ភ្នំពេញ៖ ការប្រឡងឌីប្លូម និងប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងមិនប្រព្រឹត្តទៅតាមកាលកំណត់ឡើយ ដោយសារការរាតត្បាតនូវជំងឺកូវីដ-១៩។ សិស្សនាំគ្នា រៀនតាមអនឡាញ និងស្វ័យសិក្សានៅតាមផ្ទះ។ ប៉ុន្តែពួកគេនៅតែគិតថា ការរៀនតាមវិធីនេះ មិនសូវទទួលបានចំណេះដឹងពេញលេញ ដូចរៀននៅសាលាឡើយ។ ហេតុនេះ ទើបពួកគេចង់ឲ្យក្រសួងអប់រំកាត់បន្ថយវិញ្ញាសាលើមុខវិជ្ជាមួយចំនួន និងដាក់វិញ្ញាសាឲ្យសមស្របទៅតាមកម្រិតចំណេះដឹង ដែលពួកគេទទួលបាន ក្នុងអំឡុងកូវីដ-១៩នេះ។
យុវសិស្ស វីរៈ ណារ៉ង ជាសិស្សដែលត្រូវប្រឡងបាក់ឌុបនៅឆ្នាំនេះ កំពុងសិក្សាតាមអនឡាញ តាមរយៈគោលការណ៍របស់ក្រសួងអប់រំ។ ក្នុងអំឡុងពេលរៀនតាមអនឡាញនេះ ណារ៉ង តែងតែជួបផលលំបាកក្នុងការសួរគ្រូ នៅពេលឆ្ងល់ត្រង់ចំណុចមេរៀនណាមួយដែលមិនទាន់យល់។ សម្រាប់ ណារ៉ង ការរៀនតាមអនឡាញ គឺពិបាកសួរ និងយល់មេរៀន ជាងរៀនជាមួយគ្រូផ្ទាល់។ ដោយសារគិតថាខ្លួនមិនទទួលបានចំណេះដឹងពេញលេញនោះ ណារ៉ង ស្នើឲ្យក្រសួងបន្ថយវិញ្ញាសាមកត្រឹមកម្រិតចំណេះសិស្ស ដែលទទួលបាននៅក្នុងអំឡុងពេលរៀនដោយខ្លួនឯង និងតាមអនឡាញនៅផ្ទះនេះ។
សិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬូបនេះ បាននិយាយដូច្នេះថា៖«ពេលដែលកូវីដចូលមក ខ្ញុំធ្លាប់គិតថាឲ្យក្រសួងគួរតែបន្ធូរវិញ្ញាសា ឬក៏ទម្លាក់ពិន្ទុឲ្យទាប ល្មមនឹងឲ្យសិស្សទទួលបាន។ ខ្ញុំក៏ចង់ឲ្យក្រសួងកំណត់ពេលវេលាមួយដែលអាចឲ្យសិស្សអាចប្រឡង ហើយវិញ្ញាសាចេញឲ្យសមាមាត្រនឹងអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ហើយខ្ញុំក៏ចង់ឲ្យក្រសួងកុំបំភ័យសិស្សខ្លាំងពេក ព្រោះគ្នាភ័យរឿងកូវីដផង និងភ័យរឿងប្រឡងផង»។
យុវសិស្ស អ៊ុត សុសី ដែលជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ក៏ជួបប្រទះបញ្ហារៀនតាមអនឡាញដែរ ។ នោះក៏ព្រោះតែទីលំនៅរបស់នាងមិនអំណោយផល លើការប្រើអ៊ីនធឺណិត ដើម្បីសិក្សាតាមអនឡាញឡើយ។ ដោយសារតែមូលហេតុនេះហើយ ទើប អ៊ុត សុខសី រៀនតាមអនឡាញ មិនសូវបានជាប់លាប់។ យុវសិស្ស សុសី ប្រាប់ដូច្នេះថា៖«ការរៀនតាមអនឡាញ ពេលខ្លះរៀនៗ វាក៏ដាច់។ អ៊ីចឹងមើលអ្វីលែងឃើញទៀតហើយ។ ដូច្នេះការប្រឡងឆ្នាំហ្នឹង បើសិនជាអាច ខាងក្រសួងគួរតែបន្ធូរវិញ្ញាសា កុំឲ្យវាលំបាកដូចនឹងឆ្នាំមុនៗ»។
ទាំងយុវសិស្ស វីរៈ ណារ៉ង និង អ៊ុត សុសី គឺសុទ្ធតែចង់ឲ្យក្រសួងទទួលយកសំណើនេះ ទៅពិចារណាឡើងវិញ ដើម្បីជំរុញឲ្យសិស្សម្នាក់ៗអាចប្រឡងបាក់ឌុបបាននិទ្ទេសល្អគ្រប់ៗគ្នា។
