អន្តរជាតិ
ជា​លើកដំបូង​បង្អស់ អាមេរិក​មាន​មេបញ្ជាការ​កងទ័ពអាកាស​ដើមកំណើត​អាហ្វ្រិក​
10, Jun 2020 , 7:39 pm        
រូបភាព
លោក Charles Q. Brown នាយឧត្តមសេនីយ៍ផ្កាយ៤ និងជានាយសេនាធិការកងទ័ពអាកាសអាមេរិក។ រូបភាព AP
លោក Charles Q. Brown នាយឧត្តមសេនីយ៍ផ្កាយ៤ និងជានាយសេនាធិការកងទ័ពអាកាសអាមេរិក។ រូបភាព AP
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ Charles Q. Brown ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​យល់ព្រម​ជា​ឯកច្ឆន្ទ​លើ​ការតែងតាំង​ជា​មេបញ្ជាការ​កងទ័ពអាកាស​អាមេរិក​នា​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។ នាយ​ឧ​ត្ត​ម​សេនីយ៍ Brown ក្លាយជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដើមកំណើត​អាហ្វ្រិក​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​កាន់​តួនាទី​កំពូល​ក្នុងការ​ដឹកនាំ​កងទ័ពអាកាស​ដែលជា​ផ្នែក​មួយ​នៃ​កងទ័ព​អាមេរិក ក្នុង​បរិបទ​ដែល​អាមេរិក​កំពុង​អុកឡុក​ដោយ​បាតុកម្ម​ក្រោយ​ការស្លាប់​របស់ ច​ច ហ្វ្ល​យ ។

 
 
​បើតាម​សារព័ត៌មាន Politico នៅក្នុង​ការបោះឆ្នោត​លើ​តែងតាំង​លោក Charles Q. Brown ជា​នាយសេនាធិការ​ទ័ពអាកាស សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​ដោយ​សំឡេង​យល់ព្រម​៩៨ និង​គ្មាន​សំឡេង​បដិសេធ​។ ទន្ទឹមនឹង​ក្លាយជា​ជន​ស្បែក​ខ្មៅ​ទីមួយ​ដែល​ដឹកនាំ​ទ័ពអាកាស នាយ​ឧ​ត្ត​ម​សេនីយ៍ Brown ក៏​ក្លាយទៅជា​បុគ្គល​ទី​២ ផងដែរ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែលមាន​តួនាទី​ក្នុង​អគ្គសេនាធិការ​ចម្រុះ ដែលជា​អង្គភាព​យោធា​កំពូល​មាន​តួនាទី​ក្នុង​ការផ្តល់​ទីប្រឹក្សា​ដល់​ប្រធានាធិបតី​។​
 
​បច្ចុប្បន្ននេះ  នាយ​ឧ​ត្ត​ម​សេនីយ៍ Brown មាន​តួនាទី​ជា​មេបញ្ជាការ​កងទ័ពអាកាស​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​។ លោក​ជា​អាកាសយានិក​ប្រយុទ្ធ ដែល​ធ្លាប់​ហោះហើរ​ច្រើនជាង​២,៩០០ ម៉ោង និង​ប្រយុទ្ធ​ជាង​១៣០ ម៉ោង​។ មុននឹង​ទទួល​តួនាទី​ជា​មេបញ្ជាការ​កងទ័ពអាកាស​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក​ធ្លាប់​ដឹកនាំ​កងទ័ពអាកាស​អាមេរិក​ប្រចាំ​ម​ជ្ឈឹ​ម​បូ​ពា៍ និង​ជា​បញ្ជា​ការរង​នៃ​ទីបញ្ជាការ​យោធា​ប្រចាំ​ភូមិភាគ​នេះដែរ​។​
 
​ការតែងតាំង នាយ​ឧ​ត្ត​ម​សេនីយ៍ Brown នេះ​ធ្វើឡើង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ ផ្ទាល់​។ នៅពេល​ព្រឹទ្ធសភា​យល់ព្រម​ទៅនឹង​ការតែងតាំង លោក​ប្រធានាធិបតី ត្រាំ​បា​នស​សេ​រលើ​សារ លើ​បណ្តាញ​សង្គម Twitter ថា​៖« នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ សម្រាប់​អាមេរិក​!​រំភើប​។ នឹងធ្វើ​ការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ Brown ដែលជា​អ្នកស្នេហាជាតិ និង​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​។​»
 
​តាមពិតទៅ នីតិវិធី​ក្នុងការ​តែងតាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ Brown ត្រូវបាន​ធ្វើឡើង​ជាច្រើន​ខែ​មក ហើយ ប៉ុន្តែ​ការបោះឆ្នោត​យល់ព្រម​ដោយ​ព្រឹទ្ធសភា ធ្វើឡើង​ចំពេល​ដែល​អាមេរិក​កំពុង​ស្ថិតក្នុង​ភាពចលាចល​ដោយសារ​បាតុកម្ម និង​កុបកម្ម​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ក្រោយ​ការសម្លាប់​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ កាលពី​ចុងខែ​ឧសភា​។ 
 
​កន្លងមក ឧ​ត្ត​ម​សេនីយ៍ Brown ក៏​ធ្លាប់បាន​និយាយ​ផងដែរ​ពី​បញ្ហា​ពូជសាសន៍​នៅ​អាមេរិក​។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​លើកឡើងថា​៖« ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល មិនមែន​សម្រាប់ តែ​លោក ច​ច ហ្វ្ល​យ ទេ ប៉ុន្តែ​សម្រាប់​ជន​អាហ្វ្រិក​-​អាមេរិក​ជាច្រើនរូប ដែល​ទទួល​ជោគវាសនា​ដូច ហ្វ្ល​យ​។ ខ្ញុំ​កំពុង​គិត ពី​ប្រវត្តិ​នៃ​បញ្ហា​ពូជសាសន៍ និង​បទពិសោធ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ដែល​មិន​ទទួលបាន​រហូត​ឡើយ​នូវ​សេរីភាព និង​សមភាព​»៕
 

Tag:
 អាមេរិក​
  Charles Q. Brown
© រក្សាសិទ្ធិដោយ thmeythmey.com