COVID-19
អន្តរជាតិ
WHO ណែនាំ​ឲ្យ​ប៉ា​គី​ស្ថាន​បិទ​ប្រទេស វិញ ក្រោយ​ករណី​ឆ្លង COVID-19 កើនឡើង​
10, Jun 2020 , 4:03 pm        
រូបភាព
អង្គការសុខភាពពិភពលោក។រូបភាពAFP
អង្គការសុខភាពពិភពលោក។រូបភាពAFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក​(WHO) បានផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បិទ​ប្រទេស​ឡើងវិញ នៅ​តំបន់​មួយចំនួន​។ អង្គការ​នេះ​លើក​ហេតុផល​ថា ប៉ា​គី​ស្ថាន​មិនទាន់​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រទេស​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

 
​ការផ្តល់​អនុសាសន៍រ​បស់ WHO នេះ​ធ្វើឡើង​បន្ទាប់ពី​ចំនួន​ឆ្លង​ថ្មី​នៅ​ប៉ា​គី​ស្ថាន​មានការ​កើនឡើង​យ៉ាងគំហុក បន្ទាប់ពី​ប្រទេស​នេះ​ប​ន្ទូ​រ​បន្ថយ​ការបិទ​ប្រទេស​នៅ​ថ្ងៃទី​៩  ខែឧសភា ក្រោម​ហេតុផល​សេដ្ឋកិច្ច​។ តាំងពី​មានការ​ផ្ទុះ​ឆ្លង​មក ប៉ា​គី​ស្ថាន​មាន​ករណី​ឆ្លង​ចំនួន ១១៣,៧០២​ករណី និង​ស្លាប់​ចំនួន​២,២៥៥​នាក់​។ ដោយ​កាលពី​ថ្ងៃ​៨ ខែមិថុនា មាន​ចំនួន​អ្នកស្លាប់​ក្នុង​មួយថ្ងៃ​ដល់​ទៅ ១០៥​នាក់​។​
 
​ក្នុង​លិខិត​របស់ WHO ដែល​ផ្ញើ ទៅកាន់​អាជ្ញាធរខេត្ត Punjab និង Sindh ដែលជា​ខេត្ត​មាន​ប្រជាជន​ច្រើនជាងគេ WHO បាន​សង្កត់ធ្ងន់​ពី​ភាព​ចំ​បាច់​ក្នុងការ​កាត់បន្ថយ​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​សុខាភិបាល​។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ក្រោយ​ពេលដែល​គេ​បើក​ប្រទេស​ឡើងវិញ ចំនួន​អ្នកធ្វើ​តេស្ត​វិជ្ជមាន​ផ្ទុក COVID-19 មាន​ច្រើនជាង​ម្នាក់​ក្នុងចំណោម​៥​នាក់ ខណៈ​អំឡុងពេល​បិទ​ប្រទេស អ្នកធ្វើ​តេស្ត​វិជ្ជមាន COVID-19 មាន​ត្រឹមតែ​ម្នាក់​ក្នុងចំណោម​១០​នាក់​ប៉ុណ្ណោះ​។​
 
​លោក​វេជ្ជបណ្ឌិត Palitha Mahipala ប្រធាន WHO ប្រចាំ​ប៉ា​គី​ស្ថាន​ដែលជា​អ្នកចេញ​លិខិត​នេះ​បាន​លើកឡើងថា WHO ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​យុទ្ធសាស្ត្រ​បិទ និង​បើក​ប្រទេស​រយៈពេល​២​សប្តាហ៍​ម្តង​។ អាជ្ញាធរខេត្ត Punjab និង Sindh បាន​ទទួលយក​ស្គា​ល់ពី​សេចក្តី​បារម្ភ​របស់ WHO ហើយ​ថា​រដ្ឋបាលខេត្ត​និង​ពិភាក្សា​ទៅលើ​អនុសាសន៍​ទាំងនោះ​។​
 
​លិខិត​របស់ WHO ក៏បាន​បញ្ជាក់​ផងដែរ​នូវ​លក្ខខណ្ឌ​ចំនួន​៦ ក្នុងការ​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ដែល​ក្នុងនោះ​រួមមាន ការគ្រប់គ្រង​ការឆ្លង​ជំងឺ ការ​អាច​ស្វែងរក​ជំងឺ ការដាក់​នៅ​ដាច់​តែឯង ព្យាបាល និង​តាមរក​អ្នក​ដែល​ប៉ះពាល់ ទីកន្លែង​សំខាន់ៗ​មាន​វិធានការ​ការពារ និង​ការអប់រំ​ក្នុង​សហគមន៍ ដោយ​ចូលរួម និង​ជំរុញ​ឲ្យ​រស់នៅក្នុង​ភាព​ធម្មតា​បែប​ថ្មី​។ ចំពោះ​ប៉ា​គី​ស្ថាន ប្រទេស​នេះ​មិនទាន់​អាចបំពេញ​លក្ខខណ្ឌ​សូម្បី​តែមួយ​។​
 
​លិខិត​នេះ​ក៏ បញ្ជាក់​ផងដែរ​ថា វា​ជាការ​សំខាន់​ណាស់​ដែល​ប្រទេស​នេះ​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ចាប់ពី​៥​ម៉ឺន​តេស្ត​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពេលនេះ​ប៉ា​គី​ស្ថាន​មាន​សមត្ថភាព​ធ្វើ​ត្រឹមតែ​២​ម៉ឺន​៤​ពាន់​តេស្ត​ប៉ុណ្ណោះ​៕
 

Tag:
 ប៉ា​គី​ស្ថាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com