ផ្ទុយពីការគិតរបស់យុវសិស្សទាំងពីរនេះ លោក គាង ដាវី ដែលជាគ្រូបង្រៀនផ្នែកភាសាខ្មែរនៅវិទ្យាល័យកៀនជ្រៃ ខេត្តកំពង់ចាមវិញ មិនយល់ស្របឲ្យក្រសួងអប់រំបន្ធូរបន្ថយវិញ្ញាសាប្រឡងបាក់ឌុបឡើយ ព្រោះបារម្ភខ្លាចសិស្សខ្លះ មិនខិតខំរៀន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកគ្រូ គាង ដាវី ប្រាប់ដូច្នេះថា៖«បើសិនជាក្រសួងបន្ថូរបន្ថយការប្រឡងនៅឆ្នាំហ្នឹង វាហាក់បីដូចជាអត់មានគុណភាព យកតែចំនួនអ្នកជាប់។ ប៉ុន្តែគុណភាពវាអត់មាន គឺមានតែបរិមាណ។ ក្រសួងគួរតែបន្តរឹតបន្តឹង ព្រោះថាសិស្សរៀន គឺនៅតែរៀនហ្នឹង ណាមួយវាជាបញ្ហាមួយដ៏សិស្សជំនាន់ក្រោយៗទៀត ព្រោះថាទោះបីជាស្ថានភាពណាក៏នៅតែអាចរៀនបានតាមការរៀនដោយខ្លួនឯង និងរៀនតាមសៀវភៅភាសាគោល»។
សម្រាប់គ្រូបង្រៀនភាសាខ្មែររូបនេះ នៅតែយល់ថា ការពន្យារពេលចូលរៀននៅតាមសាលា និងពន្យារពេលប្រឡងបាក់ឌុប និងឌីប្លូម កំពុងតែធ្វើឲ្យសិស្សមួយចំនួនគេចវេះពីការរៀនសូត្រ និងអាចយកឱកាសនេះទៅធ្វើកិច្ចការងារអ្វីផ្សេងទៅវិញ។ ដោយសារតែលោកគ្រូ សង្កេតឃើញស្ថានភាពនេះហើយ ទើបលោកគ្រូចង់ឲ្យក្រសួងអប់រំបន្តរឹតបន្តឹងនៃការប្រឡង ដូចនឹងការប្រឡងនៅឆ្នាំកន្លងៗទៅ។
លោកគ្រូ ដាវី ក៏ជំរុញឱ្យសិស្សខិតខំប្រឹងរៀនសូត្រដោយខ្លួនឯង និងតាមអនឡាញ ក្នុងអំឡុងពេលលំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ។ ក្នុងន័យនេះលោកគ្រូ ដាវី បានសង្កត់ធ្ងន់ថា ប្រសិនបើសិស្សដែលបានប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះពិតមែន ពួកគេនឹងក្លាយជាធនធានដ៏ល្អសម្រាប់សង្គម។ «បើគាត់ប្រឡងជាប់(បាក់ឌុបឆ្នាំនេះ)នៅក្នុងភូមិនោះ អាចនឹងល្បីឈ្មោះសម្រាប់ភូមិនោះដែរ ព្រោះនេះជាសមត្ថភាពរបស់ពួកគាត់ ព្រោះគាត់អត់បានទៅរៀននៅសាលា គឺគាត់ជាប់ដោយសារគាត់ប្រឹងស្រាវជ្រាវដោយខ្លួនឯង»។ នេះជាការលើកឡើងរបស់លោកគ្រូបង្រៀនភាសាខ្មែរ នៅវិទ្យាល័យកៀនជ្រៃ ខេត្តកំពង់ចាម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មិនអាចឆ្លើយតបទៅតាមសំណើរបស់សិស្ស ដែលស្នើឱ្យពិចារណា លើការបន្ធូរបន្ថយវិញ្ញាសាប្រឡងបាក់ឌុបនៅឆ្នាំនេះឡើយ។ លោក រស់ សុវាចា គ្រាន់តែបញ្ជាក់ថា ក្រសួងនឹងប្រកាសថ្ងៃបរិច្ឆេទ និងព័ត៌មានដែលពាក់ព័ន្ធនឹងការប្រឡងឌីប្លូម និងបាក់ឌុបនៅពេលក្រោយ។ អ្វីដែលលោក សុវាចា អាចបកស្រាយបាននៅពេលនេះ គឺស្នើឱ្យសិស្សានុសិស្សបន្តការសិក្សាតាមអនឡាញ និងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល។
កាលថ្ងៃទី១៣ ខែមេសាកន្លងមក លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យសិស្សានុសិស្សនៅតាមសាលាឯកជន ត្រៀមប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំនេះដោយប្រឡងពីចម្ងាយ ឬប្រឡងតាមអេឡិចត្រូនិក ទៅតាមការកំណត់បរិច្ឆេទប្រឡងរបស់សាលាឯកជននានា។ ក្រសួងក៏នឹងសហការជាមួយគ្រឹះស្ថានសិក្សាឯកជនក្នុងដំណើរការប្រឡងនេះ ដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅដោយគុណភាព និងតម្លាភាព។ ចំពោះសិស្សានុសិស្សនៅតាមសាលារដ្ឋវិញ ក្រសួងពន្យារពេលប្រឡងសិន និងកំណត់ថ្ងៃប្រឡងនៅពេលក្រោយ៕