហាពូជសាសន៍ និងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមិនទទួលបានរហូតឡើយនូវសេរីភាព និងសមភាព»៕
Tag:
អាមេរិក
Charles Q. Brown
© រក្សាសិទ្ធិដោយ thmeythmey.com