ជាតិ
សេដ្ឋកិច្ច
កម្ពុជា ត្រៀមនាំចេញអង្ករ៣ម៉ឺនតោន ទៅទីម័រខាងកើតជាលើកដំបូង
10, Jun 2020 , 5:47 pm        
រូបភាព
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
កម្ពុជា ទទួលស្វាគមន៍ការបើករោងចក្រកិនស្រូវនៅកម្ពុជា ពីអ្នកវិនិយោគទីម័រខាងកើត និងត្រៀមនាំចេញអង្ករចេញ៣ម៉ឺនតោន ទៅទីម័រខាងកើតផងដែរ។



លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ចំនួនអង្ករ៣ម៉ឺនតោននេះ កម្ពុជា មានលទ្ធភាពនិងត្រៀមជាស្រេច សម្រាប់ការនាំចេញទៅទីម័រខាងកើត។ លោក មានប្រសាសន៍ថា៖ «កន្លងមកកម្ពុជាមិនធ្លាប់នាំអង្ករទៅកាន់ទីម័រខាងកើតឡើយ»។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានជួយពិភាក្សាជាមួយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ចង់ឲ្យមានការនាំចូលអង្ករកម្ពុជា ទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារ ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើតត្រូវបានដោះស្រាយហើយ។ នេះបើតាមការចេញផ្សារលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

លោកឯកអគ្គរដ្ឋទូត លើកឡើងថា វិស័យប្រេងឥន្ធនៈនៅទីម័រខាងកើតកំពុងត្រូវការកម្មករ។ លោក បញ្ជាក់ថា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះប្រមាណ៣ពាន់កន្លែងដល់កម្ពុជា។ ក្រៅពីនេះ ប្រទេសទីម័រខាងកើត ក៏មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាវិញផងដែរ។

លោក ប៉ាន សូរស័ក្តិ អះអាងថា កម្ពុជា ត្រៀមអង្ករ៣ម៉ឺនតោនរួចជាស្រេច សម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត។ លោក បានស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព ហើយផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។

ជាមួយគ្នាដែរ លោករដ្ឋមន្រី្ត បានស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក ថ្លែង កម្ពុជាស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត ក្នុងការបើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ៕

Tag:
 កម្ពុជា-ទីម័រខាងកើត
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com