កីឡាជាតិ
ជាតិ
លោក អ៊ួ តារា​៖ កីឡាករ​ថ្នាល និង​ជម្រើសជាតិ​មិន​ប្រាកដថា អាច​ក្លាយជា​បេក្ខភាព​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
11, Jun 2020 , 9:19 am        
រូបភាព
លោក អ៊ួ តារា (ឆ្វេង) ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
លោក អ៊ួ តារា (ឆ្វេង) ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
ដោយ:
​កីឡាករ​កីឡាការិនី​ថ្នាល និង​ជម្រើសជាតិ​មិន​ប្រាកដថា​អាច​ក្លាយជា​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ឡើយ​។ ព្រោះ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ចង់​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​មកពី​ក្លិប​សមាគម​តាម​បណ្តា​រាជធានី​ខេត្ត​ដែលមាន​សមត្ថភាព​ផ្សេងៗ​ទៀត​។ ល្បុក្កតោ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ថ្នាក់​ជា​ប្រភេទ​កីឡា​សក្តានុពល ដែល​ត្រៀម​ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

 
​លោក អ៊ួ តារា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​អះអាងថា កីឡាករ​កីឡាការិនី​តាម​បណ្តា​ក្លិប​សមាគម​រាជធានី​ខេត្ត ដែល​ពុំទាន់​ទទួលបាន​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ និង​ថ្នាល សុទ្ធតែ​មានឱកាស​អាច​ក្លាយជា​បេក្ខភាព​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ដ្បិត​សហព័ន្ធ ត្រូវការ​កីឡាករ​កីឡាការិនី​មាន​ទេពកោសល្យ និង​សមត្ថភាព​ជាច្រើនរូប​ទៀត ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។  
 
 
 
«​មិន​ប្រាកដថា កីឡាករ​កីឡាការិនី​ថ្នាល ឬ​ជម្រើសជាតិ​អាច​ជាប់​ជា​បេក្ខភាព​ទៅ​ស៊ី​ហ្គេម​នោះទេ គឺ​យើង​ត្រូវ​ប្រកួតប្រជែង​ជ្រើសរើស​បន្ថែម ដោយសារ​ក្នុងការ​ហ្វឹកហាត់​អ្នកខ្លះ​គាត់​មាន​ទេពកោសល្យ ប៉ុន្តែ​គាត់​អត់​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ពេល​ប្រមូលផ្តុំ​។ យើង​ចង់​ផ្តល់ឱកាស ហើយ​យើង​ចង់ឃើញ ថា​តើ​អ្នកណា​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​បេក្ខភាព​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​»​។ លោក អ៊ួ តារា លើកឡើង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១០ មិថុនា​។    
 
​កង្វះ​ធនធាន​កីឡាករ​ជា​បញ្ហា​មួយ តែ​អ្វី​ដែលជា​ក្តីបារម្ភ​សម្រាប់​សហព័ន្ធ គឺ​កង្វះ​ធនធាន​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​ក្នុង​ការរៀបចំ និង​កាត់ក្តី​ពេល​ប្រកួត​។ ព្រោះ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ភាគច្រើន ពុំមាន​បទពិសោធ​រៀប​ចំការ​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​ការប្រើប្រាស់​ភាសា​អង់គ្លេស​នៅមានកម្រិត​។ 
 
​លោក អ៊ួ តារា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ធនធាន​អាជ្ញាកណ្តាល​ចៅក្រម​ថ្នាក់ជាតិ​អត់​ចោទ​ជា​បញ្ហា​ទេ យើង​មាន​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​។ ប៉ុន្តែ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​បញ្ហា​ប្រឈម​របស់​យើង គឺ​មន្ត្រី​យើង​គាត់​មាន​សមត្ថភាព​អាចធ្វើ​បាន តែមាន​បញ្ហា​ភាសាបរទេស​។ សង្កេតឃើញថា មន្ត្រី​របស់​យើង​ប្រមាណ​ពី​២០​ទៅ​៣០​ភាគរយ​អាច​ប្រើប្រាស់​ភាសា​ទំនាក់ទំនង​ក្នុង​ការងារ​បាន តែ​៧០​ភាគរយ​នៅ​ខ្សោយ​ខាង​ភាសា​»​។  
 
​បើតាម​អគ្គលេខាធិការ​រូបនេះ ការប្រកួត​លក្ខណៈ​អន្តរជាតិ​ត្រូវការ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ពី​៣០​ទៅ​៤០​នាក់ ខណៈ​បច្ចុប្បន្ន​សហព័ន្ធ​មាន​ប្រមាណ​តែ​២០​រូប​តែប៉ុណ្ណោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សហព័ន្ធ នឹង​ស្វែងរក​កីឡាករ​កីឡាការិនី ឬ​គ្រូបង្វឹក​ខ្មែរ​នៅក្រៅ​ប្រទេស ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគេ​។ ម្យ៉ាងទៀត គឺ​ស្វែងរក​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន ដែល​ត្រៀម​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​។ 
 
​សម្រាប់​លោក តារា ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​លើកដំបូង​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​នោះទេ តែ​វា​ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់លាស់​ផងដែរ​។ លោក​រំពឹងថា ល្បុក្កតោ​នឹង​រួមចំណែក​ជួយ​ឲ្យ​កម្ពុជា​រំកិល​ចំណាត់ថ្នាក់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣៕  

Tag:
 គុន​ល្បុក្កតោ​
  អ៊ួ តារា​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com