ជាតិ
សេដ្ឋកិច្ច
បើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបានសម្រេច កម្ពុជានឹងអាចនាំចេញកើនឡើង២០ភាគរយ
× ភ្នំពេញ៖ កម្ពុជារំពឹងការរនាំចេញ នឹងកើនឡើងប្រមាណ២០ភាគរយៈក្នុងមួយឆ្នាំ បន្ទាប់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន។ លើសពីនេះ កំណើនវិនិយោគពីបរទេសក៏ត្រូវរំពឹង នឹងកើនឡើងខ្លាំងផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក យ៉ាង ចឹងវ៉ី (Yang Zhengwei) អគ្គនាយករងក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចចរចាជុំទីបី កាលពីថ្ងៃទី៩ មិថុនានេះ ដោយផ្ដោតសំខាន់លើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម និងវិនិយោគ។
កិច្ចចរចាជុំទីបីនេះ ភាគីទាំងពីបានពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឲ្យកាន់តែកើនឡើងថែមទៀត។ ក្រុមការងារបច្ចេទេសកម្ពុជា-ចិន ទាំង១០ក្រុម បានស្នើសុំអនុសាសន៍លើបញ្ហាប្រឈមផ្នែកបច្ចេកទេស ច្បាប់ និងគោលនយោបាយពីប្រធានក្រុមអ្នកចរចាពីប្រទេសទាំងពីរ។
ជាមួយគ្នាដែរ ភាគីទាំងពីរ បានដោះស្រាយបញ្ហានៃកិច្ចព្រមព្រៀង (Agreement Text) ហើយក៏បានឯកភាពគ្នាលើគោលការណ៍បើកចក្រទីផ្សារ(Market Access) ផ្នែកទំនិញនិងសេវាកម្មផងដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារ នឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរៀងខ្លួន ផ្ដល់ការយល់ព្រមលើកិច្ចព្រមព្រៀងនិងសំណើបើកច្រកទីផ្សារ ព្រមទាំងចំណុចផ្សេងទៀត ដើម្បីបញ្ចប់ការចរចានិងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សរុបនឹងកើនឡើងចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ចំណែក ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួន ៦,៥ ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ ពាន់លានដុល្លារ។ នេះបើតាមការថ្លែងរបស់ លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com