COVID-19
ជាតិ
កម្ពុជា-អូស្ត្រាលី បង្កើនកិច្ចសហការបន្ថែម ប្រឆាំងនឹងជំងឺកូវីដ-១៩ រូបពីក្រសួងការបរទេសកម្ពុជា
× លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង អ្នកស្រី ម៉ារិស ផេន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានសន្ទនាគ្នា តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក ប្រាក់ សុខុន និង អ្នកស្រី ម៉ារិស ផេន បានអរគុណគ្នាទៅវិញទៅមក ចំពោះការជួយយកអាសាគ្នា ទៅលើប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ហើយបានពិភាក្សាគ្នាអំពីប្រតិបត្តិការពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
បើតាមសេចក្តីជូនព័ត៌មានដដែល ក្នុងកិច្ចសន្ទនានោះ លោក ប្រាក់ សុខុន ក៏បានអរគុណភាគីអូស្ត្រាលីផងដែរ ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាននិងអូស្ត្រាលី លើការឆ្លើយតបនិងការព្យាបាលជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ១២៦នាក់ ជាសះស្បើយ ១២៥ ដោយគ្មានអ្នកស្លាប់ ចំណែក អូស្ត្រាលី មានអ្នកឆ្លងជាង៧,២ពាន់នាក់ ជាសះស្បើយជាង៦,៧ពាន់នាក់ ស្លាប់១០២នាក់៕
Tag:
កម្ពុជា-អូស្ត្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com