ជាតិ
រោងចក្រកាត់ដេរ និងសណ្ឋាគារ២៦ព្យួរការងារ និងប៉ះពាល់ដល់កម្មករជាង៤០០០នាក់ នៅព្រះសីហនុ កម្មកររោងចក្រកំពុងសម្រាកក្រៅម៉ៅងធ្វើការ (រូបតំណាង៖ ប្រភពពីទំព័រសហជីពចលនាកម្មករ)
× ភ្នំពេញ៖ រោងចក្រកាត់ដេរនិងសណ្ឋាគារចំនួន២៦ នៅព្រះសីហនុ កំពុងព្យួរការងារ និងរងផលប៉ះពាល់ដល់កម្មករជាង៤០០០នាក់ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ឃ៉ូវ ខេមរ៉ា។
លោក ឃ៉ូវ ខេមរ៉ា ថ្លែងប្រាប់សារព័ត៌មានថ្មី៌ៗនៅថ្ងៃទី១០ មិថុនានេះថា នៅអំឡុងពេលរីករាលដាលកូវីដ-១៩ មានរោងចក្រកាត់ដេរ៣៨បានព្យួរការងារ ប៉ុន្តែ១៦រោងចក្របានដំណើរការឡើងវិញ។ ចំណែកវិស័យទេសចរណ៍ គឺមានសណ្ឋាគារ៤បានព្យួរការងារ ក្នុងនោះ២កន្លែងបានដាក់ពាក្យព្យួរ និង២កន្លែងទៀត បានចរចាក្រៅផ្លូវជាមួយបុគ្គលិក ដោយផ្ដល់ប្រាក់ឧបត្ថម្ភ៥០ភាគរយ។
ប្រធានមន្ទីរការងារព្រះសីហនុថ្លែងថា៖ «១៦រោងចក្រដែលព្យួរការងារជុំទី១ បានដំណើរការឡើងវិញហើយ នៅតែ២២រោងចក្រ ដែលដាក់ពាក្យព្យួរការងារ។ បើសរុបកម្មកររងផលប៉ះពាល់មានជាង៨០០០នាក់ ។ប៉ុន្តែដោយសារជុំទី១បានដំណើរការឡើងវិញ នៅកម្មករជាង៤០០០នាក់ប៉ុណ្ណោះ ដែលរងផលប៉ះពាល់ ដែលគិតទាំងកម្មករក្នុងវិស័យទេសចរណ៍ព្យួរការងារ៤កន្លែងទៀត»។
ទន្ទឹមនឹងនេះ លោក ឃ៉ូវ ខេមរ៉ា អះអាងថា កម្មករប្រមាណ៤០០០នាក់នេះ គឺមានមួយចំនួនទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងការងារហើយ។
ខេត្តព្រះសីហនុ មានរោងចក្រកាត់ដេរ២១៧ ហើយសហគ្រាសធុនតូចនិងមធ្យម រួមទាំងសិប្បកម្មជាង១១៤៩មូលដ្ឋាន។ រោងចក្រនិងសហគ្រាសជាង១៣០០នេះ មានកម្លាំងពលកម្មប្រមាណ២២០០០នាក់។ រីឯ វិស័យទេសចរណ៍មាន៨៧៧ទីតាំង។ នេះបើតាមរបាយការណ៍ខេត្តព្រះសីហនុ៕
Tag:
រោងចក្រ
ការងារ
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com