COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មុន​វិបត្តិ COVID-19 ក្លិប​នៅ Premier League ខាត​៧៦៦​លាន​ដុល្លារ​រួចហើយ
10, Jun 2020 , 10:19 pm        
រូបភាព
​ក្លិប​នានា​នៅ​ក្របខណ្ឌ Premier League បាន​ខាតបង់​រួមគ្នា​ចំនួន ៦០០ លាន​ផោន (៧៦៦​លាន​ដុល្លារ​អាមេរិក​) ក្នុង​រដូវ​កាល ២០១៨-១៩ រួចទៅហើយ មុនពេល​រង​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ COVID-19 ទៅទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រុមអ្នកវិភាគ​ហិរញ្ញវត្ថុ​បាល់ទាត់​មួយ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​៩ ខែមិថុនា​។​


​ការវិភាគ​ពី​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​កីឡាបាល់ទាត់ Vysyble បង្ហាញថា​ក្លិប​ទាំង ២០ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​បានប្រកាស​ពី​ការខាតបង់​ដ៏​ធំធេង បើទោះបី​ទទួលបាន​ប្រាក់ចំណូល​ជា​កំណត់ត្រា​ប្រចាំឆ្នាំ​ចំនួន ៥,១៥ ពាន់​លាន​ផោន (៦,៦ ពាន់​លាន​ដុល្លារ​) ក៏ដោយ​។​
 
​ដោយសារ​ហេតុផល​ខាងលើ ត្រូវបាន​គេ​មើលឃើញថា​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បង្កដោយ COVID-19 នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​លី​គ​កីឡាបាល់ទាត់​ដ៏​ល្បីល្បាញ​នៅ​អឺរ៉ុប​មួយ​នេះ បើទោះជា​ផែនការ​បញ្ចប់​រដូវ​កាល​ក្រោម​លក្ខខណ្ឌ​ប្រកួត​បិទទ្វារ​កីឡដ្ឋាន​ដំណើរការបាន​រលូន​ក៏ដោយចុះ​។​
 
​ក្លិប​នៅ Premier League ប្រឈម​នឹង​ការចំណាយ​ប្រាក់ ៣៣០​លាន​ផោន (៤២២​លាន​ដុល្លារ​) ដើម្បី​សង​ត្រឡប់​ទៅកាន់​ក្រុមហ៊ុន​ផ្សាយ​វិញ ខណៈ​ការប្រកួត​មិនអាច​បញ្ចប់​តាម​កាលវិភាគ​។ លើសពីនេះ បើតាម​ការប៉ាន់ស្មាន ទឹកប្រាក់​ចំនួន ១២៦ លាន​ផោន (១៦១​លាន​ដុល្លារ​) ក៏​អាច​ត្រូវ​បាត់បង់​ផងដែរ​សម្រាប់​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​អំឡុង​ការប្រកួត ដែលមាន​អ្នក​ចូល​ទស្សនា​នោះ​។​
 
​លោក Roger Bell ប្រធាន Vysyble លើកឡើង​ជុំវិញ​ការខាតបង់​ប្រាក់​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​ថា​៖ «​ជំងឺ COVID-19 មិនមែនជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​ហិរញ្ញវត្ថុ​នោះទេ​។ COVID-19 គ្រាន់តែ​ជាការ​បង្កើនល្បឿន​ទៅលើ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លិប​ឲ្យ​មាន​រយៈពេល​កាន់តែ​វែង​»​។ លោក Bell បន្ថែមថា តួលេខ​នៅ​រដូវ​កាល ២០១៨-១៩ គឺជា​លទ្ធផល​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​ជា​រោគសញ្ញា​នៃ​បញ្ហា​ដែល​ឈាន​កាន់តែ​ស៊ីជម្រៅ​។​
 
​ដោយឡែក ថ្លៃឈ្នួល​សម្រាប់​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​ក្លិប​នៅ Premier League បាន​កើន​ឡើងដល់ ៣,១២ ពាន់​លាន​ផោន (​ជិត​៤​ពាន់​លាន​ដុល្លារ​) ឯណោះ​។​
 
​ក្លិប Everton បានប្រកាស​ពី​ការខាតបង់​គួរ​ឲ្យ​ព្រួយបារម្ភ​ចំនួន ១១១​លាន​ផោន (១៤១​លាន​ដុល្លារ​) ស្រប​ពេលដែល​បរាជ័យ​របស់ Chelsea ក្នុងការ​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ Champions League បានធ្វើ​ឲ្យ​ពួកគេ​ខាត​ចំណូល​អស់​៩៦ លាន​ផោន (១២៣​លាន​ដុល្លារ​)៕
 

Tag:
 Premier League
  COVID-19
  Vysyble
© រក្សាសិទ្ធិដោយ thmeythmey.com