COVID-19
ជាតិ
កម្ពុជា ច្រានចោលការផ្សាយថា យុវជនវៀតណាមម្នាក់ ឆ្លងកូវីដ ក្រោយចេញពីកម្ពុជា អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
× អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបដិសេធនឹងសារព័ត៌មានវៀតណាម ដែលចុះផ្សាយថា យុវជនវៀតណាមម្នាក់ រកឃើញមានជំងឺកូវីដ-១៩ ក្រោយចេញពីកម្ពុជា ទៅដល់វៀតណាមវិញ។ អ្នកស្រី ប្រាប់ក្រុមអ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា៖«ក្រសួងសុខាភិបាល បានច្រានចោលនូវព័ត៌មាន [ហ្នឹង] រួចហើយ»។
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកស្រី ឱ វណ្ឌឌីន និង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលទាំងពីរបានឡើយ ដោយសារពួកគាត់ មិនលើកទូរស័ព្ទ។ យ៉ាងណា អ្នកស្រី ឱ វណ្ឌឌីន បានផ្តល់បទសម្ភាសជាមួយវីអូឌីដូច្នេះថា៖«ករណីជនជាតិវៀតណាម គឺជាវៀតណាម។ គាត់ជាវៀតណាម ហើយផ្ទះសំបែងគាត់នៅវៀតណាម។ អ៊ីចឹង ករណីនេះ ជាករណី កើតឡើងក្នុងទឹកដីវៀតណាមតែម្តង...»។
យុវជនជនជាតិវៀតណាមវ័យ១៨ឆ្នាំម្នាក់ បានចេញពីកម្ពុជា តាមច្រកព្រំដែន Thuong Phuoc ហើយចូលទៅដល់វៀតណាម កាលថ្ងៃទី២៥ ឧសភា ឆ្នាំ២០២០។ ពេលទៅដល់ រូបគេ ក៏ត្រូវបានដាក់ឲ្យនៅដាច់ឡែករយៈពេល១៤ថ្ងៃ និងឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩។
សារព័ត៌មានវៀតណាមមួយឈ្មោះ VN Express ចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនាថា ពេលធ្វើតេស្តលើកដំបូង យុវជននោះ មិនមានជំងឺកូវីដ-១៩ឡើយ ប៉ុន្តែពេលធ្វើតេស្តលើកពីរ ក៏រកឃើញជំងឺកូវីដ-១៩។ សារព័ត៌មាននេះ បានចុះផ្សាយតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលវៀតណាម។
មិនមែនជាលើកទីមួយឡើយ ដែលវៀតណាម ចុះផ្សាយព័ត៌មានបែបនេះ។ កាលពីពាក់កណ្តាលខែឧសភា សារព័ត៌មានវៀតណាមមួយឈ្មោះ Viet Nam News ក៏ធ្លាប់ផ្សាយដែរថា បុរសជនជាតិវៀតណាមម្នាក់ បានឆ្លងជំងឺកូវីដ-១៩ ពេលចេញពីកម្ពុជា តែត្រូវកម្ពុជា បដិសេធ៕
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ៣៣២នាក់ ជាសះស្បើយ៣១៧នាក់ ហើយកម្ពុជា មានអ្នកឆ្លង១២៦នាក់ ជាសះស្បើយ១២៥នាក់។ ទាំងកម្ពុជានិងវៀតណាម មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ៕
Tag:
COVID-19
កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com