COVID-19
អន្តរជាតិ
ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ​សម្រាប់​សិស្ស​ត្រៀមប្រលង​បញ្ចប់
11, Jun 2020 , 11:23 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ដែល​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល​។ រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី លោក Mohd Radzi Jidin បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​១០ ខែមិថុនា​។ ការអនុវត្ត​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​២៤ ខែមិថុនា សម្រាប់​សិស្ស​ដែល​ត្រៀមប្រលង​បញ្ចប់​សិក្សា​ពួកគេ​។ ការសម្រេច​បែបនេះ​ធ្វើ​ឡើងខណៈ COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី​មាន​ភាព​ធូរស្រាល ក្រោយ​បញ្ជា​បិទ​ប្រទេស​ដ៏​តឹងរ៉ឹង​អស់​៣​ខែ​មក​។​

 
​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃទី​១០ ខែមិថុនា លោក​រដ្ឋមន្ត្រី Mohd Radzi Jidin គូសបញ្ជាក់ថា ការបើក​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​១ គឺ​សម្រាប់​សិស្ស​សរុប​ជាង​៥០​ម៉ឺន​នាក់ ដែល​មកពី​សាលារៀន​ជាង​២៥០០​កន្លែង​។ បើតាម​លោក Mohd Radzi សិស្ស​ទាំងនេះ​នឹងត្រូវ​ប្រលង​បញ្ចប់​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel News Asia ។​
 
​លោក​រដ្ឋមន្ត្រី​អប់រំ សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​របស់​ក្រសួង​ដោយ​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​ឡើងវិញ​នេះ គឺធ្វើឡើង​ដោយ​ផ្អែកលើ​ការផ្ដល់​យោបល់​ពី​ក្រសួងសុខាភិបាល និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ម៉ាឡេស៊ី​។  ក៏ប៉ុន្តែ លោក​អះអាងថា ម៉ោង​សិក្សា​ពុំទាន់​សម្រេច​រួចរាល់​នៅឡើយ​ទេ ហើយ​សិស្ស​នឹង​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ក្នុង​ទម្រង់​ជា​ក្រុម ហើយ​មួយ​ថ្នាក់​ច្រើន​បំផុត​គឺមាន​សិស្ស​២០​នាក់​។ 
 
​ម្យ៉ាងវិញទៀត លោក​រដ្ឋមន្ត្រី Mohd Radzi ក៏បាន​លើកឡើង​ពី​សារសំខាន់​នៃ​ការគោរព​វិធាន​សុខាភិបាល​ដើម្បី​ចៀសវាង​ការផ្ទុះ​រាលដាល​ជាថ្មី​នៃ​ករណី​ឆ្លង COVID-19 ។ ត្រង់នេះ លោក​និយាយ​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា អាណាព្យាបាល និង​ឪពុកម្ដាយ នឹង​ធានា​កូនៗ​ពួកគេ​មាន​សុខភាព​ល្អ មុននឹង​បញ្ចូល​ពួកគេ​មកកាន់​ថ្នាក់រៀន​»​។ លោក បន្តថា គ្រូៗ​នឹងត្រូវ​ត្រួតពិនិត្យ​រាល់​សិស្ស​ទាំងអស់​ដែល​ចូលក្នុង​បរិវេណ​ថ្នាក់រៀន ហើយ​សិស្ស​ដែលមាន​ក​ម្ពៅ​លើស​៣៧,៥​អង្សា ឬ​មាន​រោគសញ្ញា​ផ្ដាសាយ នឹងត្រូវ​បញ្ជូនទៅ​ផ្ទះ​វិញ​ភ្លាមៗ​។​
 
​សម្រាប់​សិស្ស​កម្រិត​អប់រំ​ដទៃទៀត កាលបរិច្ឆេទ​បើក​សាលារៀន​ជាថ្មី ពុំទាន់​ត្រូវ​កំណត់​នៅឡើយ​ទេ​។ រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ការប្រកាស នឹងត្រូវ​ធ្វើឡើង​យ៉ាងហោចណាស់​២​សប្តាហ៍​មុនពេល​កំណត់​ឲ្យ​ចូល​អង្គុយ​ក្នុង​បន្ទប់រៀន​វិញ ហើយ​ខណៈ​នេះ សិស្ស​នឹង​បន្ត​សិក្សា​តាម​អន​ឡាញ​ដដែល​។​
 
​សិស្ស​ម៉ាឡេស៊ី ខកខាន​ចូល​អង្គុយ​ក្នុង​ថ្នាក់រៀន​បាន ចាប់តាំងពី​រដ្ឋាភិបាល​ដាក់ចេញ​បញ្ជា​បិទ​ប្រ​ទស កាលពី​ថ្ងៃទី​១៨ ខែមីនា មក​។ ក៏ប៉ុន្តែ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត COVID-19 ចាប់ពី​ថ្ងៃទី ១០ ខែមិថុនា ក្រោយ​រដ្ឋាភិបាល​បានប្រកាសថា ការ​រាលដាល​ជំងឺ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។​
 
​គិត​ត្រឹម​ថ្ងៃទី ១១ ខែមិថុនា ម៉ាឡេស៊ី​រាយការណ៍​ករណី​ឆ្លង​COVID-19​សរុប ៨៣៣៨​ករណី ក្នុងនោះ​ជាសះស្បើយ ៧០១៤​នាក់ ខណៈ​អ្នក​ស្លាប់មាន ១១៧​នាក់​។ កាលពី​ថ្ងៃទី​១០ ខែមិថុនា ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​២​ថ្មី ហើយ​នេះ​ជា​ថ្ងៃទី​៣​ជាប់​គ្នា​ហើយ​ដែលមាន​តួលេខ​ឆ្លង​ទាប​៕
 
 

Tag:
 ម៉ាឡេស៊ី​
  សាលារៀន​
  អប់រំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com