ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
នាយក​ប្រតិបត្តិ ONE Championship គាំទ្រ​ចលនា «Black Lives Matter»
11, Jun 2020 , 8:39 am        
រូបភាព
ដោយ៖ ស៊ី​ធី​
​ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញ​អំពី​ការគាំទ្រ​ចលនា «Black Lives Matter» ឬ ប្រែជា​ខេមរភាសា​ថា គាំទ្រ​ចលនា «​បញ្ហា​រស់នៅ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​» នៅលើ blog និង បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់លោក​កាល​ថ្ងៃ​ពុធ ទី​៣ មិថុនា កន្លងទៅ​។


 
​យុទ្ធនាការ​នេះ​គឺ​ដើម្បី​បំបាត់​ភាព​រើសអើង​ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក ដែល​ចាប់ផ្ដើម​កក្រើក​ពី​ឆ្នាំ​២០១៣ មកម្ល៉េះ​។ ហើយ​វា​បានចាប់ផ្ដើម​ផ្ទុះ​ជាថ្មីទៀត​នាពេល​ថ្មីៗ​នេះ​ក្រោយពី​ការសម្លាប់​ទៅលើ George Floyd ពី​សំណាក់​ប៉ូលិស​ស្បែ​កស​នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក​។ អ្នក​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើង និង​បន្ត​រីក​រាលដាល​ជុំវិញ​ពិភពលោក​អំពី​ការរើសអើង​ជាតិ​សាសន៍​នេះ​។ 
 
​ទន្ទឹមគ្នា​ដែរ នាពេល​ថ្មីៗ​នេះ​លើ​បណ្ដាញ​សង្គម​សម្បូរ hashtags ដោយ​ដាក់ពាក្យ​ថា #BlackLivesMatter និង  #BlackoutTuesday ជាដើម​ពី​សំណាក់​កីឡាករ ឬ អ្នកមាន​ឈាមជ័រ​ពី​អាហ្វ្រិក​។ 
 
​លោកនាយក​ប្រតិបត្តិ​ខាងលើ​បាន​ពិពណ៌នា​ថា​៖«​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ និង​មិន​ចាត់ទុក​ខ្លួនឯង​ជា​អ្នកនយោបាយ​នោះទេ​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មនុស្ស​ទាំងអស់​ត្រូវមាន​ភាពស្មើគ្នា​។ ខ្ញុំ​ក៏​ជឿជាក់​ឱកាស​ស្មើភាព​សម្រាប់​អ្នក​រាល់គ្នា​។ វា​មិនមែនជា​ពេលដែល​ត្រូវ​រើសអើង​ជាតិ​សាសន៍​នោះឡើយ​, មិន​រើសអើង​សាសនា​, ភេទ​, សញ្ជាតិ​, ការអប់រំ​, និង​ឋានៈ​នៅក្នុង​សង្គម​។ ខ្ញុំ​មិនបាន​គិត​រឿងនេះ​ពេល​ខ្ញុំ​ជួប​មនុស្ស​។ ខ្ញុំ​មាន​មិត្ត​ភ័​ក្ដ​ច្រើន​ក្នុង​ជីវិត ,​មាន​សញ្ជាតិ​ច្រើន​, សាសន៍​ផ្សេងគ្នា និង មាន​សណ្ឋាន​ខុសៗ​គ្នា​។ ខ្ញុំ​មាន​មិត្ត​ល្អៗ​និង​ជា​សេដ្ឋី​ច្រើន ហើយ​អ្នក​រាល់គ្នា​ត្រូវ​ស្មើភាព​គ្នា​ក្នុង​ភ្នែក​របស់ខ្ញុំ​។  យើង​ម្នាក់ៗ​ជា​មនុស្សជាតិ​។ យើង​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា វប្បធម៌​ផ្សេង​, សាសនា​ផ្សេងគ្នា​, សាសន៍​ផ្សេងគ្នា និង​ជំនឿ​ផ្សេងគ្នា​ដែរ ប៉ុន្តែ​ក្ដី​សុបិន​, ការ​សើច​សប្បាយ​, ក្ដី​ស្រលាញ់​, និង ការ​យំសោក​គឺ​ដូចគ្នា​។ សៀវភៅ 'WE ARE ALL ONE' របស់ Genki Sudo គឺ​បាន​បង្រៀន​យើង​ជា​យូរ​មកហើយ​»​។ 
 
