ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
នៅ​ខេត្តព្រះវិហារ មាន​ត្មាត​ត្នោត​២២​ក្បាល ​ត្មាតផេះ​៩​ក្បាល និងត្មាតភ្លើង​៣​ក្បាល​
11, Jun 2020 , 1:56 pm        
រូបភាព
​បច្ចុប្បន្ន សត្វ​«​ត្មាត​»​ដែល​រស់នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ នៅសល់​ត្រឹម​៣៤​ក្បាល​ប៉ុណ្ណោះ ក្នុងនោះ​សត្វ​ត្មាតផេះ​មាន ៩​ក្បាល​,  ត្មាតភ្លើង មាន​៣​ក្បាល និង​ត្មាត​ត្នោត​មាន​២២​ក្បាល​។ នេះ​បើ​យោងតាម​ទិន្ននៃ​ការធ្វើជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២០ នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​ក្រសួងបរិស្ថាន​។ ចំនួន​សត្វ​ត្មាត​ដែល​នៅ​សេសសល់​ក្នុង​តំបន់​នេះ គឺ​បាន​បាត់​បង់អស់​១០​ក្បាល បើ​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​៤៤​ក្បាល​។​



​ការចូលរួម​ធ្វើ​ជំរឿន​សត្វ​ត្មាត ជាមួយ​អង្គការ WCS នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០ តាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា  មូល​ហេតុដែល​ធ្វើឱ្យ​សត្វ​ត្មាត​បាត់បង់​នោះ គឺ​ដោយសារតែ​មានការ​បំពុល​ពី​មនុស្ស ការបាត់បង់​ជម្រក និង​ការខ្វះ​អាហារ​សម្រាប់​សត្វ​ត្មាត​នៅក្នុង​ព្រៃ​តាមរយៈ​មនុស្ស​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​ជាដើម​។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កំពុងផ្ដល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មានដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី ១០ មិថុនា ឆ្នាំ២០២០

​វត្តមាន​សត្វ​ត្មាត​នៅ​កម្ពុជា​គឺជា​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ហើយ​ដើម្បី​អភិរក្ស​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ  តាមរយៈ​គម្រោង​សហ​ប្រ​ត្ត​ប​ត្តិ​ការ​ជាមួយ​អង្គការ​WCS ដែលមាន​ការគាំទ្រ​ថវិកា​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​នោះ  ក្រសួងបរិស្ថាន​បាន​អនុវត្ត​សកម្មភាព​ការពារ​សត្វ​ត្មាត​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ទឹកដី​កម្ពុជា ដោយមាន​ការផ្តល់​ចំណី​បន្ថែម​(​សាក​សព្វ​គោ​យ៉ាង​២​ក្បាល​ក្នុង​មួយខែ ទៅតាម​អាហារ​សត្វ​ត្មាត​នីមួយៗ​) ការការពារ​សំបុក​ពង​កូន និង​បង្កើន​ការយល់ដឹង​ឱ្យ​កាន់​ត​ស៊ីជម្រៅ ដល់​ប្រជា​សហគមន៍​នៅតាម​តំបន់​នីមួយៗ​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា ដោយបាន​បញ្ជាក់ ថា ថ្វី​ដ្បិត​សត្វ​ត្មាត​នៅក្នុង​ខេត្តព្រះវិហារ​នេះ​ធ្លាក់ចុះ ប៉ុន្តែ​មិនទាន់​កំណត់​បាន​នៅឡើយ​ថា​ចំនួន សត្វ​ត្មាត​នៅ​កម្ពុជា​ទាំងមូល មានការ​ធ្លាក់ចុះ ឬ​កើនឡើង ដោយ​រងចាំ​លទ្ធ​ជំរឿន​សត្វ​ត្មាត​នៅ​កម្ពុជា ៤​ទីតាំង​ក្នុង​ខេត្ត​ផ្សេងទៀត​សិន​។


សត្វត្មាតកំពុងស៊ីសាកសពគោនៅអាហារដ្ឋានត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែបក្នុងស្រុក​ឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១០ មិថុនា ឆ្នាំ២០២០

​សត្វ​ត្មាត​ដែលមាន​វត្ត​មាននៅ​៤​ទីតាំង​ទៀត​នោះ មាននៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ និង​នៅ​ស្រែ​អង្ក្រង​ក្នុង​តំបន់​សេ​សាន ខេត្តស្ទឹងត្រែង​, មាននៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី  និង​ដែនជម្រកសត្វព្រៃ​លំផាត់​នៅក្នុង​ភូមិសាស្ត្រ ខេត្តរតនគិរី​។​

​លោក នេត្រ ភ​ក្រា្ត បាន​បញ្ជាក់ថា ការ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស​កម្ពុជា  គឺមាន​សរុប​១៣៧​ក្បាល  ហើយ​ខេត្ត​ដែលមាន​សត្វ​ត្មាត​រស់នៅ​ច្រើនជាងគេ គឺ​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​៕


Tag:
 ត្មាត​
  ជំរឿន​
  WCS
  នេត្រ ភក្ត្រា​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com