ភ្នំពេញ៖ គម្រោងវិនិយោគចំនួន១៩៤ កំពុងដំណើរការសាងសង់នៅក្នុងខេត្តព្រះសីហនុ។ គម្រោងទាំងនេះ មានទំហំទឹកប្រាក់សរុប ៣០,០៩១,០៦១,៩២៤ ដុល្លាអាមេរិក។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី៩ មិថុនា នាទីស្តីការគណរដ្ឋមន្ត្រី។
បើតាមរបាយការណ៍របស់អភិបាលខេត្ត គម្រោងវិនិយោគទាំង១៩៤នោះ មានគម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ចំនួន១២ ក្រុមហ៊ុន/គម្រោង ដោយមានទុនវិនិយោគសរុប ១.០៦៦.៥០០.០០០ ដុល្លារអាមេរិក ។ រីឯគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច មានក្រុមហ៊ុនចំនួន៥ កំពុងអភិវឌ្ឍន៍លើផ្ទៃដី ១១.៧២៨ ហិកតា មានទុនវិនិយោគ ១១២.៥៤៨.៩២៤ ដុល្លារ។
ដោយឡែកគម្រោងវិនិយោគដីជួលរយៈពេលវែង មានក្រុមហ៊ុនចំនួន៣ អភិវឌ្ឍន៍លើផ្ទៃដី ៧,០៥១.៩៧ ហិកតា ទុនវិនិយោគសរុប ៧,៦៩៣,០៣៤,៤៤០ ដុល្លារ។គម្រោងវិនិយោគកោះឆ្នេរ មានក្រុមហ៊ុន២០ អភិវឌ្ឍន៍លើផ្ទៃដី ១១,៦៣៧ ហិកតា ទុនវិនិយោគសរុប ៣,៩០០,៥៧០,២៥១ដុល្លារ។ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មាន(ចំនួន៦០ ក្រុមហ៊ុន/គម្រោង) ទុនវិនិយោគសរុប ១០,៧៤៥,៦០១,៨៤៩ ដុល្លារ។ គម្រោងវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម មាន(ចំនួន១១ ក្រុមហ៊ុន/គម្រោង) ទុនវិនិយោគសរុប ២១៣,៩៥៣,៥៤០ ដុល្លារ។ គម្រោងវិនិយោគលើវិស័យកម្មន្តសាល មាន(ចំនួន០៦ ក្រុមហ៊ុន/គម្រោង)ទុនវិនិយោគសរុប ៥៩,០៦៣,៦៧៤ ដុល្លារ។ គម្រោងវិនិយោគលើវិស័យការច្នៃម្ហូរអាហារ ផលិតភេសជ្ជៈ និងថ្នាំជក់ មាន(ចំនួន០៩ ក្រុមហ៊ុន/គម្រោង)ទុនវិនិយោគសរុប ៣៣៤,៧២៩,៧៤០ ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេស មាន(ចំនួន១០ ក្រុមហ៊ុន) អភិវឌ្ឍន៍លើផ្ទៃដី ២,៥៨៦.២៦ហិកតា ទុនវិនិយោគសរុប ១,៤៨១,៣៥៨,៨០២ ដុល្លារ ។
របាយការណ៍អភិបាលខេត្តព្រះសីហនុដដែល បានបន្ថែមថា រដ្ឋាភិបាល និងអាជ្ញាធរ ក៏បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ១,៣៥៥គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ១៣,១០៧,២០៩.១៦ម៉ែត្រការ៉េ ដោយមានទុនវិនិយោគសរុប ៧,០៩៩,៤១៧,២២៧.៥០ដុល្លារអាមេរិផងដែរ។ គម្រោងសាងសង់ទាំងនេះ គឺរាប់ចាប់ពីឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០២០ ។ ហើយបើរាប់ចាប់ពី ឆ្នាំ២០០៥ មកត្រឹមខែឧសភា ឆ្នាំ២០២០ សំណង់អគារខ្ពស់នៅខេត្តព្រះសីហនុ ដែលមានកម្ពស់ចាប់ពី៥ ទៅ ៥៣ជាន់ មានចំនួន ៥២៩គម្រោង។
រដ្ឋាភិបាលដែលបានកំណត់ចក្ខុវិស័យ អភិវឌ្ឍខេត្តព្រះសីហនុ នៅត្រឹមឆ្នាំ២០៣០ ឱ្យក្លាយជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ,មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ៕