កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក​លុប​ការហាម​កីឡាករ​លុតជង្គង់​ពេល​គោរព​ភ្លេងជាតិ​វិញ ក្រោយ​ការស្លាប់​របស់ George Floyd
11, Jun 2020 , 2:08 pm        
រូបភាព
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិអាមេរិក អំឡុងពេលគោរពភ្លេងជាតិមុនការប្រកួតឆ្នាំ២០១៦
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិអាមេរិក អំឡុងពេលគោរពភ្លេងជាតិមុនការប្រកួតឆ្នាំ២០១៦
​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក (USSF) នៅ​ថ្ងៃទី​១០ មិថុនា បានសម្រេច​លុបចោល​កា​រហាម​ប្រាម​មិន​ឲ្យ​កីឡាករ កីឡាការិនី​លុតជង្គង់​អំឡុងពេល​គោរព​ភ្លេងជាតិ​។ ការដក​បម្រាម​នេះ បន្ទាប់ពី​មើលឃើញថា វា​ផ្ទុយ​នឹង​ចលនា Black Lives Matter ដែលជា​ចលនា​គាំទ្រ​ឲ្យ​មានការ​ផ្តល់​ការគិតគូ​លើ «​បញ្ហា​រស់នៅ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​» ក្រោយ​ការស្លាប់​របស់ George Floyd​។​



​បម្រាម​មិន​ឲ្យ​លុតជង្គង់​នេះ ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អាមេរិក Megan Rapinoe បាន​លុតជង្គង់​អំឡុងពេល​គោរព​ភ្លេងជាតិ​មុន​ការប្រកួត​នៅ​ឆ្នាំ ២០១៦​។ ការ​លុតជង្គង់​របស់ Rapinoe ជាការ​បង្ហាញ​ការយកចិត្តទុកដាក់​ចំពោះ​ភាពអយុត្តិធម៌​ជុំវិញ​ការរើសអើង​ពូជសាសន៍ ខណៈ​សកម្មភាព​នេះ ក៏មាន​ការចូលរួម​សាមគ្គី​ពី​សំណាក់​កីឡាករ​បាល់ឱប Colin Kaepernick របស់​ក្រុម Quarterback NFL ផងដែរ​។​
 
USSF បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ជុំវិញ​ការដក​បម្រាម​នេះ​វិញ​ថា​៖ «​យើង​សូម​អភ័យទោស​ដល់​កីឡាករ​របស់​យើង​ជាពិសេស​កីឡាករ​ស្បែក​ខ្មៅ បុគ្គលិក អ្នកគាំទ្រ និង​អ្នក​ទាំងអស់គ្នា​ដែល​គាំទ្រ​ការលុបបំបាត់​ការរើសអើង​ជាតិ​សាសន៍​។ កីឡា ជា​វេទិកា​មួយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ភាពល្អ ហើយ​ទទួលស្គាល់ថា យើង​មិនទាន់បាន​ប្រើប្រាស់​វេទិកា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ដូចដែល​យើង​គួរតែមាន​នៅឡើយ​នោះទេ​។ យើង​អាច​ធ្វើបាន​កាន់តែច្រើន​លើ​បញ្ហា​ទាំងនេះ ហើយ​យើង​នឹងធ្វើ​ឲ្យ​បាន​»​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​មួយ​នេះ​បន្ថែមថា នេះ​ជាការ​ឆ្ពោះទៅមុខ ដោយ​អាស្រ័យ​លើ​កីឡាករ កីឡាការិនី​ក្នុងការ​កំណត់ថា​តើ​ពួកគេ​ចង់​ប្រើ​វេទិកា​របស់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ និង​ភាពមិន​ស្មើគ្នា​នេះ​ឬទេ​។​
 
​បញ្ហា​ចម្រូងចម្រាស​អំពី​ការរើសអើង បាន​វិលត្រឡប់​មករក​ភាព​តានតឹង​វិញ​បន្ទាប់ពី​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​នៅ​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក​។ អ្នក​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើង និង​បន្ត​រីក​រាលដាល​ជុំវិញ​ពិភពលោក​ជាពិសេស​នៅ​ទឹកដី​អាមេរិក​តែម្តង​។​
 
​ជុំវិញ​ការដាក់​បម្រាម​មិន​ឲ្យ​លុតជង្គង់​ខាងលើនេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ធ្លាប់ជា​អ្នកផ្តល់​សំឡេងគាំទ្រ​ខ្លាំង​បំផុត​ដោយ​អះអាងថា ទង្វើ​របស់​កីឡាករ កីឡាការិនី​បែបនេះ គឺ​មិន​គោរព​ប្រទេស និង​ទង់ជាតិ​របស់​ខ្លួ​ង​ឯង​៕
 

Tag:
 USSF
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com