​នាយក​ប្រតិបត្តិ ONE Championship បាន​បន្តថា ៖«​ចលនា «Black Lives Matter» ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​ភ័ក្ដិ​អាហ្វ្រិក​-​អាមេរិក​ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​ប្រវត្តិសាស្ត្រ​។ យើង​ជា​មនុស្សជាតិ​។ យើង​ត្រូវមាន​យុត្តិធម៌​គ្រប់គ្នា​។ រយៈពេល ២៤០ ឆ្នាំ​ហើយ​ដែល​ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក​ជា​ទាសករ​។ ១០០ ឆ្នាំ​ក្រោយមក​ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដោយឡែក​។ ប៉ុន្តែ​វា​គ្រាន់តែ​អតីតកាល​ប៉ុណ្ណោះ​ហើយ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ពួកគេ​មាន​សិទ្ធិ​ស្មើគ្នា​។ យ៉ាងណា​ការរើសអើង​នៅតែមាន​ជា​បន្ត និង​អយុត្តិធម៌​បន្ត​កើតឡើង​។ ជនជាតិ​អាមេរិក​-​កាត់​អាហ្វ្រិក​មិន​ទទួល​ភាពស្មើគ្នា​, ត្រូវ​រំលោភបំពាន និង ដាក់​ឲ្យ​នៅ​មួយ​ចំហៀង​ដោយ​អាជ្ញាធរ​និង​សង្គម​។ គេ​មិនមាន​ជីវិត​ចាប់ផ្ដើម​ស្មើគ្នា​ដូច​អ្នកដទៃ​។ នេះ​ជា​ពេល​ត្រូវ​តតាំង​នឹង​ភាពអយុត្តិធម៌ និង​ភាពឈឺចាប់​។ ខ្ញុំ​នៅ​ខាង​ជនជាតិ​ស្បែក​ខ្មៅ​»​។ 
 
​លោក​សង្កត់ធ្ងន់ថា ៖«​ជា​ការពិតទៅ​ខ្ញុំ​ជំពាក់​អាមេរិក​ច្រើន​។ ប្រទេស​នេះ​បានផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​រស់នៅក្នុង​ក្ដី​សុបិន​។ ខ្ញុំ​ពិតជា​តស៊ូ​ណាស់​តាំងពី​រកលុយ ៤ ដុល្លារ​ក្នុង​១​ថ្ងៃ​រហូត​ទទួល​ជីវិត​ក្នុង​ក្ដី​សុបិន​របស់ខ្ញុំ​។ ខ្ញុំ​អាច​ប្រាប់​អ្នក​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ថា​អាមេរិក​ជា​ប្រទេស​ដ៏​អស្ចារ្យ​។ ប្រទេស​នេះ​កសាងបាន​នូវ​តម្លៃ និង​គោលការណ៍​ត្រឹមត្រូវ​។ យ៉ាងណាក្ដី​ថ្ងៃនេះ​ប្រែជា​អួអាប់ ប៉ុន្តែ​អាមេរិក​នឹង​ស្វែងរក​វិធី​ដើម្បី​រួបរួម​ជាថ្មី និង ព្យាបាល​ជំងឺ​រើសអើង​ជាតិ​សាសន៍​»​។ 
 
​លោក Sityodtong ដែល​បានរស់នៅ​, សិក្សា និង ធ្វើការ​នៅ​សហរដ្ឋអាមេរិក​រយៈពេល ១៨ ឆ្នាំ​បាន​ពិពណ៌នា​អំពី​ការប៉ះពាល់​អារម្មណ៍​នាពេល​បច្ចុប្បន្ន ចំពោះ​ពលរដ្ឋ​អាមេរិក​កាត់​អាហ្វ្រិក​នាពេលនេះ​។ «​នេះ​ជា​ពេលដែល​ត្រូវ​ក្រោកឈរ​ប្រឆាំងនឹង​ភាពអយុត្តិធម៌​។  វា​ត្រូវតែ​ប្រឆាំងនឹង​ភាពឈឺចាប់​។ វា​ត្រូវតែ​ដល់ពេល​ប្រឆាំងនឹង​ភាព​រើសអើង​ជាតិ​សាសន៍​។ ខ្ញុំ​ឈរ​ខាង​កូនកាត់​អាមេរិក​កាត់​អាហ្វ្រិក​។ ខ្ញុំ​នៅ​ខាង​មនុស្ស​ស្បែក​ខ្មៅ​នា​គ្រប់​ទីកន្លែង​។ ខ្ញុំ​ឈរលើ​គោលការណ៍​មនុស្សជាតិ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com